កាលនោះ មហាបណ្ឌិតវិសណុសម័ន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយ ដែលប្រថាប់នៅក្នុងទីចំពោះមុខដោយ សេចក្ដីសុខសំរាន្ដលើផ្ទៃនៃប្រាសាទ ដោយស្លោកដូច្នេះថា៖១ – អ្នកប្រាជ្ញតែងប្រើកាលវេលាអោយប្រព្រឹត្ដទៅដោយការកំសាន្ដកាព្យសាស្រ្ដ មនុស្សល្ងង់តែងប្រើកាលវេលា អោយប្រព្រឹត្ដទៅដោយការប្រព្រិត្ដិសេចក្ដីវិនាសដោយការដេក និង ដោយការឈ្លោះទាស់ទែង។ ព្រោះហេតុនោះទូលព្រះបង្គំ នឹង ពោលកថាដ៏វិចិត្រ មានរឿងក្អែក និង អណ្ដើកជាដើមចម ទុកជាព្រះសណ្ដាប់ដើម្បីកំសាន្ដព្រះហរិទ័យនៃទ្រង់ទាំងឡាយ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបថា បពិតលោកអាយិៈ! សូមលោកមេត្តារាយ រឿងនោះៗ អោយទានស្ដាប់។ បណ្ឌិតវិសណុសម័នពោលពាក្យដាស់តឿនថា «បើដូច្នោះ សូមទ្រង់តាំងព្រះទ័យស្ដាប់ចុះ ការគប់មិត្រនេះនឹងផ្ដើមពោលអីលូវនេះដូចមានស្លោកទុកជាខាងដើមថា៖២ – អ្នកប្រាជ្ញមានចិត្ដល្អ សូម្បីខ្សត់ទ្រព្យហើយអិតកម្លាំង ក៏អាចជួយកែខៃអោយសំរេចប្រយោជន៍បានដោយរួសរាន់ ដូចរឿងក្អែក អណ្ដើក និងកណ្ដុរ។ ព្រះរាជបុត្រទាំងឡាយសួរថា «រឿងនោះតើដូចម្ដេច?» បណ្ឌិតវិសណុសម័នក្រាបទូលថា៖
រឿងក្អែក អណ្ដើក និង កណ្ដុរ
នៅលើត្រើយស្ទឹងគោទាវរី មានជ្រៃមួយដើមធំត្រសុំមែកសាខា មែកត្រឈឹងត្រឈៃ។ ពួកហ្វូងបក្សីផ្សេងៗ លុះដល់វេលាទន់ទាបព្រះសុរិយាល្ងាចថ្ងៃហើយ តែងបបួលគ្នាហើរមកពីទិសានុទិស ច្រៀវច្រៃចូលមកជ្រកអាស្រ័យ អៃដ៏ដើមជ្រៃនោះ។ សម័យមួយវេលាព្រឹកព្រាងស្វាងឡើង ជិតអស់ខែនៃរាត្រីកាលហើយ ព្រះចន្ទជាទីគោរពជានាយកនៃកងកោមុទជាតិ លិចបាត់វង់រស្មីកំពូលភ្នំអស្ដង្គត មានក្អែកមួយឈ្មោះ លឃុបតនកៈ ភ្ញាក់ឡើងពីពន់ព្រលឹម ក្រឡេកមើលទៅឃើញព្រានម្នាក់មកដល់ ប្រៀបដូចឃើញព្រះយមរាជទី២ លុះឃើញហើយក៏រំពឹងគិតថា ថ្ងៃនេះឃើញអុបទ្រព្យចង្រៃកើតឡើងតាំងពីព្រលឹមតែម្ដង អាត្មាអញមិនគប្បីដឹងបានថា អុបទ្រព្យចង្រៃនេះនឹង កើតប្រាកដឡើងបែបណា! រំពឹងគិតហើយ រន្ធត់តក់ស្លុតក្នុងចិត្ដអិតអុបមា ក៏ហើរឆ្លាទៅតាមមើលស្នាមព្រាននោះ ចរទៅ ព្រោះថា៖
- ៣ – មនុស្សល្ងង់តែងជួបប្រទះប៉ះទង្គិច ហេតុដែលនាំអោយកើតសេចក្ដីសោកមួយពាន់ដង រឺ ហេតុដែលនាំអោយ កើតភ័យមួយរយដងក្នុងមួយថ្ងៃៗ តែអ្នកប្រាជ្ញជួបប៉ះទង្គិចហេតុដូច្នេះអិតអង្គឺមានឡើយ។ នរជននៅក្នុងលោកនេះ គួរធ្វើមនសិការដូច្នេះរាល់ថ្ងៃកុំខាន។
- ៤ – ការភ្ញាក់ក្រោកឡើងពីព្រលឹម នរជនគប្បីដាស់សតិរលឹករាល់ថ្ងៃថា «មហាភ័យទាំងឡាយជិតមកដល់ហើយ បណ្ដាមហាភ័យទាំងឡាយនោះ ការឈឺចាប់ សេចក្ដីស្លាប់ និងសេចក្ដីទុក្ខសោកភ័យ រឺអន្ដរាយអ្វីមួយមុខជាធ្លាក់មកដល់អាត្មាអញក្នុងថ្ងៃនេះ»។
- កាលនោះ ព្រានបក្សីនោះខ្មីឃ្មាត ព្រោះគ្រាប់ស្រូវ ហើយត្រដាងលប់ លុះចាត់ចែងសព្វគ្រប់ហើយ ក៏ពួនអាត្មាក្នុងទីមួយ។ ក្នុងកាលនោះអែង ស្ដេចព្រាបចិត្រគ្រីព ហើរចរមកពីចំងាយ ព្រមជាមួយអន្លើដោយព្រាបជាបរិវាររេរា លើអាកាសវេហាស៍ ឃើញគ្រាប់ស្រូវរាត់រាយខ្ចាត់ខ្ចាយដូច្នោះ ក៏ពោលរំលឹកព្រាបជាបរិវារដែលល្មោភចង់ចុះទៅស៊ីគ្រាប់ស្រូវនោះថា៖ «ហេតុអ្វី ក៏មានគ្រាប់ស្រូវនៅក្នុងដងព្រៃជ្រៅ នីរជនលន្លង់លន្លោចឆ្ងាយពីទីថានមនុស្សដូច្នេះហ្ន៎ ដំណើរនេះគួរពិចារណាមើលសិន យើងឃើញរបស់នេះនឹងទុកជាលាភចំរើនក៏អិតអង្គឺមាន ព្រោះការល្មោភស៊ី គ្រាប់ស្រូវនេះ នឹង ត្រលប់អោយវិនាសអន្ដរាយ ក្ដៅក្រហាយស្ដាយក្រោយដល់យើងគ្រប់គ្នាក៏សឹងថាបាន។
