តើសញ្ញាប្រយោគជាអ្វី? តើសញ្ញាប្រយោគខុសពីវណ្ណយុត្តិដូចម្ដេច?
អ្នកប្រហែលជាធ្លាប់ឮអំពី វណ្ណយុត្តិ ប៉ុន្តែ សញ្ញាប្រយោគប្រហែលជាបច្ចេកសព្ទថ្មី ក្នុងទំព័រនេះបង្ហាញពីការប្រើប្រាស់ដែលមានលក្ខណៈបទដ្ឋាន និង ការឯកភាពសម្រេចពី គ.ជ.ភ.ខ. នៃរាជបណ្ឌិតសភាកម្ពុជាលើការប្រើប្រាស់ [សញ្ញាប្រយោគ] ចម្រូងចម្រាស់មួយចំនួនក្នុងភាសាខ្មែរ។ សូមមើលសេចក្តីណែនាំខាងក្រោម៖
សញ្ញាប្រយោគ*៖ ជាសញ្ញាសម្រាប់សម្គាល់ចំណប់ល្បះ គម្លាតពាក្យ/កន្សោមពាក្យ ឱ្យដាច់ពីគ្នា (បារ. signes de ponctuation អ. punctuation)
[*បញ្ជាក់៖ គណៈកម្មាធិការជាតិភាសាខ្មែរប្រើពាក្យ សញ្ញាប្រយោគ ប៉ុន្តែ វចនានុក្រមសម្ដេច ជួន ណាត ប្រើពាក្យ ខណ្ឌសញ្ញា]
វណ្ណយុត្តិ៖ គេបង្គើតវាឡើងដើម្បីបង្គ្រប់សេចក្តីត្រូវការក្នុងការកត់សូរ ដូច មូសិកទន្ត, ត្រីសព្ទ ជាដើម (បារ. signes diacritiques អ. diacritic)
(ព័ត៌មានលម្អិតសូមមើល៖ ខណ្ឌសញ្ញា / វណ្ណយុត្តិ)
១. ការប្រើដំណកឃ្លាជាមួយឈ្នាប់ចង៖
ដោយផ្អែកលើទឡ្ហីករណ៍វត្ថុវិស័យ (argument objectif) និង ប្រើនិទស្សន៍ (demonstration) ជាច្រើន ខ្ញុំបានបង្ហាញឱ្យឃើញថា ដោយឈ្នាប់ចងជាចំណងដាច់ឡែកពីពាក្យ/កន្សោមពាក្យ/ល្បះដែលគេចងភ្ជាប់គ្នានោះ គេមិនត្រូវចាត់ទុកវាថា ជាចំណែកមួយនៃពាក្យ/កន្សោមពាក្យ/ល្បះខាងស្តាំឡើយ៖ ដូច្នេះ ការប្រើដំណកឃ្លាតែខាងឆ្វេងនៃឈ្នាប់ចង ដោយភ្ជាប់ឈ្នាប់នេះទៅនឹងពាក្យ/កន្សោមពាក្យ/ល្បះដែលនៅខាងស្ដាំនោះ ជាការប្រើប្រាស់មិនស្របតាមសម្ព័ន្ធវិទ្យាទេ។
ការប្រើដំណកឃ្លាជាមួយឈ្នាប់ចង មានពីរករណី៖
ករណីទី ១ ៖ ឈ្នាប់ចងមិនតម្រូវឱ្យមានដំណកឃ្លាទេ ប៉ុន្តែ បើគេចង់ទាញអារម្មណ៍លើភាគទាំងពីរភ្ជាប់ដោយឈ្នាប់នេះ គេអាចដកឃ្លាបាន (គ្មានកំហុសផ្នែកសម្ព័ន្ធវិទ្យាទេ ឱ្យតែគេចៀសកំហុសដែលទើបត្រូវបានបង្ហាញខាងលើ):
ការប្រើឈ្នាប់ចងដោយឥតដកឃ្លា៖
ឧ. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ការប្រើឈ្នាប់ចងដោយមានដកឃ្លា៖
ឧ. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ករណីទី ២៖ ឈ្នាប់ចងតម្រូវឱ្យមានដំណកឃ្លា ពីព្រោះដំណកឃ្លាមានប្រើក្នុងកន្សោមឬល្បះស្រាប់ (មុនមកដល់ឈ្នាប់):
