ខាងក្រោមនេះ អ្នកនឹងបានឃើញនូវកម្រងសំនួរដែលពេញនិយមទាំង១០ ដែលអ្នកសម្ភាសន៍អាចនឹងសួរអ្នក។
- ចូរណែនាំអំពីខ្លួនអ្នក
ជាធម្មតា នៅក្នុងសំណួរនេះ អ្នកអាចនិយាយបញ្ជាក់ ទៅកាន់អ្នកសម្ភាសន៍អំពី ប្រវិត្តិសិក្សា ស្រុកកំណើត ឬក៏ ចំនង់ចំណូលចិត្តរបស់អ្នកបន្ថែមលើអ្វីដែលបានសរសេរទុកក្នុង ឯកសារការងាររបស់អ្នក គឺជាការស្រេច។
- តើអ្នកធ្លាប់បានដឹងអ្វីខ្លះអំពីក្រុមហ៊ុននេះ?
ចូរធ្វើការ ស្រាវជ្រាវជាមុន អំពីជីវប្រវិត្តរបស់ក្រុមហ៊ុន មុនពេលទៅសម្ភាសន៍។ ការស្រាវជ្រាវ ជាមុនបែបនេះ គឺអាចបង្ហាញឲ្យឃើញអំពីចំណាប់អារម្មណ៍របស់អ្នក ទៅលើក្រុមហ៊ុន ជាខ្លាំង ហើយក៏អាចបង្ហាញថាអ្នកចាប់អារម្មណ៍លើវិស័យការងារ និង ឧស្សាហកម្ម របស់ក្រុមហ៊ុននោះផងដែរ។
- ចូរបង្ហាញអំពីភាពខ្លាំង និង ភាពខ្សោយរបស់អ្នក
អ្នកគួរតែឆ្លើយដោយត្រង់អំពីចំណុចខ្លាំងរបស់អ្នកឲ្យបានច្បាស់ ការដែលល្អនោះគឺ អ្នកគួរតែចេះប្តូរ ចំណុចខ្សោយរបស់អ្នកឲ្យប្រែក្លាយជាចំណុចខ្លាំងវិញ។
ឧទាហរណ៍ អ្នកអាចលើកយកភាពខ្សោយរបស់អ្នក ដោយផ្តើមឡើងថា “ខ្ញុំគឺជា មនុស្សម្នាក់ដែលចូលចិត្តសម្រេចការងារជាច្រើនក្នុងពេលតែមួយ”។ ចម្លើយបែបនេះ ហាក់ដូចជាចំណុចខ្សោយរបស់អ្នក ក៏ប៉ុន្តែក៏អាចជាចំណុចខ្លាំងរបស់អ្នកផងដែរ ដែល បង្ហាញថា អ្នកជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងការងារច្រើនយ៉ាងក្នុងពេលតែមួយ។
- ហេតុអ្វីបានជាអ្នកសម្រេចចិត្តចាកចេញពីការងារចាស់របស់អ្នក?
អ្នកត្រូវតែឆ្លើយសំណួរនេះយ៉ាងណាឲ្យស្ថិតក្នុងន័យវិជ្ជមាន ទោះបីជាស្ថានភាព ការងារចាស់របស់អ្នកអាក្រក់យ៉ាងណាក្តី។ អ្វីដែលសំខាន់នោះគឺ អ្នកហាមដាច់ខាត មិនត្រូវធ្វើការរិះគន់ពីមេដឹកនាំចាស់របស់អ្នកឡើយ។
- ហេតុអ្វីបានជាអ្នកមានការចាប់អារម្មណ៍លើមុខដំណែងមួយនេះ?
នេះគឺជាសំណួរ ដើម្បីឲ្យអ្នកនិយាយបង្ហាញអំពីចំណង់ចិត្តរបស់អ្នកមកកាន់ការងារ ណាមួយ ដោយអ្នកគួរតែនិយាយអំពី ជំនាញ និង បទពិសោធន៍ការងារផ្សេងៗ ដែល អាចត្រូវទៅនឹងតម្រូវការការងារដែលក្រុមហ៊ុននោះចង់បាន។
- តើអ្នកធ្លាប់ជួបប្រទះស្ថានភាពពិបាកណាមួយក្នុងជីវិតរបស់អ្នកដែរឬទេ? តើអ្នកដោះស្រាយយ៉ាងដូចម្តេចដែរ?
