កាលកន្លងយូរមកហើយ មានវិចិត្រករម្នាក់ ជាមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ ទើប
មានសិស្សគណរាប់មិនអស់។ ក្នុងចំណោមសិស្សគណទាំងនោះមានពីរនាក់ដែលអាចគូររូប
បានយ៉ាងអច្ឆរិយៈ ថ្វីដៃរបស់ពួកគេទាំងពីរនាក់មិនអន់ជាងគ្នាឡើយ ទើបនរណាៗ ក៏ហៅ
សិស្សទាំងពីរនាក់នេះថា សិស្សច្បងធំហើយនឹងសិស្សច្បងទីពីរ។ តាមធម្មតា សិស្សច្បងធំ
ជាមនុស្សរហ័សរហួនឆ្លាតវាងវៃ ចាត់ទុកថាជាមនុស្សល្អិតល្អន់ម៉ត់ចត់ ពូកែសង្កេត។ ចំណែក
សិស្សច្បងទីពីរវិញ ជាមនុស្សដែលមានចិត្តគំនិតល្អឥតខ្ចោះ មិនពូកែនិយាយស្តីប៉ុន្មានទេ។
ឆ្នាំនេះកូនសិស្សទាំងអស់នឹងបញ្ចប់ការសិក្សាហើយ។ ថ្ងៃមួយ លោកគ្រូបាននិយាយជាមួយ
កូនសិស្សគ្រប់គ្នាថាៈ-
” ប្រាំពីរថ្ងៃទៀត សូមអ្នកទាំងអស់គ្នានាំយករូបភាពម្នាក់មួយរូបមកឲ្យលោកគ្រូ។ រូបភាពនេះ
ចាត់ទុកថាជាវិញ្ញាសារប្រលងចុងក្រោយបង្អស់ហើយ ដូច្នេះទើបហាមមើលគ្នា និង ហាម
ជួយគ្នាពេលគូររូបឲ្យម្នាក់ៗ ចូរគូររូបរៀងៗ ខ្លួន លោកគ្រូនឹងចាំមើលថាតើនរណាគូររូបបាន
ល្អបំផុត។ ម្យ៉ាងទៀតពេលនាំរូបភាពមកឲ្យគ្រូ សូមឲ្យគ្រប់គ្នាយកក្រណាត់ខ្មៅឃ្លុំរូបភាព
របស់ខ្លួនទុក ហើយនាំយកមកព្យួរទុកនៅលើជញ្ជាំង ដល់ពេលនោះ យើងនឹងបានជួយគ្នា
កាត់សេចក្តី”។
កូនសិស្សទាំងឡាយបានស្តាប់ដូច្នេះហើយ ទើបនាំគ្នាត្រឡប់ទៅគូររូបរបស់ខ្លួនយ៉ាងយក
ចិត្តទុកដាក់ផ្ចិតផ្ចង់បំផុត តែគ្រប់គ្នាក៏ដឹងច្បាស់ស្រេចទៅហើយថា ពានរង្វាន់នឹងត្រូវបាន
ទៅសិស្សសំណព្វទាំងពីរនាក់នោះយ៉ាងពិតប្រាកដ។
ចំណែកសិស្សច្បងធំក៏ត្រិះរិះថាៈ- ” តាមធម្មតាថ្វីដៃរបស់យើងទាំងពីរនាក់មិនខ្ពស់ទាបជាង
គ្នាប៉ុន្មានឡើយ ម្តងនេះអញត្រូវតែអួតថ្វីដៃឲ្យលោកគ្រូទទួលស្គាល់។ អញត្រូវតែជាសិស្ស
ពូកែលេខមួយ ស្នាដៃរបស់អញត្រូវតែលេចធ្លោជាងសិស្សប្អូនទីពីរ អញត្រូវតែឈ្នះសិស្ស
ប្អូនទីពីរឲ្យបាន”។
និយាយពីសិស្សច្បងទីពីរវិញបែរជាធ្វើខ្លួនសប្បាយៗ មិនប្រញាប់ប្រញាល់អ្វី កាលបើមាន
នរណាសួរថា “គូររូបដល់ណាហើយ?” គេក៏ញញឹមៗ ឆ្លើយតប ថា “ជិតរួចហើយ ជិតស្រេច
បាច់ហើយ”។
សិស្សដទៃទៀតឃើញដូច្នេះ ក៏នាំគ្នារិះគន់និន្ទាគេក្នុងចិត្តថាៈ- “គាត់នេះប្រហែលអាងថា
តាមធម្មតាគេក៏គូររូបបានល្អជាយើង ដូច្នេះហើយបានជាគេធ្វើឫកសប្បាយៗ យ៉ាងនេះ