ឧ. ក្រសួងអប់រំ យុវជន និង កីឡា
២. កម្មទេសកាលដើមល្បះ៖
កម្មទេសកាលដើមល្បះជាកន្សោមួយ គឺជាកន្សោមធ្នាក់ (ក្នុងករណីតិចតួចមួយចំនួន គេមិនប្រើធ្នាក់ទេ ដូចៈ ម្សិលមិញ, ថ្ងៃស្អែក…) ក្នុងករណីនៃកម្មទេសកាលដើមល្បះនេះ គេត្រូវប្រើដំណកឃ្លាជាដាច់ខាត ហើយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និយមប្រើសញ្ញាក្បៀសថែមទៀតផងៈ
ឧ. “(…) មុននឹងផ្ដើមការរៀបរៀង, គណៈកម្មការបានប្រឹក្សាយ៉ាងយូរ (…)”, (និទាន, សម្រាប់ការបោះពុម្ភវចនានុក្រមខ្មែរឡើងវិញ គ្រាទី៥ ទំព័រ ក)។
៣. សញ្ញាក្បៀស៖
ក្នុងករណីខ្លះ សញ្ញាក្បៀសមានប្រយោជន៍ជួយឱ្យល្បះកាន់តែច្បាស់ (ដូចឧទាហរណ៍ខាងលើ) ឬ ជាការចាំបាច់ (ក្នុងវចនានុក្រមសម្ដេច ជួន ណាត ក៏មានប្រើសញ្ញាក្បៀសច្រើនកន្លែងផងដែរ)។
៤. កត្តារួម៖
កត្តារួមអាចនៅខាងដើមនៃកន្សោមពាក្យ៖
ឧ. កម្លាំងកាយ កម្លាំងចិត្ត > កម្លាំងកាយចិត្ត (ការសរសេរ “កម្លាំងកាយ ចិត្ត” បែបនេះមិនស្របតាមសម្ព័ន្ធវិទ្យាទេ ពីព្រោះ “កម្លាំង” ត្រូវបានប្រគល់ឱ្យ “កាយ” តែម្នាក់ឯង)
កត្តារួមក៏អាចនៅខាងចុងនៃកន្សោមពាក្យដែរ៖
ឧ.១- “ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង > ឃុំ ស្រុក ខេត្ត ស្វាយរៀង” (គប្បីកុំដាក់ “ស្វាយរៀង” ឱ្យជាប់នឹង “ខេត្ត” ដើម្បីចៀសការប្រគល់ “ស្វាយរៀង” ឱ្យទៅ “ខេត្ត” តែម្នាក់ឯង)
ឧ.២- “កាសែតរស្មីកម្ពុជា មានកិត្តិយសសូមជម្រាបជូនអតិថិជន ដែលជាវកាសែតរស្មីកម្ពុជា ជាប្រចាំតាម គេហដ្ឋាន, ក្រសួង, មន្ទីរ, ស្ថាប័ន, អង្គការនិងក្រុមហ៊ុននានា ឱ្យបានជ្រាបថា (…)”, (“រស្មីកម្ពុជា” ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០)។
ឧ.៣-“ឈ្នាប់ចង និង ឈ្នាប់រណប មានលក្ខណៈសម្ព័ន្ធប្លែកគ្នា” ឬ
“ឈ្នាប់ចងនិងឈ្នាប់រណបមានលក្ខណៈសម្ព័ន្ធប្លែកគ្នា” ប៉ុន្តែ ការសរសេរបែបនេះវិញ៖
“ឈ្នាប់ចង និង ឈ្នាប់រណបមានលក្ខណៈសម្ព័ន្ធប្លែកគ្នា” មិនស្របតាមសម្ព័ន្ធវិទ្យាទេ ពីព្រោះកត្តារួម “មានលក្ខណៈសម្ព័ន្ធប្លែកគ្នា” ត្រូវបានប្រគល់ឱ្យ “ឈ្នាប់រណប” តែម្នាក់ឯង។
(ដកស្រង់ពី ព្រឹត្តិបត្រគណៈកម្មាធិការជាតិភាសាខ្មែរ លេខ ៧ ឆ្នាំ២០១១)
Leave a comment