- ៥ – ព្រោះលោភចង់បានកងមាស អ្នកដំណើរម្នាក់ធ្លាក់ផុងជាប់ក្នុងបឹងភក់ជ្រៅឡើងមិនរួច ត្រូវខ្លាចាស់សង្រ្គប់ចាប់ ហែកស៊ីស្លាប់ទៅ។ បរិវារសួរឡើងថា រឿងនោះតើដូចម្ដេច?។ ស្ដេចព្រាបចិត្រគ្រីបនិយាយរឿងប្រាប់ថា៖
កថាទី១ រឿងអ្នកដំណើរ និង ខ្លាចាស់
- ថ្ងៃមួយ កាលខ្ញុំហិចហើរកាត់ឆ្លងទក្សិណារណ្យ ខ្ញុំបានឃើញរឿងនេះ មានខ្លាចាស់មួយធ្វើពិធីមុជទឹកលាងបាប (1) ហើយឡើងមកដៃកាន់ស្បូវភ្លាំង ឈរទៀបមាត់ស្រះ ស្រែកហៅអ្នកដំណើរម្នាក់ថា៖ «នែអ្នកដើរ! អ្នកចូលមកយកកងមាសអែនេះ»។ លំដាប់នោះ អ្នកដំណើរបានលឺហើយ ក៏មានចិត្ដចង់បានកងមាសដោយក្ដីលោភទើបគិតថា «អាត្មាអញមានបុណ្យវាសនាធំណាស់ត្រូវបានកងមាស តែក្នុងទីនេះប្រកបដោយសេចក្ដីរង្គៀសក្រែងមានសេចក្ដីអន្ដរាយដល់អាត្មា មិនគួរពានពារខ្លួនទេព្រោះថា៖
- ៦ – ការស្វែងលាភ ក្នុងវត្ថុដែលពេញចិត្ដអំពីមនុស្សអាក្រក់ មិនមែនជាគតិល្អទេ ព្រោះថា ទឹកអំរឹតលាយដោយពិសពុលមានក្នុងទីណា គេអាចស្លាប់បានក្នុងទីនោះ។ ការស្វែងរកទ្រព្យក្នុងទីទាំងពួង នឹង ថាមិនត្រូវពានពារអុបស័គ្គក៏មិនមែន ព្រោះថា៖
៧ – នរជនមិនឡើងកាន់សេចក្ដីសង្ស័យ (មិនចេះសង្ស័យ) មើលមិនឃើញសេចក្ដីចំរើនទេ ថាបើឡើងកាន់សេចក្ដីសង្ស័យម្ដងហើយម្ដងទៀត ចិត្ដនៅសាញសាំញ៉ាំ ចេះតែសង្ស័យ ស្ទាក់ស្ទើរ កាលបើឃើញសេចក្ដីចំរើនហើយ ក៏ឈ្មោះថាមិនឃើញដែរ។
បើដូច្នោះ អាត្មាអញគួរសួរដេញដោលអោយអស់ជើងសិន។ អ្នកដំណើរនោះ ប្រកាសសួរទៅថា «នៅអែណាកងអែងនុ៎ះ»។ ពេលនោះ ខ្លាក៏លើកជើងមុខបង្ហាញអោយមើល។ អ្នកដើរផ្លូវពោលថា «ធ្វើម្ដេចអោយទុកចិត្ដសិទ្ធស្នាល នឹង អែង ពីព្រោះអែងនេះជាសត្វខ្លា ចូលចិត្ដស៊ីសាច់ច្របាច់ ក សំលាប់គេដូច្នេះ?»។ ខ្លាឆ្លើយតបថា៖ «នែអ្នក អើយចូរអ្នកស្ដាប់ខ្ញុំ កាលខ្ញុំនៅពីបថមវ័យនៅឡើយ ខ្ញុំប្រព្រឹត្ដអាក្រក់មែន ខ្ញុំខាំសំលាប់គោ មនុស្សច្រើនអនេក ដល់អំពើអាក្រក់នោះអោយផល កូនប្រពន្ធខ្ញុំស្លាប់ចោលអស់ ខ្ញុំផុតពូជអស់ហើយ ខ្ញុំនៅកំព្រាតែម្នាក់អែង។ លំដាប់មក មានតាបសអីសីចិត្ដសប្បុរសម្នាក់ទូន្មាន ប្រដៅខ្ញុំអោយកាន់ធម៌ថា៖ «នែអ្នក! អ្នកចូរប្រព្រឹត្ដធម៌អោយទា នកុំប្រព្រឹត្ដអាក្រក់ទៀត»។ តាំងពីនោះមក ខ្ញុំធ្វើតាមពាក្យប្រៀនប្រដៅរបស់តាបសអីសីនោះដរាប មិនដែលហ៊ានប្រព្រឹត្ដធ្វើអាក្រក់ទេ ប្រព្រឹត្ដមុជទឹកលាងបាបជានិច្ច រក្សាសីលដាក់ទានជាប្រក្រតី មានមេត្តាករុណា ពេលនេះខ្ញុំ ក៏កាន់តែចាស់ជរា គ្រាំគ្រាទុព៌ល ធ្មេញ ក្រចក ក៏រេចរិលអស់រលីងហើយ ដូចម្ដេចក៏អ្នកនៅតែមិនជឿខ្ញុំទៀតមិនអាចយកខ្ញុំជាវិស្សាសភូមិបាន ព្រោះថា៖
- ៨ – ការបូជាយញ្ញ១ ការសិក្សាព្រះវេទ១ ទាន១ តបៈ១ សច្ចៈ១ សន្ដោស១ សេចក្ដីអត់ធន់១ និងការមិនលោភ១ ទាំង ៨ប្រការនេះជាបដិបទានៃព្រះវេទ បុគ្គលគប្បីចាំទុកចុះ។
- ៩ – បណ្ដាធម៌ ៨ប្រការនេះ ធម៌៤ប្រការខាងដើមគេប្រតិបត្ដិ ដើម្បីបង្អួត រឺ ឆបោកក៏បាន ធម៌៣ប្រការខាងចុង ស្ថិតនៅបានចំពោះបុគ្គលមានមហាត្ម័ន (មានចិត្ដប្រសើរ)។
- អីលូវនេះ ខ្ញុំអស់សេចក្ដីលោភរលីងហើយ រហូតដល់ចង់អោយកងមាសដែលនៅក្នុងដៃខ្ញុំនេះ ជាទានដល់អ្នកថែមទៀត តែបើទុកជាខ្ញុំប្រព្រឹត្ដល្អដូច្នេះ ក៏នៅតែពិបាក នឹង គេច រឺ ឃាត់ហាមលោកប្រវាទ (2) ពាក្យញុះញង់ស៊កសៀត មនុស្សលោកថា «ខ្លាស៊ីមនុស្ស» ព្រោះថា៖
- ១០ – មនុស្សលោក តែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយ មិនជឿទុកចិត្ដស្រ្ដីផ្កាមាស ដែលគេបានអោយអុបទេស (គេបានទូន្មានល្អ) ហើយមិនគិតយកធម៌ជាប្រមាណ ដូចគេមិនជឿទុកចិត្ដព្រាហ្មណ៍ដែលធ្លាប់កាប់សំលាប់គោ។