អញ្ចឹងល្អហើយ! ចាំមើលដល់ថ្ងៃកាត់សេចក្តី តើថ្វីដៃគេវិសេសប៉ុណ្ណាទៅ?”។
សិស្សច្បងធំកាលបើដឹងរឿងរបស់សិស្សច្បងទីពីរដូច្នេះហើយ ក៏គិតក្នុងចិត្តថាៈ- “តាម
មើលអាគាត់នេះប្រហែលជាឡប់សតិហើយ អញ្ចឹងល្អហើយ អញត្រូវតែយកឈ្នះឯងឲ្យបាន…
” គេគិតដូច្នេះហើយក៏រឹតតែផ្ចិតផ្ចង់គូររូបឲ្យល្អលើសដើមថែមមួយកម្រឹតទៀត។ នៅក្នុងចិត្ត
របស់គេពោរពេញទៅដោយការប្រណាំងប្រជែងឈ្នះចាញ់ ទើបប្រឹងប្រែងស្ទើរតែមិនបាន
ដេកមិនបានពួនឡើយ។ គេអត់ងងុយជាច្រើនថ្ងៃរហូតភ្នែកទាំងសងខាងឡើងក្រហមច្រាល់
ហើយរាង្គកាយក៏ស្គាំងស្គមស្លេកស្លាំងមើលលែងចង់បាន។
មួយពព្រិចភ្នែក ពេលវេលាប្រាំពីរថ្ងៃក៏បានមកដល់ លោកគ្រូបញ្ជាឲ្យសិស្សទាំងអស់នាំ
យករូបភាពរបស់ខ្លួនមកប្រគល់ឲ្យបានហើយ…។
សិស្សគ្រប់គ្នាបានយកក្រណាត់ខ្មៅមកឃ្លុំរូបភាពរបស់ខ្លួន ហើយនាំយកទៅព្យួរនៅលើ
ជញ្ជាំងក្នុងបន្ទប់របស់លោកគ្រូ ដើម្បីរងចាំស្តាប់ការវិភាគវិចារណ៍កាត់សេចក្តីរបស់លោកគ្រូ។
សិស្សច្បងធំគេបានលះបង់កម្លាំងកាយចិត្តគូររូបភាពនេះពេញមួយសប្តាហ៍ ថ្ងៃនេះគេមានការ
ជឿជាក់យ៉ាងពេញប្រៀប ដូច្នេះហើយទើបគេនាំរូបភាពរបស់ខ្លួនទៅព្យួរនៅត្រង់កន្លែងដែល
ងាយនឹងមើលឃើញបំផុត ដើម្បីរងចាំការកោតសរសើរអំពីលោកគ្រូ។ ចំណែកសិស្សច្បងទីពីរ
វិញ ក៏នៅដូចដើមគ្រប់ប្រការគេធ្វើខ្លួនធម្មតាដូចការប្រលងគ្រប់គ្រាក្នុងកាលកន្លងមក មិនមាន
ការញាប់ញ័រសូម្បីតែបន្តិច។ គេនាំយករូបភាពរបស់ខ្លួនទៅទុកនៅចុងបំផុតនៃបន្ទប់។
លោកគ្រូដើរតម្រង់ទៅរករូបភាពរបស់សិស្សច្បងធំមុនពិតប្រាកដមែន។ លោកគ្រូទាញ
ក្រណាត់ខ្មៅចេញគ្រប់គ្នានៅក្នុងបន្ទប់ស្រែកឡើងដោយភ្ញាក់ផ្អើល តាមពិតសិស្សច្បងធំគូរ
រូបភាពផ្កា អ័រគីដេ (ផ្កាកេសរ) ដែលកំពុងរីកស្គុសស្គាយ ផ្កាពណ៌ក្រហមស្រស់ប្រដាប់ដោយ
ស្លឹកពណ៌បៃតងមរកត ពិតជាស្អាតឥតខ្ចោះអ្វីយ៉ាងនេះ គ្រប់គ្នាមើលរូបភាពនេះហើយក៏ហាក់
ដូចជាបានទទួលក្លិនក្រអូបឈ្ងុឈ្ងប់ពីផ្កានៅក្នុងរូបភាពសម្លេងហ៊ឹងៗ របស់ឃ្មុំបានហើរតាម
បង្អួចមករកផ្កាអ័រគីដេរបស់សិស្សច្បងធំភា្លម។
“អូហូ…សិស្សច្បងធំគូររូបផ្កា អ័រគីដេ បានស្រស់បំព្រងស្អាតឥតខ្ចោះហាក់ដូចជាផ្កាពិតប្រាកដ
អញ្ចឹង”
“របស់ពិតនៅស៊ូជាមួយផ្កាក្នុងរូបភាពនេះមិនបានផង”
