កាលខ្ញុំអានគតិលោក របស់លោកអុញ៉ាសុតន្ដ ប្រីជាអិន្ដ មុនដំបូង ខ្ញុំឃើញមាននិទាន និង សុភាសិតជាកាព្យមាន រសជាតិផ្អែមល្ហែមចាប់ចិត្ដចាប់ថ្លើម នាំអោយនឹកស្ងើចស្នាដៃលោក និង ទឹកចិត្ដលោកពេញដោយមេត្តាករុណាដ៏ធ្ងន់ជ្រាលជ្រៅ ខ្ញុំយល់ថាលោកមិនមែនត្រឹមតែជាអ្នកកវីអែកប៉ុណ្ណោះទេ លោកជាអ្នកប្រាជ្ញ។
សីលធម៌ និងទស្សនវិជ្ជាផង តមកមិនយូរប៉ុន្មាន ខ្ញុំបានអានហិតោបទេស បណ្ឌិតអារាយណៈទៀត ខ្ញុំឃើញសីលធម៌ និង អរិយធម៌ខ្ពង់ខ្ពស់វិសេសក្រៃលែងទៅទៀត ខ្ញុំគិតថាធ្វើដូចម្ដេចហ្ន៎ នឹងមានលោកណាប្រែជាភាសាខ្មែរ ទុកជាសម្បត្ដិទិព្វវិសេស សំរាប់ជនជាតិខ្មែរ? តាំងពីកាលនោះច្រើនឆ្នាំ បញ្ចតន្រ្ដៈ ជាប្រភពហិតោបទេស និង រឿងរ៉ាវទាំងឡាយក្នុងពិភព លោកធ្លាក់មកលើដៃខ្ញុំទៀត ដូចជាទេពតាប្រទាន ខ្ញុំអានហើយអានទៀត ជាប់ចិត្ដស្អិតចំពោះអរិយធម៌នេះមានបីតិបាមោជ្ជឆ្អែតកាយឆ្អែតចិត្ដ ហាក់ដូចជាបានក្រេបផឹកទឹកអំរឹត ហើយសរសើរភ័ព្វសំណាងខ្ញុំដែលកើតមកក្នុងសម័យវិបត្ដិអក្សរសាស្រ្ដខ្មែរ បានជួបប្រទះកិច្ចការស្នាដៃសំខាន់បែបនេះ ខ្ញុំនឹកដល់លោកឃើត្ថកវីជាតិអាល្លឺម៉ងដ៍ ដែលបានក្រេបរសជាតិកាព្យសកុន្ដលា ជាបទល្ខោនកវីកទាសៈ ជាតិអិណ្ឌាមុនដំបូង លោកលុតជង្គង់ចុះដល់ដីលើក ដៃសំពះប្រណម្យទៅលើ អរគុណចំពោះទេព្ដា ដែលបានទុកអាយុអោយលោក រហូតដល់បានអានរឿងវិសេសនេះ។ មិនតែប៉ុណ្ណោះទេ អក្សរសាស្រ្ដសំស្រ្ដឹតផ្នែកពុទ្ធសាសនាក្ដីផ្នែកសាសនាព្រាហ្មណ៍ក្ដី រឺ ផ្នែកអែទៀតក្ដី សុទ្ធសឹងប្រកបដោយលំអគួរស្ងើចជាទីបំផុត។ រឿងនេះជាដើម ហេតុនាំអោយខ្ញុំតាំងចិត្ដមាំថា ដរាបណាខ្ញុំមិនទាន់អស់ជីវិតទេ ដរាបនោះ ខ្ញុំនឹងប្រែហិតោបទេស និងបញ្ចតន្រ្ដៈភាសាសំស្រ្កឹតនេះ មកជាភាសាខ្មែរទុកជាប្រយោជន៍ដល់ជនានុជន ទាំងឡាយ តាមកម្លាំងដែលខ្ញុំអាចធ្វើបាន។
ការប្រែគម្ពីរដីកាក្បួនខ្នាត ជាអរិយធម៌អិណ្ឌាមកជាភាសាខ្មែរទុកថាជាការប្លែកក៏ពុំមែន រឺទុកថាជាការមិនប្លែក ក៏ពុំមែនដែរ។ ព្រះបាទកៅណ្ឌិណ្យៈជាក្សត្រសម័យក្រុងភ្នំ (Founan) ជាជាតិអិណ្ឌាបាននាំអរិយធម៌មកកាន់ប្រទេសកម្ពុជាមុនដំបូងរវាងខាងចុងសតវត្សរ៍ទី២ នៃគ្រឹស្ដសករាជ។ ចាប់ពីសម័យនោះ មកអរិយធម៌អិណ្ឌា ហូរចូលមកកាន់ប្រទេសកម្ពុជាអិតអាក់ រហូតដល់បច្ចុប្បន្នកាលនេះ មានគោល គឺសាសនាព្រាហ្មណ៍ មានគម្ពីរត្រៃវេទ គម្ពីរអុបនិស័ទ គម្ពីរហិរវង្ស គម្ពីរបុរាណរឿងរាមកេរ្ដិ៍ រឿងមហាភារតៈ និងពុទ្ធសាសនា មានគម្ពីរព្រះត្រៃបិដកជាដើម តែគម្ពីរដីកា និង ទំនៀមទំលាប់សាសនាព្រាហ្មណ៍អស់នោះ កប់បាត់នៅក្រោមប្រាសាទបុរាណទាំងឡាយស្ទើរតែអស់ហើយ នៅសល់តែពុទ្ធសាសនា ដែលហូរចូលមកក្រោយគេ។ អរិយធម៌អស់នេះ មិនមែនជាអាថិកំបាំងអ្វីសោះ កាលបើយើងបើកភ្នែកក្រឡេកមើលទៅលើទំព័រប្រវត្ដិសាស្រ្ដសាកល ដែលអ្នកប្រាជ្ញទាំងឡាយបានចារឹកទុកមក។ ដើម្បីបញ្ជាក់សេចក្ដីពិតនេះ លោកស៊ីស្វាំង ឡេវិសសរសេរថា ប្រទេសអិណ្ឌាជាដើមមេគំនិតប្រាជ្ញា មេដើមរឿងនិទានផ្សេងៗ មេជំនឿសាសនា មេទស្សនវិជ្ជា មេច្បាប់ និង មេការរចនាទ្វីបអាស៊ីអស់ភាគ៣ក្នុង៤។ លោកសឺដែស សរសេរថា អ្នកប្រាជ្ញប្រទេសអិណ្ឌាភ្លេចសូន្យឈឹង មិនដឹងជាវប្បធម៌ខ្លួនផ្សាយទៅកាន់ប្រទេសអាស៊ីភាគខាងកើត និងកាគអគ្នេយ៍ រហូតមកដល់កាលអីលូវនេះ អ្នកប្រាជ្ញអិណ្ឌាខ្លះ ចេះបារាំង និង ចេះហុលងដ៍ទៅស្វះស្វែង រកប្រភពប្រវត្ដិអស់នេះ ចេញពីមហាវិទ្យាល័យក្រុងបារីស និង ឡីដ៏ ហើយពោលថា មហាប្រទេសអិណ្ឌា (Greater India)។
- ហិតោបទេសនេះប្រែថា ការប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ រឺការដឹកនាំជនានុជនអោយបានប្រយោជន៍នៅនាលោកីយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុជនទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៏សឹងបាន ជាគម្ពីរចាស់បុរាណមានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែ ស្ទើរគ្រប់ភាសាក្នុងសាកលលោក ទោះជាអាស៊ី រឺ អឺរុប គេទុកជាលោកនីតិ រឺ គតិលោកមួយដ៍សំខាន់។ ហិតោបទេសជាភាសាសំស្រ្ដឹតនេះមាន៤ប្រការគឺ៖
- ១ – សេចក្ដីជ្រាលជ្រៅទន់ផ្អែម
- ២ – ប្រើពាក្យពេចន៍លែបខាយល្អស្រស់
- ៣ – ជើងកាព្យណែងណង
- ៤ – រឿងរ៉ាវទាក់ទងគ្នារដឹកដូចរឿង ១០០១យប់។បើនរជនណាបានអានហើយ នរជននោះជាប់ចិត្ដនឹកស្ងើចសរសើរជពា្ជក់មាត់ ចង់មើលចង់អាន និង នឹកដល់អ្នកនិពន្ធដើម ស្ងើចសរសើរស្នាដៃ និង ចិត្ដប្រកបដោយមេត្តាក្រាលទៅគ្របដណ្ដប់សព្វសត្វទាំងឡាយ។