- មួយទៀតគម្ពីរធម៌សាស្រ្ដខ្ញុំក៏បានរៀនសូត្រអស់ជើងហើយសូមអញ្ជើញអ្នកត្រងត្រាប់ស្ដាប់ដូចតទៅនេះ៖
- ១១ – បពិត្រព្រះបាទបាណ្ឌនន្ទនៈ(3) (3)នាមព្រះបាទបាណ្ឌពក្សត្រីយ៍មានបងប្អូន ៥ព្រះអង្គ ក្នុងរឿងមហាភារតៈ ជាអោរស នាងកុន្ដី បានជានាមខ្លះថាកោនេ្ដជា) ភ្លៀងដែលបង្អុរចុះលើផែនពសុធា ដែលរីងហែងរហួតយ៉ាងណា ការអោយភោជនាហារដល់ជនស្រេកឃ្លានអត់បាយក្រហាយទឹកក៏យ៉ាងនោះដែរ។ ការអោយទានដែលបានផលានិសង្សច្រើន គឺការអោយទានដល់មនុស្សទីទ័លក្រលំបាកតោកយ៉ាក។
- ១២ -ជីវិតរបស់ខ្លួនជាទីស្រលាញ់ពេញចិត្ដយ៉ាងណា ជីវិតរបស់អ្នកដ៏ទៃក៏យ៉ាងនោះដែរ។ លោកសប្បុរសទាំងឡាយ តែងធ្វើសេចក្ដីមេត្តាករុណា ព្រោះលោកយកខ្លួនរបស់លោកជាគ្រឿងអុបមា។ មួយទៀតលោកពោលទុកថា៖ ១៣ – កំណាញ់និងការអោយទាន សេចក្ដីសុខ និងសេចក្ដីទុក្ខ ស្រលាញ់និងស្អប់បុគ្គលអាចយកប្រមាណសេចក្ដីបាន ដោយយកខ្លួនអាត្មាជាគ្រឿងអុបមា។
- ១៤ – នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដ៏ទៃទុកស្មើដោយដុំថ្ម ឃើញសព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន នរជននោះលោកហៅថា «បណ្ឌិត»។ ខ្លួនអ្នកជាបុគ្គលទុគ៌តកំសត់ក្រីក្រក្រៃលែង ព្រោះហេតុនោះទើបខ្ញុំខំប្រឹងប្រែងជាបំផុត នឹងអោយទានដល់អ្នកព្រោះថា៖
- ១៥ – បពិតព្រះបាទបាណ្ឌុព (មើលលេខ១១) សូមទ្រង់មេត្តាករុណាចិញ្ចឹមអ្នកក្រីក្រកំសត់ទុគ៌ត កុំប្រទានទ្រព្យដល់ អិស្សរជនដែលមានទ្រព្យច្រើនឡើយ ដូចជាអោយអោសថជាប្រយោជន៍ដល់អ្នកជម្ងឺឈឺចាប់ទុរនទុរា ជនអិតរោគាព្យាធិត្រូវការ អ្វីដោយអោសថ?។
- ១៦ – ទានជារបស់គួរគប្បីអោយ តែអោយដល់អ្នកមិនមានអុបការគុណ មិនសូវមានប្រយោជន៍ទេ ការអោយទាន ដែលអ្នកប្រាជ្ញពោលថាប្រកបដោយផលប្រយោជន៍នោះ គឺអោយទានត្រូវតាមកាលៈទេសៈ និងអោយដល់បុគ្គល មានគុណគួរអោយ។
ដូច្នេះ អ្នកចូរទៅមុជទឹកលាងបាប ក្នុងត្រពាំងនេះអោយស្អាតបាតសិន ហើយសឹមឡើងមកយកកងមាសពីខ្ញុំចុះ។ លំដាប់នោះអ្នកដំណើរបានស្ដាប់ពាក្យខ្លាចាស់ពោលលលួងអោយវង្វេងស្លុងស្លាប់គំនិតហើយ ដើរចុះទៅមុជទឹកលាងបាប ក្នុងត្រពាំងនោះដោយចិត្ដលោភលន់ពន់ប្រមាណក៏ផុងប្រាណលង់ទ្រនេសជាប់ក្នុងបឹងភក់ជ្រៅ នឹងគេចវេះរត់លូនទៅពួនក្នុងទីអែណាក៏ពុំបាន រីខ្លាចាស់ កាលឃើញអ្នកដំណើរផុងលង់ទ្រនេស ស៊ប់ជាប់ក្នុងភក់រើខ្លួនមិនរួចសមបំណងហើយ ទើបក្លែងធ្វើជាស្រែកជួយភ័យថា «ហា៎! ហា៎! យីអ្នកផុងលង់ក្នុងភក់ហើយតើ! មិនអីទេ ចាំខ្ញុំចុះទៅជួយស្រង់ អ្នកកុំភ័យ! ថាហើយក៏ដើរចុះសន្សឹមបន្ដិចៗ ស្ទាបស្ទង់មើល ធ្វើជាខ្លាចផុងខ្លួនអែង ចូលទៅចាប់ អ្នកដំណើរនោះ។ អែអ្នកដំណើរ កាលបើខ្លាចូលទៅសង្រ្គប់ជាប់ក្នុងដៃហើយនឹកអាណិតខ្លួនទើបពោលបន្ទោសខ្លួនអែងថា៖
- ១៧ – បុគ្គលចិត្ដអាក្រក់សាមាន្យ នឹងសំគាល់បានដោយអាងហេតុថា «ចេះពោលធម្មសាស្រ្ដ» ក៏មិនមែន រឺថា «ចេះស្វាធ្យាយគម្គីរព្រះវេទ» ក៏មិនមែនដែរ មធុរសនៃទឹកដោះគោរមែងផ្អែមល្ហែមទៅតាមប្រក្រតីរបស់ទឹកដោះយ៉ាងណា សភាពសត្វលោកក្នុងសំសារវដ្ដនេះលោកពោលថា ដូចគ្នាយ៉ាងនោះអែង។
- ១៨ – ការធ្វើអ្វីទាំងពួង នៃបុគ្គលអ្នកមានអិន្រ្ទីយ និងចិត្ដមិនលុះនៅក្នុងអំណាចខ្លួន ក៏មិនជាផល ដូចជាការលាងជំរះដំរី (4) ពុំនោះការចេះដឹង បើប្រាសចាកការធ្វើអោយជាប្រយោជន៍ហើយ ក៏ធ្ងន់ខួរក្បាលអិតអំពើ ដូចជាការបំពាក់គ្រឿងអលង្កា បំប៉នអោយភរិយាចង្រៃ បានតែធ្ងន់ខ្លួនអិតប្រយោជន៍។ អាត្មាអញ ធ្វើសេចក្ដីស្និទ្ធស្នាលទុកចិត្ដ មនុស្សអាក្រក់សាមាន្យចូល ចិត្ដសំលាប់គេ ដោយហេតុអែណា ហេតុនោះអាត្មាអញឈ្មោះថាមិនធ្វើសេចក្ដីចំរើនទេព្រោះថា៖