“រូបភាពនេះធ្វើឲ្យអ្នកទស្សនាច្របូកច្របល់ថា ផ្កាណាជារបស់ពិត ផ្កាណាជារបស់ប៉ម”
“…………………………………”
ពពួកសិស្សានុសិស្សនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយនាំគ្នាចោមរោមសិស្សច្បងធំដើម្បី
សម្តែងសេចក្តីត្រេកអរ។ សិស្សច្បងទីពីរក៏មិនមានសម្តែងកិរិយាឥច្ឆាឈ្នានីសអ្វីឡើយ
តម្រង់មកសម្តែងសេចក្តីត្រេកអរជាមួយសិស្សច្បងធំដូចគ្នា តែសិស្សច្បងធំត្រឡប់គេចបែរ
មុខទៅខាងបង្អួចយ៉ាងឆ្មើងឆ្មៃ មិនខ្វល់ជាមួយមនុស្សម្នាដែលចូលរួមសម្តែងសេចក្តីត្រេក
អរឡើយ។
លោកគ្រូគ្រាន់តែញញឹមបន្តិចៗ ហើយដើរមើលរូបភាពផ្សេងៗ តទៅទៀត។ ពេលនេះ
លោកគ្រូដើរមកឈប់ឈរនៅមុខរូបភាពរបស់សិស្សច្បងទីពីរហើយ គ្រាន់តែឈោងដៃ
បើកក្រណាត់ឃ្លុំពណ៌ខ្មៅប៉ុណ្ណឹងឯង លោកគ្រូក៏ឧទានឡើងដោយភ្ញាក់ផ្អើលថាៈ- “អូហូ–”
ព្រមទាំងងក់ថយក្រោយពីរជំហាន ពេលលោក
គ្រូតាំងសតិបាន ទើបសរសើរមិនដាច់ពីមាត់ថាៈ- “គូរបានល្អអស្ចារ្យណាស់ គឺជាអច្ឆរិយៈ
ពិតប្រាកដមែន”។
បណ្ដាសិស្សគណនៅមិនទាន់បានឃើញរូបភាពនោះយ៉ាងជាក់ច្បាស់នៅឡើយ កាលបើ
ឃើញលោកគ្រូសម្តែងកិរិយាភ្ញាក់ផ្អើលដូច្នោះ ក៏នាំគ្នារត់ស្រ៊ូចូលមកបើកក្រណាត់ខ្មៅមើល
ផងដែរ តែគ្រាន់តែបើកក្រណាត់ខ្មៅចេញប៉ុណ្ណឹងឯង ម្នាក់ៗ ក៏ស្រែកឡើងថាៈ- “អូហូ–”។
សិស្សច្បងធំភ្ញាក់ព្រើតប្រញាប់ឈានជើងចូលមកមើលដែរ គាត់គិតក្នុងចិត្តថាៈ- “នរណាៗ
ក៏ស្រែកកោកកាកសរសើរថាគេគូរបានល្អខ្លាំងណាស់ គេពិតជាគូរបានល្អជាងអញពិតមែនឫ?”
កាលសិស្សច្បងដើរមកដល់មុខរូបភាព ក៏ប្រញាប់បើកក្រណាត់ឃ្លុំចេញ វត្ថុដែលប្រាកដគឺ
ក្នុងនោះនៅមានក្រណាត់ពណ៌ខ្មៅមួយផ្ទាំងទៀត សិស្សច្បងធំមោហោរហូតញ័រមាត់ដើរមក
តវ៉ាពាក្យសម្តីជាមួយលោកគ្រូថាៈ-
“លោកគ្រូ លោកគ្មានភាពយុត្តិធម៌ឡើយ”
“មិនយុត្តិធម៌យ៉ាងណា មើលសាកនិយាយមកមើល៍”
“តាំងតែចាប់ផ្តើមប្រកួតប្រជែង សិស្សក៏ប្រឹងប្រែងគូររូបភាពទាំងយប់ទាំងថ្ងៃ តែសិស្សប្អូន
ទីពីរបែរជាព្រងើយកន្តើយ មិនចាប់អារម្មណ៍ការប្រលងលើកនេះសូម្បីបន្តិច លុះដល់ពេល
ប្រគល់រូបភាព គេក៏យកក្រណាត់ឃ្លុំរូបភាពពណ៌ខ្មៅមកប្រគល់ឲ្យបែបនេះ គឺស្មើនឹងគ្មាន
បានធ្វើអ្វីឡើយ លោកនៅសរសើរគេទៀតតើគេសមគួរបានទទួលការកោតសរសើរពីលោកគ្រូ
ហើយឫ?”។