លោកល្លូល័ល្ល បណ្ឌិតអិណ្ឌាជាតិព្រាហ្មណ៍ សរសេរទុកថា ហិតោបទេសនេះលោកនារាយណៈមហាបណ្ឌិតអិណ្ឌា រៀបរៀងឡើងដកស្រង់ពីគម្ពីរឈ្មោះបញ្ចតន្រ្ដៈ និង គម្ពីរផ្សេងៗទៀត ដូចសេចក្ដីដែលបណ្ឌិតនារាយណៈ បានពោលទុកក្នុងអារម្ភបទលោកស្រាប់។ ផ្ទៃសេចក្ដីហិតោបទេសនេះ បើតាមការសង្កេតមើល ឃើញមានទំនងស្រប ទៅខាងពុទ្ធសាសនាដោយច្រើន ដូចសេចក្ដីយល់នៃលោកបេន ហ្វៃ បណ្ឌិតអង់គ្លេសថា ហិតោបទេសនេះ គង់អាស្រ័យគោលពុទ្ធសាសនាផ្សំផងដែរ។ តាមសេចក្ដីគ្នេរគ្នាន់អ្នកប្រាជ្ញពង្សាវតារ លោកសរសេរថា ហិតោបទេស ភាសាសំស្រ្កឹត កើតឡើងសតវត្សទី១០ នៃពុទ្ធសករាជ សតវត្សទី៥ នៃគ.ស ហើយចំលងតគ្នាទៅស្ទើរតែគ្រប់ភាសាប្រទេសអិណ្ឌា មានភាសាបេង្គ័លមហរ័តជាដើម តែដែលសំខាន់ជាងគេនោះ គឺរបស់បណ្ឌិត លល្លូ ល័ល្ល ជាភាសាក្រ័ជកាខាឈ្មោះរាជនីតិ។ តពីប្រទេសអិណ្ឌាទៅទៀត គេប្រែជាភាសាបេហ្លីរវាងសតវត្សទី១១ នៃពុទ្ធសករាជ (សតវត្សទី៦នៃគ.ស) ពីភាសាបេហ្លី ជាភាសាអារ៉ាប់រវាងសតវត្សទី១៤ នៃពុទ្ធសករាជ (សតវត្សទី៨ នៃគ.ស) ប្រែពីអារ៉ាប់ទៅភាសាហិបរូ (ជ្វិហ្វ) ប្រែពីភាសាហិបរូទៅជាភាសាក្រឹក ទៅជាភាសាធំៗ ក្នុងទ្វីបអឺរុបមានភាសាអាល្លឺមង់ អង់គ្លេស និង បារាំងជាដើម។ ខ្ញុំសូមអភ័យទោសដោយខ្ញុំមិនបានលើកយកឈ្មោះអ្នកប្រែទាំងអស់មកចារឹកទុកក្នុងទីនេះទេ យកតែគោលខ្លះ ល្មមអោយដឹងដំណើរសេចក្ដីដូចតទៅនេះ៖
ក្នុងសតវត្សទី២៣ នៃពុទ្ធសករាជ (សតវត្សទី១៧ គ.ស) បណ្ឌិតអិស្លាមជាតិ បារសី (បៀរស៍) ឈ្មោះតាជអែទឌិត បានប្រែជាភាសាបៀរស៍អោយឈ្មោះថា មហ្វោររឹហ៍អលកូលូព ប្រែថាគម្ពីរបញ្ជើតចិត្ដអោយរីករាយ តែជាធម្មតាអ្នកកាន់សាសនាអិស្លាម កាលប្រែនោះគេបំប្លែងសេចក្ដីដើមជាលទ្ធិសាសនាព្រាហ្មណ៍ អោយមានទំនងទៅជាលទ្ធិអិស្លាមទាំងអស់។ អែសេចក្ដីប្រែ របស់បណ្ឌិត តាជអែទឌិន នេះត្រូវបណ្ឌិតអិណ្ឌាឈ្មោះមីរពហាឌួរអាលី ហូសៃនី ប្រែត្រលប់ជាភាសាអិណ្ឌូស្ថានីវិញ កាលព.ស ២៣៤៥( គ.ស ១៨០២) បោះពុម្ពនៅក្រុងកល្លកត្ដា អោយឈ្មោះថាអក្លាគ អិហិណ្ឌិ ប្រែថា សីលធម៌អិណ្ឌា។ អែសេចក្ដីប្រែជាភាសាទ្វីបអឺរ៉ុបមុនដំបូង ច្រើនមានសេចក្ដីឃ្លៀងឃ្លាតពីសៀវភៅដើមដោយច្រើន ព្រោះកាលនោះ ការចេះដឹងភាសាសំស្រ្ដឹត នៅទ្វីបអឺរ៉ុបពុំទាន់មានបរិបូណ៌ ក្នុង ព.ស ២៣៥៧ (គ.ស១៨៤៤) ទើបលោក ម៉ាក់មុល្លើបណ្ឌិតអាល្លឺមង់ ប្រែបានត្រឹមត្រូវតាមសៀវភៅដើម។ កាលព.