ចំពោះសំណួរនេះ អ្នកសម្ភាសន៍ចង់ធ្វើការសាកល្បងលើ សមត្ថភាពបញ្ញារបស់អ្នក ក្នុងការស្វែងរកដំណោះស្រាយ ទៅលើចំនោទបញ្ហាណាមួយ។ អ្វីដែលអ្នកគួរតែធ្វើនោះគឺ នឹករកនូវស្ថានភាពលំបាកណាមួយ ដែលអ្នកធ្លាប់បានជួបប្រទះក្នុងជីវិតរបស់អ្នកកន្លង មក ហើយប្រាប់ពីដំណោះស្រាយរបស់អ្នកលើបញ្ហានោះទៅកាន់អ្នក សម្ភាសន៍។
- ប្រសិនបើអ្នកត្រូវបានជ្រើសរើស តើអ្នកអាចផ្តល់អ្វីខ្លះដល់ក្រុមហ៊ុនមួយនេះ?
សំណួរនេះគឺចង់ឲ្យអ្នក ឆ្លុះបញ្ចាំងអំពីការតស៊ូ និង ឆន្ទះ របស់អ្នក ក្នុងការបម្រើការ ការងារ ជូនក្រុមហ៊ុន និង ជាប្រយោជន៍ដល់ក្រុមហ៊ុន។ ដើម្បីអាចឆ្លងកាត់សំនួរនេះ បានអ្នកគួរតែបង្ហាញអំពីជំនាញ ចំណេះដឹង របស់អ្នកដែលអាចជាប្រយោជន៍ដល់ការ អភិវឌ្ឍរបស់ក្រុមហ៊ុន។
- តើអ្នកមានគម្រោងការងារអនាគតអ្វីដែរ?
អ្នកគួរតែបង្ហាញនូវមហិចិ្ឆតារបស់អ្នកក្នុងមុខដំណែង ដែលអ្នកដាក់ស្នើ ដោយនិយាយប្រាប់អ្នកសម្ភាសន៍ថា អ្នកចង់ក្លាយជាមេដឹកនាំ ឬក៏ នាយកប្រតិបត្តិក្នុងផ្នែកនោះ។
ឧទាហរណ៍ បើអ្នកដាក់ស្នើ ទៅលើផ្នែក Sale Supervisor ហើយអ្នកគួរតែនិយាយថា “ខ្ញុំចង់ក្លាយជានាយកប្រតិបត្តិលក់ នៅថ្ងៃអនាគត”។
- តើកន្លងមក អ្នកធ្លាប់ទទួលបានសមិទ្ធិផលអ្វីខ្លះ?
អ្នកគួរតែឆ្លើយឲ្យត្រង់ៗ អំពីសមិទ្ធិផលនៃការងារចាស់របស់អ្នក ឬ សមិទ្ធិផលដែល អ្នកបានទទួលពេលកំពុងសិក្សាក្នុងមហាវិទ្យាល័យទៅកាន់អ្នកសម្ភាសន៍។ ឧទាហរណ៍ “ខ្ញុំត្រូវបានជ្រើសឲ្យទៅបង្កើតប្រតិបត្តិការណ៍ជំនួញ សំរាប់ សាខាស្ថាប័ន ការងារ CamUp Job Agency ថ្មីមួយ នៅឯប្រទេសមីយ៉ាន់ម៉ា ហើយខ្ញុំបានសម្រេច ការងារដោយជោគជ័យជូនក្រុមហ៊ុនជាពិសេស”។
- តើអ្នករំពឹងអាចទទួលបានប្រាក់បៀវត្តន៍ប៉ុន្មានដែរ?
អ្វីដែល អ្នកគួរធ្វើនោះគឺ និយាយប្រាប់អ្នកសម្ភាសន៍អំពីចន្លោះតម្លៃប្រាក់ខែដែលអ្នករីករាយ នឹងពិគ្រោះ។ ប្រសិនបើ អ្នកពិតជាចង់បានការងារណាមួយធ្វើក្នុងពេលឆាប់ នោះអ្នក គួរតែប្រាប់អ្នកសម្ភាសន៍ថា ប្រាក់ខែគឺមិនមែនជារឿងសំខាន់សម្រាប់អ្នកឡើយ។ ម្យ៉ាងវិញទៀត អ្នកគួរតែចេះនិយាយប្រាប់អ្នកសម្ភាសន៍ ដោយភ្ជាប់អំពីបទពិសោធន៍ ការងារចាស់ ដោយបង្ហាញពីទំហំការងារដែលអ្នកធ្លាប់បានធ្វើ ទើបជាវិធីដ៏ប្រសើរ មួយក្នុងការទទួលបានប្រាក់ខែលើសពីអ្វីដែលអ្នករំពឹង ។
ជារួមមក អ្នកត្រូវតែចេះត្រៀមខ្លួនឲ្យបានរួចរាល់ បើអ្នកបានអនុវត្តតាមគន្លឹះទាំងប៉ុន្មានខាង លើនេះ យើងមានជំនឿមុតមាំថា អ្នកនឹងទទួលបានជោគជ័យក្នុងកិច្ចសម្ភាសន៍ជាក់ជាមិន ខាន។
Leave a comment