សព្វថ្ងៃការប្រើប្រាស់ភាសាខ្មែរលើបណ្ដាញកុំព្យូទ័រនិងទូរសព្ទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកសារស្រាវជ្រាវនាឆ្នាំ២០១៦របស់ វិទ្យាស្ថានបើកទូលាយ (Open Institute) ស្ដីពី “ការប្រើប្រាស់អ៊ីនធើណិតនិងទូរសព្ទដៃនៅប្រទេសកម្ពុជា” បង្ហាញថា៩៦%នៃប្រជាជនកម្ពុជាមានទូរសព្ទផ្ទាល់ខ្លួនប្រើ ហើយ៧៦%នៃប្រជាជនកម្ពុជាមានទូរសព្ទដៃដែលអាចប្រើប្រាស់ភាសាខ្មែរបាន (ពោលគឺកើនឡើង២១%ធៀបនឹងទិន្នន័យកាលពីឆ្នាំកន្លងទៅ)។ ចំណែកឯលទ្ធភាពប្រើប្រាស់អ៊ីនធើណិតមាន៤៨% ប្រមាណជាពាក់កណ្ដាលនៃចំនួនប្រជាជនសរុប(ជាង១៥លាននាក់)។ ឯកសារដដែលនេះបានបង្ហាញថា ការសរសេរភាសាខ្មែរលើទូរសព្ទដៃកើនឡើងពី១៣% (នាឆ្នាំ២០១៣) ទៅ៣៨% (នាឆ្នាំ២០១៦)។ តើនេះជាសញ្ញាណល្អនៃការប្រើប្រាស់ភាសាខ្មែរក្នុងយុគសម័យបច្ចេកវិទ្យាកុំព្យូទ័រឬយ៉ាងណា?
ជាការពិតណាស់ដែលថាទូរសព្ទដៃទំនើបៗ សព្វថ្ងៃមានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់អាននិងសរសេរភាសាខ្មែរបានដោយប្រើប្រាស់ក្ដារចុចដ៏សម្បូរបែប ប៉ុន្តែបញ្ហាមួយចំនួនដែលចេះតែកើតឡើងជារឿយៗនោះគឺ កំហុសអក្ខរាវិរុទ្ធ ទាំងដោយចេតនាឬអចេតនា។ កំហុសទាំងនេះមិនសំដៅទៅលើការប្រកបរាយព្យាង្គ/តម្រួតព្យាង្គ(ឧទាហរណ៍៖ សំរាប់/សម្រាប់)ទេ តែវាទាក់ទងនឹងការធ្វេសប្រហែសរបស់អ្នកសរសេរដែលបានមើលរំលងចំណុចគន្លឹះបច្ចេកទេស ពោលគឺរបៀបវាយខ្មែរយូនីកូដឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ក្បួនខ្នាតនោះខុសពិីការសរសេរដោយដៃ និយាយឱ្យចំ យើងរាល់គ្នាមិនអាចសរសេរអក្សរណាមុនក៏បានតាមចិត្តចង់ ហើយក៏មិនមែនចេះតែផ្សំតួអក្សរបញ្ចូលគ្នាឱ្យតែមើលទៅស្រដៀងនឹងអ្វីដែលចង់បាន គឺបានហើយ នោះក៏ទេដែរ។ នៅក្នុងកម្មវិធីខ្មែរយូនីកូដ តួអក្សរត្រូវបានគេដាក់នៅលើគ្រាប់ចុចនីមួយៗរបស់ក្ដារចុច ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយត្នខ្ពស់ពេលវាយពាក្យខ្មែរ បើមិនដូច្នោះទេ ពាក្យដែលយើងវាយនឹងមិនត្រឹមត្រូវឡើយ (សូមមើលឧទាហរណ៍ក្នុងតារាងតាមចំណុចខាងក្រោម)។