- ១៩ – បុគ្គលមិនគប្បីធ្វើសេចក្ដីសិ្នទ្ធស្នាលទុកចិត្ដទឹកទន្លេ បុគ្គលមានសាស្រ្ដាវុធក្នុងដៃ សត្វមានក្រចកមុត សត្វមា នស្នែង និងស្រ្ដីក្នុងរាជក្រកូលទាំងឡាយ។
- ២០ – សភាព(លក្ខណៈ) នៃបុគ្គលទាំងអស់ក្នុងលោកនេះគេមើលឃើញច្បាស់ប្រាកដ តែគុណធម៌ទាំងឡាយនៃបុគ្គល គេមើលមិនឃើញងាយទេ សភាពនៃបុគ្គលនីមួយៗ កំចាត់បង់នូវគុណធម៌ទាំងពួង ហើយចូលទៅទំនៅលើក្បាលបាន។
- ២១ – មែនពិត ព្រះចន្ទទ្រទ្រង់នូវសហស្សរង្សី ត្រាច់ចររុងរឿងអៃនភាល័យប្រទេស កំចាត់បង់នូវងងឹតអន្ធការអ័ព្វ សូន្យសុងកណ្ដាលដួងតារាព្រោងព្រាត សូម្បីមានរិទ្ធដល់ម្លោះ ដល់គ្រោះជោគគ្រោះជាំ ក៏ត្រូវរាហ៊ូចាប់លេបបាន នរណាហ្ន៎! អាចវេះគេចអោយរួចពីលិខិតដែលព្រះជាម្ចាស់ត្រាទុកអៃដ៏ថ្ងាសបាន?។
- រីអ្នកដំណើរនោះ កាលកំពុងត្រិះរិះពិចារណាដូច្នេះ ត្រូវខ្លាចាស់ខាំជញ្ជែងហែកស៊ីស្លាប់វិនាសអន្ដរធានអៃដ៏កាលនោះហោង។ ហេតុនេះបានជាខ្ញុំ (ស្ដេចព្រាប) ពោលជាស្លោកមានអាទិ៍ថា៖ «ព្រោះលោភចង់បានកងមាសដូច្នេះជាដើម(លេខ៥)។ ព្រោះហេតុនោះ ការងារផងទាំងពួងដែលមិនបានពិចារណា អោយជុំវិញខ្លួនសព្វគ្រប់ មិនគួរគប្បីធ្វើឡើយព្រោះថា៖
- ២២ – អាហារដែលរលួយល្អ កូនមានប្រាជ្ញាឆ្លៀវឆ្លាត ភរិយាស្ដាប់បង្គាប់អោវាទព្រះនរបតីមានប្រជារាស្រ្ដស្វាមីភ័ក្ដិ គិតគូរអោយល្អិតល្អហើយ ទើបនិយាយ ពិចារណាអោយជុំវិញខ្លួនហើយទើបធ្វើ ទាំងអស់នេះលោកពោលថា សូម្បីស្ថិតនៅអស់កាលយូរអង្វែងក៏ដោយ ក៏មិនឃ្លាតក្លាយទៅជាអ្វីឡើយ។ កាលនោះ មានព្រាបជាបរិវារមួយ បានលឺស្ដេចព្រាបពោលថាដូច្នេះហើយ ក៏ទាស់ចិត្ដនិយាយដោយអាការទ្រនង់ យង់ឃ្នងថា៖ អា៎! ដូចម្ដេចក៏លោកមានប្រសាសន៍ដូច្នេះ?។
- ២៣ – បើមានការអន្ដរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចារ្យ តែបើការពិចារណាអោយសព្វ គ្រប់យ៉ាងនោះហើយសូម្បីស្វែងរកអាហារភោជនក៏មិនត្រូវស្វែងរកដែរ។
- ២៤ – បុគ្គលដែលស្វែងរកបាយនំចំណី លើផែនពសុធានេះសុទ្ធសឹង ប៉ះទង្គិចដោយសេចក្ដីរង្គៀសភ័យន្ដរាយទាំងឡាយ និងប្រព្រឹត្ដស្វែងរកក្នុងកាលណា? ធ្វើម្ដេចហ្ន៎ គេនឹងអាចចិញ្ចឹមជីវិតអោយប្រព្រឹត្ដទៅបាន?។
- ២៥ – បុគ្គលមានអិច្ឆាឈ្នានិស បុគ្គលពោលពាក្យនិន្ទារិះគន់ បុគ្គលមិនសន្ដោស បុគ្គលក្រោធច្រើន បុគ្គលមានសេចក្ដីរង្គៀសជានិច្ច និងបុគ្គលពឹងផ្អែកស៊ីដោយសារបុគ្គលដទៃ បុគ្គលទាំង៦ បែបនេះត្រូវទទួលចំណែកនៃសេចក្ដីទុក្ខ។ ព្រាបជាបរិវារទាំងឡាយ លុះបានស្ដាប់ពាក្យព្រាបអ្នកនិយាយនោះ ហើយក៏បបួលគ្នាហើរត្រសងទៅចុះ ក្នុងស្រែនោះ ព្រោះថា៖
- ២៦ – បុគ្គលជាពហូសូត្រ ចេះដឹងនូវសាស្រ្ដវិជ្ជាទាំងឡាយច្រើនមហិមា អារកាត់នូវសេចក្ដីសន្ទិះសង្ស័យគ្រប់ប្រការបាន កាលបើសេចក្ដីលោភចង់បានមកបំបាំងគំនិតអោយល្ងិតសូន្យសុងហើយ ក៏តែងទទួលសេចក្ដីទុក្ខលំបាកតោកយ៉ាក។
- ២៧ – សេចក្ដីក្រោធមានដើមកំណើតមកពីលោភៈ កាមរាគកើតមកពីលោភៈ មោហៈ និងសេចក្ដីវិនាស ក៏កើតមក ពីលោភៈដែរ ព្រោះហេតុនោះលោភៈ ជាប្រភពនៃសេចក្ដីអាក្រក់គ្រប់ប្រការ។
- ២៨ – ដោយពិត ប្រើសមាសមិនដែលកើតមានទេ បើទុកជាដូច្នេះ ព្រះរាមក៏ទ្រង់នៅតែជាប់ព្រះទ័យចង់បានប្រើសមាស រីសេចក្ដីអន្ដរាយក្នុងកាលវិបត្ដិមកដល់ សូម្បីប្រាជ្ញនៃបុរសជាតិ ក៏ត្រលប់ជាងងឹតងងល់ គិតមិនយល់បានដែរ លំដាប់នោះព្រាបទាំងឡាយត្រូវជាប់លប់ក្រញង់ទាំងអស់គ្នា។