លោកគ្រូសើច ឃឹ ឃឹ និយាយថាៈ- “សិស្សប្អូនទីពីររបស់ឯងគូររូបបានល្អឥតខ្ចោះក៏ព្រោះ
គេមានអាថ៌កំបាំងមួយនេះឯង គេគូររូបភាពរួចស្រេចទៅហើយ តែនរណាៗ ក៏គិតថាគេ
មិនបានគូរអ្វី”។
សិស្សច្បងធំបានឮដូច្នោះ ទើបប្រញាប់ដើរត្រឡប់មកឯកន្លែងរូបភាពរបស់សិស្សប្អូនទីពីរ
ម្តងទៀត។ គេបើកក្រណាត់ឃ្លុំចេញ គ្រប់យ៉ាងទើបប្រចក្សចំពោះខ្សែភ្នែក តាមពិតសិស្ស
ច្បងទីពីរគូររូបក្រណាត់ខ្មៅមួយផ្ទាំងហ្នឹងឯង គូរបានដូចក្រណាត់ឃ្លុំពណ៌ខ្មៅមែនទែន
ដោយគ្មានអ្វីខុសឆ្គងសូម្បីតែបន្តិច ធ្វើឲ្យទាំងអស់គ្នាព្រមទទួលស្គាល់គំនិតច្នៃប្រឌិត ហើយនឹង
ទិចនិចការគូររូបភាពរបស់គេយ៉ាងមិនអាចបដិសេដបាន។ ចំណែកសិស្សច្បងធំឯណោះវិញ
គេបានតែឈរភ្លឹកមួយស្របក់ទើបដើរចេញមកដោយមិននិយាយស្តីអ្វី។គេឈរនៅក្បែរៗ
លោកគ្រូ ឳនមុខក្រងុលដោយក្តីខ្មាសអៀន។
លោកគ្រូទើបប្រៀនប្រដៅសិស្សានុសិស្សដោយក្តីស្រឡាញ់ និងមេត្តាករុណាថា “សិស្ស
ទាំងឡាយអើយអ្នកចូរចាំគតិប្រាជ្ញារបស់ពិភពលោកយើងទុកឲ្យជាក់ច្បាស់ ទឹកកកដែល
ចាប់ជាប់គ្នាកម្រាស់ ៣ មែត្រ គឺមិនមែនកើតមកពីការរងារត្រជាក់ក្នុងរយៈពេលមួយថ្ងៃនោះទេ។
មួយសប្តាហ៍កន្លងទៅនេះ អ្នកបានលះបង់កម្លាំងកាយចិត្តគូររូបភាពយ៉ាងឧស្សាហៈ គូរទាំងយប់
ទាំងថ្ងៃ ចិត្តគំនិតដូច្នេះគួរឲ្យកោតសរសើរណាស់គ្រាន់តែថាសិស្សច្បងទីពីររបស់អ្នកនោះ
គេឧស្សាហ៍ព្យាយាមគូររូបភាពរាល់យប់ថ្ងៃតាំងពីពេលដែលគេបានឈានជើងចូលមកកាន់
សំណាក់នេះ។ គេមានមានៈប្រឹងប្រែងបែបនេះជារាងរហូតមក ដូច្នេះទើបទទួលបាននូវភាព
ជោគជ័យក្នុងថ្ងៃនេះ។ ការដែលអ្នកទាំងអស់គ្នាឃើញគេធ្វើខ្លួនសប្បាយៗ ក្នុងពេលប្រលងនោះ
ក៏ព្រោះគេបានឆ្លងកាត់ការហ្វឹកហាត់ដ៏តឹងរឹងមកជាយូរថ្ងៃហើយ។ គេលំបាកមកជាច្រើនហើយ
ពេលនេះទើបគេមានចំណេះដឹងនិងបទពិសោធន៍ពេញនែន ដូចទឹកកកដែលចាប់ជាប់គ្នាកម្រាស់
៣ មែត្រគេរមែងមានអារម្មណ៍សប្បាយពេលលោកគ្រូត្រូវការសាកល្បង”។
ការប្រលងលើកនេះ បានផ្តល់នូវគតិបណ្ឌិតឲ្យសិស្សច្បងធំមិនតិចទេ តាំងពីពេលនោះជាដើម
មក គេក៏ដាក់ខ្លួនហ្វឹកហាត់គូររូបភាពយ៉ាងយកចិត្តទុកដាក់ ប្រព្រឹត្តខ្លួនជាមនុស្សស្មោះត្រង់
ពិតប្រាកដ មិនយូរប៉ុន្មាន គេក៏ទទួលបាននូវភាពជោគជ័ដ៏ល្អឥតខ្ចោះដូចគ្នាដែរ៕
Leave a comment