ជាក់ស្ដែង មិនថាសំណេរលើវែបសាយព័ត៌មានឬ បណ្ដាញហ្វេសប៊ុកបុគ្គលទេ សំណេរដែលមិនត្រឹមត្រូវត្រូវបានគេចែកចាយបន្តឱ្យគ្នា ជាហេតុធ្វើមនុស្សម្នាកាន់តែច្រើនយកគំរូតាមការប្រកបដែលខុសនោះ។ ផ្អែកលើបទពិសោធន៍ការងារផ្នែកភាសាវិទ្យា ខ្ញុំសូមលើកយកចំណុចដែលជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះមកបង្ហាញដើម្បីជួយដាស់ស្មារតីនិងកាត់បន្ថយកំហុស៖
១. យុគ្គលពិន្ទុ (ៈ) និង ចុចពីរ (:)
សញ្ញាទាំងពីរនេះមើលទៅដូចគ្នាពេលគេផ្គុំវាជាមួយព្យញ្ជនៈ តែវាខុសគ្នាស្រឡះ។ យុគ្គលពិន្ទុជារបស់ខ្មែរ ចំណែកឯចុចពីរជារបស់ឡាតាំង។ ដូច្នេះ យើងត្រូវប្រើវាឱ្យត្រូវតាមមុខងាររបស់វា! ជាងនេះទៅទៀតមានការប្រើប្រាស់ខុសជាច្រើនអន្លើអំពីការប្រើយុគ្គលពិន្ទុ ឧទាហរណ៍ “លក្ខណៈ” ត្រូវបានគេសរសេរជា “លក្ខណះ” ក៏មាន។
ការភ័ន្តច្រឡំ | ឧទាហរណ៍ | បន្សំតួត្រូវ | បន្សំតួខុស |
យុគ្គលពិន្ទុ (ៈ) និង ចុចពីរឡាតាំង (:) និង ស្រៈ (ះ) |
រយៈ | រ យ ៈ (រយៈ) | រ យ : (=រយ:) |
លក្ខណៈ | ល ក ្ ខ ណ ៈ (=លក្ខណៈ) | ល ក ្ ខ ណ : (=លក្ខណ:)ល ក ្ ខ ណ ះ (=លក្ខណះ) |
២. ជើងព្យញ្ជនៈស្រដៀងៗគ្នា
ជើងព្យញ្ជនៈខ្លះមានលក្ខណៈស្រដៀងគ្នា ឬ ដូចគ្នាតែម្ដង សូមមើលឧទាហរណ៍ខាងក្រោម៖
ការភ័ន្តច្រឡំ | ឧទាហរណ៍ | បន្សំតួត្រូវ | បន្សំតួខុស |
ជើង ត (្ត) និង ជើង ដ (្ដ) |
ស្ដាំក្ដី | ស ្ ដ ាំ (=ស្ដាំ)ក ្ ដ ី (=ក្ដី) | ស ្ ត ាំ (ស្តាំ)ក ្ ត ី (ក្តី) |
ជើង ច (្ច) និង ជើង ជ (្ជ) |
បញ្ជាក់ | ប ញ ្ ជ ា ក ់ (=បញ្ជាក់) | ប ញ ្ ច ា ក ់ (=បញ្ចាក់) |
ជើង ថ (្ឋ) និង ជើង ធ (្ធ) |
រដ្ឋសិទ្ធិ | រ ដ ្ ឋ (=រដ្ឋ)ស ិ ទ ្ ធ ិ (=សិទ្ធិ)
|
រ ដ ្ ធ (=រដ្ធ)ស ិ ទ ្ ឋ ិ (=សិទ្ឋិ) |
ជើង ង (្ង) និង ជើង ញ (្ញ) |
ខ្ញុំ | ខ ្ ញ ុំ (=ខ្ញុំ) | ខ ្ ង ុំ (=ខ្ងុំ) |
ជើង ក (្ក) និង ជើង គ (្គ) |
ស្គាល់ស្កាល់ | ស ្ គ ា ល ់ (=ស្គាល់) | ស ្ ក ា ល ់ (=ស្កាល់) |
ជើង ស (្ស) និង ជើង យ (្យ) |
ពាក្យ | ព ា ក ្ យ (=ពាក្យ) | ព ា ក ្ ស (=ពាក្ស) |
៣. ស្រៈ
