– ការវៀរចាកអំពើកាប់សម្លាប់ មនុស្ស ឬសត្វមានជីវិតគឺមិនបៀតបៀន មិនធ្វើទុក្ខទោស មិនធ្វើបាបដោយឥតមេត្តា មិនវាយសំពងដោយប្រណង មិនកាប់សម្លាប់ប្រហារបាញ់ ចាក់ដោយសាស្រ្តាវុធធ្វើ ឲ្យជីវិតបង់។
– ការមិនគេងបន្លំយកទ្រព្យសម្បត្តិរបស់អ្នកដទៃ ឬក៏ប្រើឲ្យអ្នកដទៃលបលួច លាក់ ឆក់ដណ្តើមដោយកាយ១។
– ការមិនប្រព្រឹត្តខុសក្នុងកាម មិនប្រព្រឹត្តទៅលើប្តី ឬប្រពន្ធ អ្នកដទៃដែលគេហួងហែងរក្សានិងធ្វើឲ្យគេអាប់កិត្តិយសកេរ្តិ៍ឈ្មោះកើតសេចក្តីអៀនខ្មាស១។ ទាំង៣នេះហៅ
ថាអំពើដោយកាយ ឬដោយសេចក្តីបរិសុទ្ធដោយកាយ។
អំពើទាំង ៣នេះព្រះអង្គស្វែងយល់ថា គឺជាការងារត្រូវ (សម្មាកម្មន្តៈ) និងការចិញ្ចឹមជិវិតត្រូវ (សម្មាអាជីវៈ) ហើយនៅក្នុងនោះក៏មានការហាមមិនឲ្យធ្វើនូវជំនួញ ៥ប្រការដែរគឺជំនួញមនុស្ស ជំនួញសាច់សត្វដែលសម្លាប់ដោយដៃឯង ជំនួញអាវុធសម្រាប់សង្រ្គាម ជំនួញគ្រឿងស្រវឹង និងជំនូញថ្នាំមានពិសពុល ឬរស់នៅក្នុងរបរមានអយុត្តិធម៌។
២.២ អំពើប្រព្រឹត្តល្អដោយវាចា៤ (វិចីសុចរិត)
– វៀរចាកនូវការមិនពោលពាក្យកុហកបោកប្រាសបំភាន់ភ្នែកអ្នកដទៃ ។
– ការមិនពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។ពាក្យសម្តីផ្សែផ្សំប្រមែប្រមុំផ្តុំឲ្យកើតជាសាមគ្គីសេចក្តីព្រមព្រៀង ការនិយាយផ្សះផ្សារជនដែលមានវិវាទឲ្យជានឹងគ្នាវិញ ការនិយាយបន្ថែមកម្លាំងនាំឲ្យពួកជនដែលរាប់អានគ្នា ហើយរិតតែមានភាពស្និទ្ធស្នាល ស្រឡាញ់គ្នាជាងមុនទៅទៀត។
– ការនិយាយតែពាក្យផ្អែមល្ហែមទន់ភ្លន់ពិរោះដែលជាទីគាប់ត្រចៀក ត្រូវចិត្ត នៃ អ្នក ដទៃគឺការមិននិយាយទ្រគោះបោះបោកចាក់ដោតបញ្ឈឺចិត្តគេមិនជេរប្រទេចផ្តាសា ឲ្យកេរ្តិ៍អាស្រូវដល់ត្រចៀក និងចិត្តអ្នកដទៃ។
– ការនិយាយអំពីប្រយោជន៍ និងសេចក្តីចម្រើនទាំងពីប្រការគឺផ្លូវលោកមួយ ផ្លូវធម៌មួយ មិននិយាយពោលពាក្យរោយរាយឥតប្រយោជន៍។ ការនិយាយអំពីផ្លូវលោកគឺនិយាយអំពីវិជ្ជា ការចេះដឹងនិងការងារដែលឥតទោសនាំឲ្យចម្រើនធនធានអាជីវកម្មផ្សេងៗចម្រើនសេចក្តី សុខឥតមានទោស ឥតមានសត្រូវ។
ទាំងនេះព្រះសម្មាសម្ពុទ្ធបានចាត់ទុកថា ការនិយាយត្រូវ (សមា្មវាចា) ។ ការនិយាយត្រូវនេះជាកាំជណ្ដើ មួយទៀតឈានឡើងទៅកាន់ការប្រតិបត្តិដើម្បីគ្រប់គ្រងរក្សាខ្លួនឯង។ ការនិយាយដោយប្រាសចាកស្មារតីប្រុងប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់ជេរប្រទេចផ្ដាសានាំឲ្យស្លែងចិត្តអ្នកដទៃ។ សម្ដីទាំងអស់នេះត្រូវលះបង់ ត្រូវតមកុំនិយាយ។ ត្រូវនិយាយតែសម្ដីដែលប្រកបដោយចិត្តមេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិននៅក្នុងក្របខ័ណ្ឌយុត្តិធម៌គ្រប់ពេលវេលា ។
២.៣ អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)
