មានសុភាសិតមួយបានចែងថា “ឈើវៀចធ្វើកង់ឈើត្រង់ធ្វើទូក”។ តើអ្នកយល់យ៉ាងដូចម្ដេចចំពោះសុភាសិត? ពិភាក្សាដោយលើកឧទាហរណ៍ ឬអំណះអំណានជាក់ស្ដែងមកបញ្ជាក់។
សេចក្ដីអធិប្បាយ
មនុស្សដែលរស់នៅក្នុងសង្គម រមែងតែងតែមានបុគ្គលិកលក្ខណៈ ឬអត្តចរិត និងអាកប្បកិរិយាខុសប្លែកប្លែកពីគ្នា ក្នុងបញ្ហានេះទោះបីជស្លូតត្រង់ក្ដី ខ្ជិលច្រអូសក្ដី ឬកោងកាចយ៉ាងណាក្ដី គេអាចប្រើការប្រៀបធៀបដូចគ្នាទៅនឹងឈើវៀច និងឈើត្រង់ ដែលយកទៅប្រើការតាមមុខងារនីមួយៗ។ ទន្ទឹមនឹងសេចក្ដីបែបនេះហើយ ទើបមានសុភាសិតមួយបានចែងថា “ឈឺវៀចធ្វើកង់ ឈើត្រង់ធ្វើទូក“។
តើសុភាសិតខាងលើ មានអត្ថន័យខ្លឹមសារយ៉ាងណា?
ដើម្បីស្វែងរកដំណោះស្រាយលើខ្លឹមសារខាងលើ ឲ្យបានពិស្ដារយើងត្រូវយល់ន័យរបស់ពាក្យ “វៀច និងត្រង់ ” ជាមុនសិន។ ពាក្យវៀច មានន័យថាមិនស្រលូនល្អត្រង់ល្អ ឬកោងត្រងិតត្រងក់។ ចំណែកឯត្រង់វិញ គឺមានលក្ខណៈមិនកោងវៀច មានសភាពត្រង់ល្អ ស្រលូនល្អ។
វាជាធម្មតារបស់ធម្មជាតិ មិនថាមនុស្ សឬរុក្ខជាតិទេ តែងតែមានសភាពផ្សេងៗគ្នា។ ក្នុងធម្មជាតិនៃព្រៃឈើវិញ មានក៏លក្ខណៈប្រភេទឈើគ្រប់ទ្រង់ទ្រាយសព្វបែបយ៉ាង និងគ្រប់សណ្ឋាន គឺខ្លះឈើវៀច រីឯខ្លះទៀតឈើត្រង់ជាដើម។ ក្នុងបញ្ហានេះគេអាចយកមកប្រើការបានតាមរាងរូវ និងតម្រូវការរបស់មនុស្ស ដោយយកមកធ្វើសម្ភារៈប្រើប្រាស់ ដូចជាឈើវៀចយកមកធ្វើកង់រទេះ ព្រោះកង់រទេះត្រូវការឈឺវៀចយកមកផ្គុំគ្នាជារង្វង់ ។ ចំណែកឈើត្រង់គេយកធ្វើទូករទេះ ព្រោះទូករទេះត្រូវការឈើត្រង់សម្រាប់តម្រង់ចង្កូតឲ្យត្រង់តាមផ្លូវ។ ដូច្នេះឈើមានទ្រង់ទ្រាយយ៉ាងណាក៏អាចយកមកប្រើការបានដែរ។
ផ្ទុយទៅវិញ លក្ខណៈទ្រង់ទ្រាយនៃឈើវៀចខ្លះ ជួនកាលកាល វាពុំអាចយកមកធ្វើជាកង់រទេះបានដែរ ព្រោះថាវាកោង ឬក៏វៀចជ្រុលហួសហេតុពេក ។ រីឯលក្ខណៈឈើដែលត្រង់ខ្លះទៀតក៏វាពុំអាចធ្វើទូកបានដែរ ប្រសិនបើឈើនោះមានស្នាមប្រេះ ឬថ្នាំងច្រើន ពិសេសវាជាប់សាច់ពុកភុយ ជាហេតុធ្វើឲ្យគេពុំអាចធ្វើទូករទេះកើត។ ដូច្នេះមុននឹងយកឈើមកប្រើការអ្វីមួយយើងត្រូវពិនិត្យឱ្យបានល្អិតល្អន់ជាមុនសិន ថាត្រូវយកមកធ្វើអ្វីមួយកើត ឬមិនកើត។
សរុបមក ឈើវៀច ឬឈើត្រង់ គេអាចយកទៅប្រើការប្រើមុខងារផ្សេងៗគ្នា គឺឈើណាវៀចល្មម គេយកធ្វើកង់រទេះ តែលើកលែងឈើដែលវៀចជ្រុលពេក។ រីឯឈើត្រង់គ្មានស្នាមប្រេះ ឬមានថ្នាំងច្រើន ត្រូវយកទៅធ្វើទូក ប៉ុន្តែឈើត្រង់មួយចំនួន គេក៏អាចច្នៃធ្វើជាកង់បានដែរ។