ស្រៈខ្លះអាចធ្វើឱ្យមានការមិនស៊ីសង្វាក់គ្នាក្នុងចំណោមអ្នកប្រើប្រាស់ ពេលខ្លះគេផ្សំបញ្ចូលគ្នាតាមចិត្តដោយមិនបានគិតថាមួយត្រឹមត្រូវ មួយណាមិនត្រឹមត្រូវទេ។ និយាយឱ្យចំគឺឱ្យតែអានរួចគឺជាការស្រេច។ នេះហើយជាបញ្ហា។ ឧទាហរណ៍ខាងក្រោមបង្ហាញថា ស្រៈ “ំ” និងស្រៈ “ះ” គួរតែដាកបន្ទាប់ពីស្រៈផ្សេងទៀតដែលវាផ្សំជាមួយ ពោលគឺ ស្រៈ “ុ ា ោ”។ ចំណែកឯស្រៈ “ោ” និង ស្រៈ “ើ” មិនត្រូវប្រើផ្សំគ្នារវាង ស្រៈ “េ” និង ស្រៈ “ា” ឬ ស្រៈ “ី” ឡើយ។
ការភ័ន្តច្រឡំ | ឧទាហរណ៍ | បន្សំតួត្រូវ | បន្សំតួខុស |
ស្រៈ ុំ | កុំ | ក ុ ំ (=កុំ) | ក ំ ុ (=កំុ) |
ស្រៈ ាំ | ចាំ | ច ា ំ (=ចាំ) | ច ំ ា (=ចំា) |
ស្រៈ ោ | សោ | ស ោ (=សោ) | ស េ ា (=សេា)ស ា េ (=សាេ) |
ស្រៈ ោះ | កោះ | ក ោ ះ (=កោះ) | ក េ ា ះ (=កេាះ)ក ា េ ះ (=កាេះ) |
ស្រៈ ើ | តើ | ត ើ (តើ) | ត េ ី (=តេី)ត ី េ (=តីេ) |
៤. ការផ្គុំអក្សរខុស
ដូចចំណុចទី៣ដែរ ជំនួសឱ្យការស្វែងរកតួអក្សរដែលត្រឹមត្រូវ អ្នកប្រើប្រាស់បែរជាយកព្យញ្ជនៈផ្សំនិងជើងដើម្បីឱ្យចេញជាតួអក្សរដែលគេចង់បាន។ ឧទាហរណ៍ អក្សរ “ឡ” គេបែរជាយកអក្សរ “ទ” មកផ្សំនិងជើង “្ប” ដើម្បីបានជា “ទ្ប” តែនេះមិនមែនជាអក្សរ “ឡ” នោះទេ។ សូមមើលឧទាហរណ៍ផ្សេងទៀតខាងក្រោម!
ឧទាហរណ៍ | បន្សំតួត្រូវ | បន្សំតួខុស |
ឰ | ឰ (តែមួយតួគត់) | ព ្ ធ (=ព្ធ) |
ឡ | ឡ (តែមួយតួគត់) | ទ ្ ប (=ទ្ប) |
ឫ | ឫ (តែមួយតួគត់) | ប ្ ញ (=ប្ញ) |
ឭ | ឭ (តែមួយតួគត់) | ព ្ ញ (=ព្ញ) |
ញ | ញ (តែមួយតួគត់) | ព ា ្ ញ (=ពា្ញ) ព ្ ញ ា (=ព្ញា) |
៥. ស្រៈពេញតួស្រដៀងៗគ្នា
- “ឫ” និង “ឬ”
- ឬកពារ (ខុស) ឫកពារ (ត្រូវ)
- ឬស្សី (ខុស) ឫស្សី (ត្រូវ)
- “ឭ” និង “ឮ”
- រឮក (ខុស) រឭក (ត្រូវ)
- ពញាឭ (ខុស) ពញាឮ (ត្រូវ)
- “ឧ” “ឱ” “ឪ” និង “ឳ”
- ឧពុក (ខុស)
ឱពុក (ខុស)
ឳពុក (ខុស) ឪពុក (ត្រូវ) - ឳកញ៉ា (ខុស)
- ឧពុក (ខុស)
ឱកញ៉ា (ខុស) ឧកញ៉ា (ត្រូវ)