- ព្រាបទាំងឡាយដែលជឿស្ដាប់ពាក្យព្រាបជាអ្នកនិយាយនោះ ក៏ជេរប្រទេចផ្ដាសារអ៊ូរទាំដោយប្រការផ្សេងៗ ព្រោះថា៖
- ២៩ – (5)បុគ្គលមិនគប្បី ចេញមុខជាមេគណៈ ធ្វើការងារដែលសំរេចប្រយោជន៍ទៅហើយ ត្រូវបានផលស្មើគ្នាទេ ព្រោះថា បើការងារនោះអន្ដរាយវិញ អ្នកចេញមុខនោះត្រូវស្លាប់នៅទីនោះមុនគេ។ កាលដែលព្រាបទាំងឡាយកំពុងរអ៊ូរទាំពោលទោសព្រាបអ្នកនិយាយនោះ ស្ដេចព្រាបប្រាប់អោយដឹងថា«ទោសនេះមិនមែនទោសព្រាបជាអ្នកនាំនោះទេ» ព្រោះថា៖
- ៣០ – សូម្បីមិត្រ ជាអ្នកធ្វើប្រយោជន៍អោយពិតៗ ក៏អាចក្លាយទៅជាដើមហេតុនាំបណ្ដាលអោយកើតអន្ដរាយធ្លាក់មកបាន ដូចជាស្មងមេគោអាចទៅជាស្នឹងចងកូនគោ។
- ៣១ – អ្នកណាមួយ អាចជួយអ្នកមានគ្រោះអោយរួចពីក្ដីអន្ដរាយដែលមកដល់ អ្នកនោះលោកទុកជាផៅពង្ស អែអ្នកបណ្ឌិត មាត់បានតែពោលបន្ទោសទម្លាក់ខុសទៅគេ អួតថាខ្លួនជួយស្រោចស្រង់អោយរួចពីសេចក្ដីភិតភ័យ នឹងទុកថាជាផៅពង្សពុំបានឡើយ។
- ក្នុងគ្រាក្រ ការថយកំលាំងទឹកចិត្ដជាលក្ខណៈបុរសគំរក់។ ក្នុងរឿងនេះ ត្រូវសំដែងសេចក្ដីម៉ឺងម៉ាត់អង់អាច ហើយត្រិះរិះរកអុបាយរើខ្លួនតទៅ ព្រោះថា៖
- ៣២ – (6)(5)ចិត្ដម៉ឺងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយចិត្ដនឹងធឹងក្នុងគ្រាសុខចំរើន សេចក្ដីអង់អាចក្នុងទីប្រជុំដោយសំដីថ្វីមាត់ ចិត្ដក្លៀវក្លាក្នុងរណរង្គ (7)ចិត្ដត្រេកអរក្នុងយស និង ចិត្ដស្រវាស្រទេញក្នុងការសិក្សាទាំងអស់នេះ ជាសក្ខណៈសម្បត្ដិមានជាប្រក្រតី ចំពោះតែបុគ្គលមានមហាត្ម័ន (មានចិត្ដប្រសើរ)។
- ៣៣ – អ្នកណាមិនរីករាយហួសហេតុក្នុងគ្រាបានសេចក្ដីសុខចំរើន មិនខូចកំលាំងទឹកចិត្ដ ក្នុងគ្រាក្រទុក្ខព្រួយ មានសេចក្ដីក្លាហានក្នុងរណរង្គ (សមរភូមិទីចំបាំងជាញជ័យ) មាតាបង្កើតកូនដែលមានតិលកៈ (8) ដូច្នេះក្នុងលោកទាំងបីនេះកម្រមានណាស់។
- ៣៤ – ក្នុងលោកនេះ ទោស៦ប្រការ បុគ្កលប្រាថ្នាសេចក្ដីសុខចំរើន គួរគប្បីលះបង់ចោល គឺដេកទ្រមក់១ ខ្ជិលច្រអូស១ ភ័យមួយ១ ក្រោធ១ ទន់មូរមុខ១ និង ឡេឡាយឺតយូរក្រោយគេ១។ អីលូវនេះ គួរយើងទាំងអស់គ្នាធ្វើយ៉ាងនេះត្រូវអ្នកទាំងអស់ស្រុះចិត្ដគ្នាតែមួយហើយស្ទុះហើរតែមួយអែកកប្ប ហារអោយព្រមគ្នា ទើបរបើកលប់រួចខ្លួនបាន ព្រោះថា៖
- ៣៥ – ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារអោយរួបរួមគ្នា ក៏អាចញ៉ាំងការងារអោយសំរេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេងអោយជាប់បោលទៅណាមិនរួច។
- ៣៦ -ការចងបាច់វង្សត្រកូលរបស់ខ្លួនសូម្បីពីរបីអ្នក អោយរួបរួមមូលត្រកូលគ្នា ក៏ជាការគាប់ប្រសើរល្អណាស់ ដូចគ្រាប់ស្រូវដែលបកសំបកចេញ ហើយយកទៅសាបព្រោះមិនដុះលូតលាស់ឡើងបានទេ។ លុះព្រាបទាំងឡាយ បានស្ដាប់ពាក្យណែនាំស្ដេចព្រាប ឈ្មោះចិត្ដគ្រីពហើយ ព្រមព្រៀងបបួលគ្នាស្ទុះហើរជាអែកកប្បហារ របើកលប់បានរួចពីក្ដីវិនាសអន្ដរាយ នោះទៅហោង។ រីអែព្រានបក្សីលបចាំមើល ឃើញហ្វូងបក្សីស្រុះ គ្នាទទះស្លាបហើរ របើកលប់រត់រួចទៅបានដូច្នោះ ក៏នឹកស្ដាយណាស់រត់ទៅតាមបណ្ដើរគិតបណ្ដើរថា៖
- ៣៧ – ហ្វូងបក្សីនេះស្រុះចិត្ដចងគ្នាជាបាច់ ស្ទុះហើររបើកលប់រត់រួចទៅអស់រលីង តែបើវាចុះដីដរាបណា វានឹងនៅក្នុងកណ្ដាប់ដៃអាត្មាអញដរាបនោះមិនខានឡើយ។
- បក្សីទាំងឡាយ ខំប្រឹងហើរទៅឆ្ងាយសន្លឹម ក្រឡេកមើលមកក្រោយ ឃើញព្រានអស់សង្ឃឹមក្រឡប់វិលវិញហើយក៏សួរទៅកាន់ស្ដេចព្រាបចិត្ដគ្រីបថា៖ បពិតលោកជាស្ដេចបក្សី អីលូវនេះ តើគួរនឹងធ្វើដូចម្ដេចតទៅទៀត? ស្ដេចព្រាបឈ្មោះចិត្រគ្រីពឆ្លើយតបថា៖