យ៉ាងណាមិញក្នុងសង្គម មានមនុស្សច្រើនប្រភេទ គឺខ្លះជាមនុស្សស្លូតត្រង់ ប្រកបទៅដោយសីលធម៌ល្អ ក៏ប៉ុន្តែតែគ្មានចំណេះជ្រៅជ្រះ ឯខ្លះទៀត មានកំរិតវប្បធម៌ មានចំណេះដឹង ជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម គឺយកទៅគេប្រៀបទៅនឹងឈើត្រង់។ ក្នុងនោះដែរ មនុស្សកោងកាច ខឹលខូច ដោយអ្នកខ្លះធ្លាប់បានសិក្សារៀនសូត្រ ឬខ្លះគ្មានចំណេះ មិនចេះអក្សរធ្វើអ្វីទាល់តែសោះគេប្រៀបទៅនឹងឈើដែលវៀច។ ប៉ុន្តែយ៉ាងណាក៏ដោយ ទាំងពីរប្រភេទនេះ គេមិនអាចប្រើការបានទាំងអស់ គឺអ្នកទៀងត្រង់ ហើយមានកម្រិតវប្បធម៌ទាប គេអាចឲ្យទៅធ្វើការចាំយាមឃ្លាំង ឬក៏ឲ្យធ្វើការងារណាដែលផ្ដល់សេចក្ដីទុកចិត្តបាន។ អ្នកដែលមានកំរិតវប្បធម៌ប្រកបដោយសមត្ថភាពខ្ពស់ គេតម្រូវឲ្យទទួលការងារសំខាន់ៗ ដូចជានាយក អ្នកគ្រប់គ្រង ឬអ្នកដឹកនាំក្នុងអង្គភាពណាមួយ។ ចំពោះអ្នកដែលមានអត្តចរិកកាចសាហាវ ខិលខូចវិញ យើងត្រូវធ្វើការអប់រំកែលម្អ រួចទើបយើងអាចប្រើការបាន។ បានប្រសិនបើអ្នកនោះមានចំណេះដឹងប្រកបដោយភាពក្លាហាន គឺគួរឱ្យកាន់មេបញ្ជាការ ហើយអ្នកដែលមានចំណេះវិជ្ជាទាប ឬគ្មានទាស់តែសោះ អាចឲ្យចូលជាកងទ័ព ឬការងារណាដែលប្រើកម្លាំង។ ដូច្នេះយើងឃើញថាថាទោះមនុស្សស្ថិតនៅក្នុងចរិតលក្ខណៈបែបណាក៏ដោយ ដោយក្រោយពីទទួលការអប់រំកែលំអរួច នោះយើងអាចយកមកប្រើការតាមលក្ខណៈរបស់មនុស្ស។
ប៉ុន្តែផ្ទុយទៅវិញ អ្នកស្លូតត្រង់ និងអ្នកខិលខូច មួយចំនួនក៏ប្រើការពុំបានផលដល់សង្គមខ្លះដែរ។ វាជាការត្រឹមត្រូវ ពីព្រោះមកពីអ្នកខ្លះស្លូតជ្រុលពេក ឬខ្លាចគេពេក ឲ្យធ្វើ និងទទួលភារកិច្ចអ្វីមួយ ដូចជាអ្នកថែទាំឃ្លាំង ដែលអាចបណ្ដោយឲ្យគេយករបស់តាមចិត្ត ដោយពុំហ៊ានការពារ ឬឃាត់ឃាំងគេទេ។ អ្នកត្រង់ស្លូតខ្លះទៀត មានតែកម្រិតវប្បធម៌តែខ្វះគំនិតច្នៃប្រឌិត ។ អ្នកខិលខូចវិញ ដែលខ្លះបានឆ្លងកាត់ការអប់រំជាច្រើនលើក ច្រើនសារហើយ តែមិនកែប្រែចិត្តគំនិត អាក្បកិរិយា នឹងនៅតែខូចដដែល បើគេឱ្យទទួលភារកិច្ច អ្វីមួយនោះច្បាស់ជាមិនបានផល នឹងនាំឲ្យអន្តរាយ ខូចខាចប្រយោជន៍ធំ ជាក់ជាមិនខាន។
រួមសេចក្ដីមក មនុស្សស្លូតត្រង់ និងមនុស្សខិលខូច គេអាចយកមកប្រើការបាន និងមានប្រយោជន៍ដូចគ្នា លុះណាតែអ្នកនោះមានស្មារតីក្លាហាន យកចិត្តទុកដាក់លើភារកិច្ច ព្រមទាំងចេះកែអត្តចរិតខិលខូចដោយសេចក្ដីព្យាយាម។ បើនិយាយអំពីឈើវៀច និងឈើត្រង់ ដូចសុភាសិតខាងលើ មានប្រយោជន៍ដូចគ្នា អាស្រ័យទៅតាមការ កែច្នៃលើសម្ភារៈណាដែលអាចប្រើប្រាស់បាន។
ឆ្លងតាមការពិភាក្សាខាងលើ យើងឃើញថាប្រធានសុភាសិតនេះចង់សម្គាល់ អំពីអត្តចរិតរបស់មនុស្ស និងការចេះប្រើមនុស្ស។ ទោះបីជាយ៉ាងក៏ដោយ ក៏មានចំណុចមិនត្រឹមត្រូវខ្លះដែរ ព្រោះមនុស្សល្អខ្លះធ្វើការងារ មិនប្រកបដោយឆន្ទៈ មនុស្សខូចខិលខ្លះ បែរជាធ្វើការងារបានល្អតាមភារៈកិច្ចដែលគេចាត់ឲ្យធ្វើទៅវិញ ប្រៀបដូចជាឈើវៀច និងឈើត្រង់ ដែលគេអាចយកប្រើការបានខ្លះ និងមិនបានខ្លះ។ ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ត្រូវចេះសិក្សាស្វែងយល់បន្ថែម ដោយស្រង់យកបទពិសោធន៍ល្អៗ របស់ដូនតាយើង មកដាក់ក្នុងខ្លួននិងអនុវត្ត ឲ្យបានល្អជាប្រយោជន៍ដល់សង្គមជាតិ។
Leave a comment