បញ្ហាទាំងនេះប្រហែលជាកើតឡើងដោយសារមហាជនមិនបានស្វែងយល់ឬអានសេចក្ដីណែនាំពីរបៀបវាយពាក្យខ្មែររបស់យូនីកូដខ្មែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រក្ដី ទូរសព្ទក្ដី សូមមេត្តាជៀសវាងនូវកំហុសដែលបានរៀបរាប់ខាងលើ ហើយសរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ បើមិនដូច្នោះទេ អក្ខរាវិរុទ្ធភាសាខ្មែរនឹងច្របូកច្របល់ ហើយបង្ករការលំបាកដល់ការអភិរក្សនិងអភិវឌ្ឍភាសាខ្មែរយើង។ ការចេះតែប្រើតាមគ្នានាំឱ្យបញ្ហានេះកាន់តែយ៉ាប់ទៅៗ តួយ៉ាងការប្រកបពាក្យ “អូរឬស្សី” (ពាក្យខុស) មានច្រើនជាង “អូរឫស្សី” (ពាក្យត្រូវ) ទៅទៀត នេះបើមើលលើតួលេខនេះការស្វែងរកក្នុងហ្គូហ្គល។ និយាយឱ្យចំ នៅក្នុងហ្គូហ្គល គេរកឃើញលទ្ធផលសម្រាប់ការស្វែងរកពាក្យ “អូរឬស្សី” (ពាក្យខុស) ដល់ទៅ ២៣៧ ០០០ ខណៈលទ្ធផលសម្រាប់ពាក្យ “អូរឫស្សី” (ពាក្យត្រូវ) វិញ មានតែ ៣៣ ៨០០។ គំលាតដ៏ធំនេះគឺបណ្ដាលមកពីមហាជនយល់ច្រឡំថាពាក្យខុសជាពាក្យត្រូវទើបនាំគ្នាប្រើច្រើនយ៉ាងនេះនៅលើបណ្ដាញអ៊ីនធើណេត។
ម្យ៉ាងវិញទៀត អ្វីដែលមិនអាចប្រកែកបាននោះគឺក្ដារចុចសព្វថ្ងៃពិបាកប្រើណាស់សម្រាប់អ្នកដែលមិនធ្លាប់ប្រើខ្មែរយូនីកូដនៅក្នុងកំព្យូទ័រ ព្រោះថាគេពិបាករាវរកតួអក្សរដេលគេចង់វាយ ហើយណាមួយទៀតវាត្រូវការពេលវេលាយូរដើម្បីវាយបានមួយពាក្យ។ និយាយឱ្យចំ អ្នកទើបនឹងប្រើទូរសព្ទមិនអាចស្មានឬចាំបានភ្លាមៗទេ ថាតួអក្សរណានៅត្រង់ណាឬលើគ្រាប់ចុចមួយណា ឱ្យតែឃើញស្រដៀងៗ ប្រហែលៗ ក៏ចុចយកតែម្ដង។ ហេតុដូច្នេះហើយបានជាមានកំហុសអក្ខរាវិរុទ្ធជាច្រើននៅលើអ៊ីនធើណិត(ជាពិសេសហ្វេសប៊ុកតែម្ដង)។ ប្រសិនបើអ្នកប្រើប្រាស់ភាសាខ្មែររាល់គ្នាបានស្វែងយល់ពីចំណុចដែលបានរៀបរាប់ខាងលើ ហើយបើមានក្ដារចុចមួយដែលអាចជួយសម្រួលដល់ការស្វែងរកគ្រាប់ចុចដែលគេចង់វាយនិងអាចកែកំហុសអក្ខរាវិរុទ្ធដែលបានរៀបរាប់ខាងលើដោយស្វ័យប្រវត្តិតែម្ដង នោះកំហុសអក្ខរាវិរុទ្ធនឹងថយចុះ ហើយគេអាចសន្និដ្ឋានបានថាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតអត្ថបទជាភាសាខ្មែរនៅលើបណ្ដាញអ៊ីនធើណិតទាំងមូលដែលមានភាសាខ្មែរនឹងលែងមានកំហុសអក្ខរាវិរុទ្ធទៀតហើយ៕
Leave a comment