ស១៣៩១ គ.ស ១៩៤៩ លោកហ្រ្វង្សីសជនសុង បណ្ឌិតអង់គ្លេស ប្រែជាភាសាអង់គ្លេសក្នុងព.ស ២៣៤៩ គ.ស១៨៥១ លោកដេម៉េត្រិយ៉ូស គាឡាណូស ជាតិក្រិកនៅក្រុងអាថែន ប្រែជាភាសាក្រឹក លោកនេះបានចូលទៅនៅប្រទេសអិណ្ឌាតាំងពីកាលព.ស២៣២៩ គ.ស១៧៨៦ ដល់ព.ស២៣៧៦ គ.ស១៨៣៣។ ក្នុងព.ស២៣៩៨ គស. ១៨៥៥ លោកអេឌូអាដ ឡង់សឺរូ ប្រែជាភាសាបារាំង ក្នុងបណ្ណាល័យ អែលសេវិរីយែនដឺបស៊ានេត Bidliathe- queelzévirienne de P.jannet។ ក្នុង ព.ស២៤៦២ គ.ស១៩២១ លោកនាគប្រទីប បណ្ឌិតសៀម ប្រែជាភាសាសៀម។
- ដើម្បីអោយស្រួលទៅតាមទំនងភាសាខ្លួន ហិតោបទេសជាសំស្រ្ដឹតបោះពុម្ពផ្សេងគ្នាក្ដី សេចក្ដីប្រែគ្រប់ជាតិភាសាក្នុងសាកលលោកក្ដី តែងមានសេចក្ដីខ្វះខាតលើសលស់គ្នាខ្លះដោយអន្លើ ដោយការបន្ថែមបន្ថយទៅតាមអត្ដនោម័តិ ពុំនោះក្លាយទៅជាសុភាសិត រឺរឿងនិទានជាតិភាសានោះៗសុទ្ធសាធ ដូចកាព្យលោកឡាហ្វុងតែន បណ្ឌិតបារាំងជាអុទាហរណ៍ សេចក្ដីពិត ហិតោបទេសនេះ គឺបញ្ចតន្រ្ដ:ត្រង់តែម្ដងដោយគ្រាន់តែបំព្រួញមកនៅ ត្រឹមតែ៤ភាគគឺ៖
- ១ – មិត្រលាភ ការគប់មិត្ដ
- ២ – សុហរិទ្ភេទ ការបំបែកមិត្ដ
- ៣ – វិគ្រហៈ សង្រ្គាម
- ៤ – សន្ធិ សន្ដិភាព
អែបពា្ចតន្រ្ដៈមាន៥ភាគ បញ្ច=ប្រាំ តន្រ្ដៈ=ច្បាប់ ច្បាប់ប្រាំប្រការ។ ខ្ញុំប្រែជាភាសាខ្មែរនេះ ក្នុងមួយភាគពុម្ពជាសៀវភៅមួយរហូតគ្រប់ទាំង៤ភាគ។ ហិតោបទេសដែលខ្ញុំប្រែនេះ ខ្ញុំប្រែត្រង់តាមច្បាប់ភាសាសំស្រ្ដឹតនារាយបណ្ឌិតដែលលោក កាសីនាថបាណ្ឌុរង្គបរ័ព បោះពុម្ពលើកទី១០ កែតំរូវដោយលោក វាសុទេវ លក្សមណៈសាស្រ្ដីបាង្សកី ការបោះពុម្ពផ្សាយដោយលោកបាណ្ឌុ រង្គជាវជី ម្ចាស់រោងពុម្ព និយមសាគ័រ នៅក្រុងបុំបៃ គ.ស១៩២១។ កាលប្រែខ្ញុំរកកលនឹងប្រែផ្ដិត មិនបានបន្ថែម សេចក្ដីអោយឃ្លាតឆ្ងាយច្បាប់ដើមពេកទេ គ្រាន់តែសំរួលទៅតាមភាសាខ្មែរប៉ុណ្ណោះ ព្រោះចង់រក្សារសជាតិលំ នាំភាសាសំស្រ្កឹតអោយគង់នៅ តែទោះជាខិតខំប្រិតប្រៀនយ៉ាងណា ខ្ញុំនៅតែមានភ័យក្នុង រឿងនេះមិនអស់មិនហើយ ព្រោះការប្រែភាសាមួយទៅភាសាមួយ តែងមានការឃ្លៀងឃ្លាតរអៀងសេចក្ដីគ្នា ដែលជាទោសគេចពុំរួច ណាមួយវិជ្ជាអក្សរសាស្រ្ដខ្មែររបស់ខ្ញុំនៅទន់ខ្ចីពេក មិនអាចឈោងចាប់សំនួនវោហារពាក្យមួយមាត់ៗ នៃអក្សរសាស្រ្ដសំស្រ្កឹតយកមកប្រែជាពាក្យខ្មែរអោយបានច្បាស់លាស់ដូចសេចក្ដីដើមបាន ហើយជាការលំបាកលើស សមត្ថភាពរបស់ខ្ញុំផង។