- ៣៨ – មាតា មិត្រ និង បិតាត្រៃអង្គនេះជាអ្នកធ្វើហិតានុហិតតាមសភាពខ្លួនអែ អ្នកដ៏ទៃទៀតក៏ធ្វើហិតានុហិតបែបនេះដែរ ព្រោះគេយកទីមាតា មិត្រ បិតា មកទុកជាហេតុដើម។
- កាលបើដូច្នេះ យើងមានមិត្រមួយ ឈ្មោះហិរណ្យកៈជាស្ដេចកណ្ដុរ ចិញ្ចឹមជីវិតអាស្រ័យនៅនាអញ្ញប្រទេសឈ្មោះ ចិត្រវ័ន ទៀបឆ្នេរស្ទឹងគណ្ឌកី យើងនឹងសូមអោយជួយកកេរកាត់លប់ដោះអោយរួចពីគ្រោះកាចចង្រៃនេះដោយធ្មេញគេ។ លុះពិចារណាឃើញដូច្នោះហើយ ព្រាបទាំងនោះ ក៏បបួលគ្នាហើរត្រសងទៅជិតព្រង់(9) (រន្ធប្រហោង) ជា ទីលំនៅនៃស្ដេចកណ្ដុរឈ្មោះហិរណ្យកៈនោះ។
អែស្ដេចកណ្ដុរជាសត្វមានសេចក្ដីប្រយ័ត្នខ្លួនដោយក្ដីរង្គៀសពីភយន្ដរាយ បានកាយព្រង់មួយមានមាត់មួយរយកន្លែង ហើយអាស្រ័យនៅក្នុងទីនោះ។ លំដាប់នោះ ស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ លឺសូរសន្ធឹកព្រាបហើរមកចុះជិតលំនៅខ្លួន ក៏តក់ស្លុតរន្ធត់ក្នុងចិត្ដ ខំសម្លឹងមើលដោយសេក្ដីព្រួយបារម្ភ ពួនសំងំនៅស្ងៀមឈឹងមិនមាត់ឡើយ។ ស្ដេចព្រាបឈ្មោះចិត្រគ្រីពស្រែកសួរថា៖ អឺសំលាញ់ហិរណ្យកៈ! ហេតុអ្វីក៏សំលាញ់នៅស្ងៀមទ្រមឹងទ្រមើយមិននាំពាមាត់ចេញមកទទួលយើងសោះ ? ខណៈនោះស្ដេចកណ្ដុរស្ដាប់សំដីស្ដេចព្រាបបាន ក៏ស្ទុះចេញមកក្រៅដោយប្រញាប់ប្រញាល់ ហើយឆ្លើយឆ្លងទៅវិញថា «អា៎ សំលាញ់! ខ្ញុំមានភ័ព្វណាស់ចិត្រគ្រីពសំលាញ់ជាមិត្រស្មើចិត្ដស្មើថ្លើមគ្នា អីលូវមកដល់ហើយតើ!។
- ៣៩ – ក្នុងលោកនេះ មិនមានអ្នកណាមានបុណ្យវាសនាជាងអ្នកដែលបានជួបប្រទះសន្ទនារីករាយជាមួយ នឹង មិត្រអ្នកដែលស្ថិតនៅរួមមួយអន្លើដោយមិត្រ និងអ្នកដែលប្រាស្រ័យប្រាប់សុខទុក្ខទៅវិញទៅមកមួយអន្លើដោយមិត្រដូច្នេះទេ។
- កាលកណ្ដុរឃើញព្រាបទាំងឡាយជាប់ចំណងលប់ដូច្នោះ ក៏ភ្ញាក់ព្រើត ទ្រឹងមួយស្របក់ ទើបសួរហេតុនោះថា៖ «នែសំលាញ់! ចុះហេតុនេះដូចម្ដេច?» ស្ដេចព្រាបឆ្លើយប្រាប់ថា៖ «អំពើនេះជាផលកម្មរបស់យើងគ្រប់គ្នាពីបុរាណកាលណា៎សំលាញ់! ព្រោះថា៖
- ៤០ – សេចក្ដីល្អនិងសេចក្ដីអាក្រក់ ជាកម្មរបស់ខ្លួនអែណា ព្រោះហេតុអែណា ដោយប្រការអែណា ក្នុងកាលអែណា ដរាបណា ក្នុងទីអែណា អំពើនោះ សំរេចផលតាមអំណាចនៃព្រះព្រហ្មបង្កើតលោក ព្រោះហេតុនោះ ដោយប្រការនោះ ក្នុងកាលនោះដរាបនោះក្នុងទីនោះ។
- ៤១ – រោគាព្យាធិសោកសង្រេងសង្រៃ សេចក្ដីក្ដៅក្រហាយការជាប់អន្ទាក់ចំណង និង សេចក្ដីវិនាសអន្ដរាយទាំងឡាយនេះ ជាផលដែលមកពីព្រឹក្សាជាតិ គឺទោសកំខុសខ្លួននៃមនុស្សទាំងឡាយ
- ស្ដេចកណ្ដុរបានស្ដាប់ពាក្យនេះហើយ ក៏ស្ទុះចូលទៅជិតសំលាញ់ ដើម្បីកាត់ចំណងលប់ដោយប្រញាប់ប្រញាល់។ ស្ដេចព្រាបឃាត់ថា៖ «សំលាញ់! កុំអាល ឈប់សិន! ចូរអ្នកកាត់ចំណងព្រាបទាំងឡាយដែលជាបរិវារមុនសិន ហើយសឹមកាត់ចំណងអោយខ្ញុំក្រោយគេ»។ ហិរណ្យកៈ តបឡើងថា៖ «កំលាំងខ្ញុំ ខ្សោយណាស់ធ្មេញក៏ពុំសូវមាំមួន ហេតុនេះ ធ្វើម្ដេចនឹងអាចកាត់អន្ទាក់អោយបរិវារអ្នកគ្រប់គ្នាច្រើនដល់ម្លេះបាន? បើដូច្នោះ ខ្ញុំកកេរកាត់អោយសំលាញ់មុនគេសិន បើធ្មេញខ្ញុំមិនទាន់រេចរិលទេ ខ្ញុំនឹងកកេរកាត់អោយបរិវារសំលាញ់ទាំងឡាយតទៅទៀតជាលំដាប់ តាមកំលាំងដែលអាចនឹងកកេរកាត់បាន»។ ចិត្រគ្រីបប្រកែកខ្លាំងៗថា «ទេ!ទេ! សំលាញ់កុំធ្វើដូច្នោះទោះ បើយ៉ាងណាក៏ដោយ សូមសំលាញ់អាណិតមេត្តាកាត់ចំណងអោយបរិវារមុនសិន សឹមកាត់អោយខ្ញុំក្រោយគេ»។ ស្ដេចកណ្ដុរថ្លែងសុភាសិតថា៖ «កិរិយាការពារថែរក្សានូវបរិវារខ្លួន ដោយការបរិច្ចាគខ្លួនជាពលិកម្មនោះ អ្នកប្រាជ្ញឆ្លៀវឆ្លាតក្នុងនិតិសាស្រ្ដលោកមិនសរសើរទេ ព្រោះថា៖