– មិនតាំងចិត្តគិតសម្លឹងរំពៃយកទ្រព្យអ្នកដទៃមកជាទ្រព្យរបស់របស់ខ្លួន។ គំនិតប្រកបដោយសេចក្តីសន្តោស ត្រេកអរតាមមានតាមបាន គំនិតប្រកបដោយ សេចក្តីខ្មាសបាប គំនិតលះបង់អំពើចង់បានឥតខ្មាស់ គំនិតស្មោះត្រង់ មិនត្រូវការទ្រព្យសម្បត្តិ គេមកធ្វើជាទ្រព្យរបស់ខ្លួន។ តម្រិះត្រូវ (សម្មសង្កប្បៈ) គឺតម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនដក់ត្រាំក្នុងកាម។ សេក្ដីត្រិះរិះត្រូវ សេចក្ដីតាំងចិត្តយ៉ាងប្ដូរផ្ដាច់ក្នុងការទ្រទ្រង់នូវជីវិតជាមួយនឹងការពង្រីកពង្រឹងនូវជីវភាពដោយអាស្រ័យសេចក្ដីចេះដឹងជាមូលដ្ឋាននៅក្នុងការគ្រប់គ្រងខ្លួនឲ្យបានសុខជាបុគ្គលមើលឃើញបានវែងឆ្ងាយដឹងថាមានផ្លូវបែបណាខ្លះអាចនឹងដឹកនាំខ្លួនទៅកាន់សេចក្ដីសុខចម្រើនបាន។
– មិនចងគំនុំគុំគួនធ្វើឲ្យអ្នកដទៃវិនាស និងការមិនបៀតបៀនអ្នកដទៃគឺតម្រិះត្រូវ(សម្មសង្កប្បៈ)។គំនិតប្រកបដោយមេត្តា គឺស្រឡាញ់រាប់អានសព្វទូទៅ ដូចជាមាតាស្រឡាញ់បុត្រ មិន បានព្យាបាទដល់ជនមួយណាឡើយ ប្រកបដោយករុណាសេចក្តីអាណិតអាសូរចំពោះសត្វ ទូទៅដែលមានសេចក្តីទុក្ខ ចង់ឲ្យសត្វបានរួចផុតអំពីសេចក្តីទុក្ខ គំនិតមិនត្រូវការបៀតបៀន មនុស្ស សត្វណា ឲ្យមានសេចក្តីទុក្ខលំបាកឡើយ (១២)។
– សេចក្ដីយល់ឃើញត្រូវ (សម្មាទិដ្ឋិ) គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប។ ទស្សនៈត្រូវពិត ភាពសន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិតឃើញទៅលើផ្លូវខុសនីមួយៗ ។ បុគ្គលគប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និងសេចក្ដីមិនស្ថិតស្ថេរ។ ត្រូវឃើញភាពពិតដែលមាននៅក្នុងភាពមិនពិតមុននឹងធ្វើនូវសេចក្ដីសម្រេចចិត្ត ឬមុននឹងដាក់ចិត្តជឿទៅក្នុងរបស់ណា ត្រូវធ្វើការបកស្រាយជាមួយនឹងការស្រាវជា្រវរកហេតុផលក្នុងរបស់នោះឲ្យគ្រប់គ្រាន់សិន។
នៅក្នុងមនោសុចរិតនេះដែរ ព្រះសម្មាសម្ពុទ្ធក៏បានប្រៀនប្រដៅអោយមនុស្សទាំងឡាយ អោយភ្ញាក់រឮកឲ្យបានត្រឹមត្រូវ (សម្មាសតិ) គឺរឭកដល់ការងារដែលមិនទាន់បានធ្វើ រឮកដល់ការងារដែលកំពុងធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮកដល់កាយវេទនា ចិត្ត ធម្មៈ ដែលកំពុងប្រព្រឹត្តទៅ។ តម្កល់ចិត្តត្រូវ (សម្មាសមាធិ) គឺតម្កលនៅក្នុងអារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់នៅក្នុងទង្វើដែលកំពុងធ្វើ តម្កល់នៅក្នុងធម្មៈដែលកំពុងតែសិក្សាហ្វឹកហាត់ ដើម្បីស្វែងរកសុខសន្តិភាព និងកំចាត់បង់នូវសេចក្ដីទុក្ខទាំងពួង។
ដូច្នេះគឺត្រូវធ្វើការព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ) ព្យាយាមត្រូវ គឺខំធ្វើទង្វើល្អ មានកាយសុច្ចរិត, វិចីសុចរិត និង មនោសុចរិត ដែលមិនទាន់បានធ្វើ រួចហើយ និងខិត ខំរក្សាទុកនូវទង្វើល្អដែលបានធ្វើពីមុនមក ហើយកុំប្រព្រឹត្តអំពើអាក្រក់ ខំលះបង់នូវទង្វើ
អាក្រក់ដែលបានធ្វើទាំងប៉ុន្មាន (១៣)។
Leave a comment