ដើម្បីជាគ្រឿងណែនាំអោយទូលាយគំនិត ខ្ញុំបានយកហិតោបទេសច្បាប់ប្រែជាភាសាសៀមរបស់លោកនាគប្រទីប រោងពុម្ពសមុទថៃខែតុលា ព.ស ២៤៦៤ និង ហិតោបទេសច្បាប់ប្រែភាសាបារាំង របស់លោកអេឌូអារដ៍ ឡង់សឺរូ រោងពុម្ពមេស៊ននើវគ.ស១៨៨២។ ខ្ញុំបានធ្វើន័យលក្ខណៈខ្លះប្រាប់សេចក្ដីប្លែកគ្នាចំ ពោះសុភាសិតដែលមានប្រយោជន៍ គួរអោយដឹងហើយបំព្រួញនាមលោកអេឌូអារដ៍ ឡង់សឺរូ ថា ឡង់សឺរូ នាមលោកសេដ្ឋីរយកោសេសនាគប្រទីបថា នាគប្រទីប សូម្បីខ្ញុំខំប្រឹងប្រែងកុំអោយមានការភ្លាំងភ្លាត់ ការប្រែនេះ នៅតែមានការខុសឆ្គាំឆ្គងតក់សេចក្ដីរឺទោសអ្វីមួយ ដែលហួសកំលាំងសតិបញ្ញាសេចក្ដីព្យាយាមខ្ញុំ ថាបើមានធម្មតា គង់អភ័យទោសអោយបច្ឆាជន ជាអ្នកប្រាជ្ញភាសាសំស្រ្កឹតអានាគត និងជាភាជនៈ ទទួលត្រង់នូវកេរ្ដិ៍មត៌ក គឺភ្លាំងភ្លាត់ខុសរបស់ខ្ញុំ ក្នុងការប្រែច្បាប់នេះ ហើយនឹងកែសំរួលអោយបានត្រឹមត្រូវល្អឡើង ទុកជាហិតានុហិតដល់បងប្អូនរួមជាតិតទៅ
សេចក្ដីប្រែនេះ ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំឆ្លូវអែកស័ក ព.ស ២៤៩២។ ខ្ញុំមានអំណរយ៉ាងក្រៃលែង ចំពោះលោកគ្រូព្រះទេពសត្ថា សូរហាយ ក្រុមជំនុំព្រះត្រៃបិដក និង ព្រះគ្រូមុនីសោភ័ណលេខ នាង សាស្រ្ដាចារ្យសាលាបាលីជាន់ខ្ពស់ ដែលជួយអោយន័យក្នុងការប្រែ។ ខ្ញុំសូមអរគុណលោក ព្រះបា ឡាត់ពោធិរាម ជា ឆាយ សាស្រ្ដាចារ្យសាលាបាលីជាន់ខ្ពស់ ដែលពេញចិត្ដ នឹង ភាសាសំស្រ្កឹតដូចខ្ញុំដែរ ព្រមទាំង សហការីទាំងឡាយ ដែលបានយកព្រះទ័យទុកដាក់ជួយសរសេរជួយកែតម្រង់ជំនួសខ្លួនខ្ញុំ។ សូមអរគុណលោក ជុំទួត ទីប្រឹក្សាព្រះរាជអាណាចក្រ ដែលស្រលាញ់ការនេះ ហើយបានអារាធនា សូមអោយប្រែហិតោបទេសនេះយក ទៅបោះពុម្ពផ្សាយដល់សាធារណជន។ខ្ញុំសូមអោយប្រជាជនខ្មែរបានប្រកបដោយសេចក្ដីសុខចំរើនគ្រប់ប្រការ! ។
វត្តឧណ្ណាលោមនៅថ្ងៃ ៣ ᧶ ១០ (ថ្ងៃពុធ ៦ រោចខែភទ្របទ) ឆ្នាំឆ្លូវអែកសក ព.ស២៤៩២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា គ.ស ១៩៤៩
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
Leave a comment