- ៤២ -បុគ្គលគប្បីថែរក្សាទ្រព្យទុកដើម្បីការពារគ្រាក្រ គប្បីរក្សាភរិយា ដោយទ្រព្យ តែគប្បីរក្សាខ្លួនរឿយៗដោយភរិយាផងដោយទ្រព្យផង។
- ៤៣ – ប្រាណគឺជីវិត មានការតាំងនៅមាំជាហេតុដើម្បីប្រព្រឹត្ដធម៌ស្វែងរកទ្រព្យសម្បត្ដិ សេពកាម និង រកមោក្សធម៌ បើប្រាណគឺជីវិតវិនាសហើយ អ្វីមួយដែលឈ្មោះថាមិនវិនាសនុ៎ះ? ការរក្សាប្រាណគឺជីវិតអោយគង់វង់នៅ អ្វី មួយដែលឈ្មោះថាមិនរក្សាផងដែរ?។ ស្ដេចព្រាបពោលឡើងថា៖ «សំលាញ់អើយសំដីសំលាញ់និយាយមកអំបាញ់មិញនេះ ជាគោលនៃនិតិសាស្រ្ដពិតហើយ តែថារូបខ្ញុំនៅតែមិនអស់ចិត្ដ មិនអាចឈរមើលបរិវារដែលអាស្រ័យនៅជារងទុក្ខវេទនាដូច្នេះចំពោះភ្នែកសោះ បានជាខំអង្វរសំលាញ់ដូច្នេះអែង ព្រោះថា៖
- ៤៤ – អ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផង ជីវិតផង ជាពលិកម្មដើម្បីការពារជនដទៃ ការបរិចាគជីវិតក្នុងអំពើល្អបែបនេះ ជាកិត្ដិយសប្រសើរណាស់ បើសេចក្ដីស្លាប់ជាធម៌ទៀង។ សំលាញ់! មានសុភាសិតដែលគួរនឹងទាញយកមកជាអានិសង្សន៍ទៀតដូច្នេះថា៖
- ៤៥ -បណ្ដាគុណធម៌ទាំងឡាយ គឺ ជាតិ ទ្រព្យ និង គុណសម្បត្ដិ គុណធម៌៣ប្រការនេះ បរិវារមានស្មើនឹងម្ចាស់ សំលាញ់! ចូរអ្នកនិយាយអោយឃើញច្បាស់មកមើល ដូចម្ដេចដែលហៅថា ភាពនៃខ្លួនជាធំវិសេសជាងគេ? ដល់កាលណាទៅ ត្រូវសំដែងភាពជាធំ?។
- ៤៦ -បរិវារទាំងឡាយនេះ មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និង មិនលះបង់ការសំណាក់ពឹងពាក់ចោលខ្ញុំទេ ព្រោះហេតុនោះសូមសំលាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយនេះមុនសិន សូម្បីតែត្រូវក្ដីវិនាសអន្ដរាយជីវិតខ្ញុំក៏មិនថាដែរ។
- ៤៧ – នែសំលាញ់ ចូរលះបង់ព្រួយក្នុងកឡេវរៈ រាងកាយដែលនិមិត្ដដោយសាច់ទឹកមូត្រ អាច់ និង ឆ្អឹងឆ្អែងជារបស់ ពុកផុយរលួយនេះចោលអោយស្រលះទៅ សូមជួយអភិបាលលើកតំកើងយសកេរ្ដិ៍ឈ្មោះខ្ញុំវិញ។
- ៤៨ – ថាបើបុគ្គលគប្បីបាននូវកិត្ដិយសដែលទៀងទាត់ មិនមានមន្ទិល ដោយការបរិចាគកាយដែលផ្ទុកដោយគ្រឿង មន្ទិលសៅហ្មង ស្មោកគ្រោក មិនទៀងទាត់នេះបាន បើដូច្នោះតើបុគ្គលនឹងមិនគប្បីកាន់យកនូវគុណធម៌គឺ កិត្ដិយស នោះរឺអ្វី?
- ៤៩ – សរីរៈ និងកិត្ដិគុណ មានចន្លោះតាំងនៅឆ្ងាយពីគ្នាលន្លង់លន្លោចណាស់ សរីរៈនេះរលត់រលាយទៅក្នុងមួយខណៈ អែកិត្ដិគុណស្ថិតនៅរហូត កល្យាវសាន្ដ។
កាលស្ដេចកណ្ដុរបានស្ដាប់ពាក្យពោលដូច្នេះហើយ ក៏មានចិត្ដរីករាយក្រៃលែង ព្រឺរោមព្រឺស្បែកនិយាយតបថា៖ «សាធុ! សំលាញ់ សាធុ! សំលាញ់ អែងមានចិត្ដមេត្តាករុណាទន់ភ្លន់ ចំពោះបរិវារដូច្នេះល្អណាស់ សមគួរបានជាធំ ក្នុងត្រៃលោកនេះ។ ស្ដេចកណ្ដុរនិយាយហើយ កកេរកាត់ចំណង ដែលចងព្រាបទាំងឡាយនោះអោយរួចស្រលះ ក្នុងកាលនោះអែងហោង។ លំដាប់នោះស្ដេចកណ្ដុរសំដែងសេចក្ដីសាទរចំពោះព្រាបទាំងឡាយ ហើយបែរទៅនិយាយលួងលោមស្ដេចព្រាបថា៖ «ហៃសំលាញ់ចិត្រគ្រីព! ក្នុងលោកនេះ ការជាប់លប់ជាប់អន្ទាក់ជាធម្មតាទេ ត្រូវខ្លាចទោសពៃអន្ដរាយទាំងអស់នេះ តែកុំអាក់អន់ចិត្ដព្រួយបារម្ភចំពោះភ័ព្វវាសនាដូច្នេះឡើយ ព្រោះថា៖
- ៥១ -កាលខ្ញុំឃើញព្រះចន្ទនិងព្រះអាទិត្យ ត្រូវរាហ៊ូចាប់បៀតបៀន ឃើញដំរី និងនាគជាប់ចំណង ឃើញអ្នកប្រាជ្ញឆ្លៀវឆ្លាតត្រូវក្ដីក្រីក្រលំបាកតោកយ៉ាក ខ្ញុំមានចិត្ដដូច្នេះថា «អោហ្ន៎! វិធីកម្មនេះមានរិទ្ធិតេជៈកំលាំងខ្លាំងណាស់តើ!»
- ៥២ -វិហគជាតិ (បក្សី) ទាំងឡាយ ហិចហើរខ្ពស់ត្រដួចចរទៅអៃដ៏អាកាសព្យោមា សមបើដែរ! ធ្លាក់ដល់ក្ដីវិនាសអន្ដរាយបាន មច្ឆាជាតិទាំងឡាយអាស្រ័យនៅក្នុងសមុទ្រសាគរ មានទឹកដ៏ជ្រាលជ្រៅ រាប់ប្រមាណមិនបាន សមបើដែ! ត្រូវព្រានប្រមង់ចាប់យកបានដោយការប៉ិនប្រសប់ បើដូច្នេះមែន ក្នុងលោកនេះ ចាំបាច់មានទុច្ចរិតធ្វើអ្វី? ចាំបាច់មានសុច្ចរិតធ្វើអ្វី? ចាំបាច់មានគុណគាប់បានលាភដ៏ស្ថិតស្ថេរធ្វើអ្វី? សេចក្ដីពិតព្រះកាល (10)ជាអ្នកមានដៃក្រាលលាតត្រដាងនូវ សេចក្ដីអន្ដរាយទូរទៅ ហើយចាប់សំលាប់សត្វទាំងឡាយ សូម្បីស្ថិតនៅក្នុងទីឆ្ងាយស្រលោចក៏ដោយ។
- ស្ដេចកណ្ដុនិយាយដាស់តឿនក្រើនរំលឹកដោយពាក្យសុភាសិត ធ្វើបដិសណ្ឋារៈទទួលរាក់ទាក់ ចាប់អោបជប់ព្រាប ចិត្រគ្រីពនោះហើយ ទើបបញ្ជូនអោយហើរទៅស្រុកទេស តាមសេចក្ដីប្រាថ្នាព្រមទាំងបរិវារទៅហោង។ អែស្ដេ ចកណ្ដុរ ក៏ចូលទៅក្នុងព្រង់ជាលំនៅរបស់ខ្លួនវិញក្នុងពេលនោះអែង។
៥៣ – បុគ្គលគប្បីស្វែងរកសេពគប់មិត្រអោយបានច្រើនចំនួនរាប់រយ ចូរមើល!សត្វព្រាបទាំងឡាយរួចពីចំណងចងសំលាប់ខ្លួនបាន ព្រោះអាស្រ័យស្ដេចកណ្ដុជាមិត្រ។
កាលនោះ ក្អែកឈ្មោះលឃុបតនកៈ បានឃើញច្បាស់នូវព្រឹត្ដិការណ៍ តាំងពីដើមដល់ចុង ក៏នឹកស្ងើចក្នុងចិត្ដអិតអុបមា ទើបពន្លឺវាចាសរសើរថា៖ ហៃ សំលាញ់ហិរណ្យកៈ បងអែងមានគុណគាប់ប្រសើរណាស់ អីលូវនេះ ខ្ញុំសូមយកអ្នកជាមិត្រ! អែបងក៏គិតសង្រ្គោះលើកយករូបខ្ញុំធ្វើជាមិត្រវិញដែរ។ កណ្ដុរ បានលឺពាក្យសរសើររបស់ក្អែកឈ្មោះ លឃុបតនកៈហើយស្រែកសួរពីក្នុងព្រង់មកថា៖ «ចុះបងអែងឈ្មោះអ្វី?»។ ក្អែកឆ្លើយប្រាប់ថា ឈ្មោះ លឃុបតនកៈ ណា៎បង!។ ស្ដេចកណ្ដុរលឺហើយអស់សំណើច សើចបណ្ដើរនិយាយបណ្ដើរថា៖ «យកបងជាក្អែកមកផ្អែកជាមិត្រម្ដេចកើត?» ព្រោះថា៖
៥៤ – ក្នុងលោកនេះ អ្នកមានប្រាជ្ញតែងធ្វើសមាគមចំពោះតែអ្នកដែលមាន សភាពដូចគ្នាគួរចងជាមិត្របាន ចុះបើខ្លួនខ្ញុំត្រូវជាចំណីអាហារ អែខ្លួនបងជាអ្នកស៊ីដូច្នេះ តើគួរចងគ្នាធ្វើជាមិត្រម្ដេចបាន?។ ៥៥ – ការចងគ្នាជាមិត្ររវាងអ្នកស៊ីនិងអ្នកត្រូវគេស៊ី លោកពោលថា ហេតុនាំអោយវិបត្ដិមិត្រភាព ដូចរឿងប្រើសជាប់អន្ទាក់ព្រោះចចក បានក្អែកជួយស្រោចស្រង់។ ក្អែកសួរឡើងថា ចុះរឿងនោះដូចម្ដេច? កណ្ដុរហិរណ្យកៈ ចាប់ផ្ដើមរៀបរាប់រឿងនោះដូចតទៅនេះ….។
- (1)ទំនៀមសាសនាព្រាហ្មណ៍ ត្រូវមុជទឹកលាងបាប គេប្រកាន់ថាជាការបរិសុទ្ធ។ នៅទន្លេគង្គាប្រទេសអិណ្ឌាមានព្រាហ្មណ៍រាប់ពាន់អ្នក ចុះទៅមុជទឹកលាងបាបរាល់ៗថ្ងៃ។ នៅប្រទេសខ្មែរយើងគេយកទឹកដូងជំនួសទឹកគង្គា លាងធាតុប្រកាន់ថាបរិសុទ្ធជ្រះអុបទ្រព្យចង្រៃ។
- (2)ពាក្យមនុស្សពោលបង្ខូច។
- (3)នាមព្រះបាទបាណ្ឌពក្សត្រីយ៍មានបងប្អូន ៥ព្រះអង្គ ក្នុងរឿងមហាភារតៈ ជាអោរស នាងកុន្ដី បានជានាមខ្លះថាកោនេ្ដជា។
- (4) ការលាងដំរី អិតអំពើ ព្រោះស្បែកដំរីគ្រើមៗ ហើយដំរីចូលចិត្ដបាចដីដាក់លើខ្នងខ្លួន។
- (5) ហិតោបទេសរបស់លោកឡង់សឺរ៉ូ និង សេចក្ដីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថាលើសដូច្នេះ គឺ ការមិនបានទួន្មានអិន្ទ្រីយ លោកពោលថា ជាផ្លូវនាំអោយកើតអន្ដរាយ, ការទូន្មានអិន្ទ្រីយឈ្នះហើយជាផ្លូវនាំអោយកើតសេចក្ដីចំរើន, នរជនដើរផ្លូវណាក៏ដើរចុះតាមចិត្ដប្រាថ្នា។
- (6)ហិតោបទេសរបស់លោកឡង់សឺរ៉ូ មានគាថាលើសដូច្នេះ នរជនណា អាចជួយស្រោចស្រង់យើងអោយរួច ពីក្ដីអន្ដរាយ និង ចេះរកអុបាយជួយអោយរួចភ្លាមៗមិនបង្អង់ នរជននោះ លោកហៅថាមិត្រពិត។
- (7) សមរភូមិ ទីចំបាំងជាញជ័យ។
- (8)បុរិសលក្ខណៈនៃបុគ្គល ដ៏ប្រសើរក្នុងត្រៃភព ជាតិអិណ្ឌូចូលចិត្ដ តិលកៈ នេះយកទៅគូសនៅថ្ងាស ទុកជាគ្រឿងប្រសើរសំរាប់សំគាល់និកាយខ្លួន។
- (9) រន្ធ ប្រហោង។
- (10)សេចក្ដីស្លាប់ អ្នកកាន់សាសនាព្រាហ្មណ៍ ទុកជាទេវតាមួយអង្គ កាន់នាទីខាងការបំផ្លាញជីវិតសត្វ។
Leave a comment