រឿងនេះកើតឡើងនៅពេលខ្លះមែនទេ? ពេលខ្លះអ្នក មានអារម្មណ៍មិនល្អនៅកន្លែងធ្វើការ ប្រហែលជាមកពីហេតុផលមួយចំនួន ហើយជួនកាលវាដោយសារតែមេអ្នកស្ដីបន្ទោសអោយចំពោះកំហុសរបស់អ្នក ឬក៏អ្នកក្រោកមកធ្វើការយឺត។ ជួនកាលក៏បណ្ដាលមកពី ការស្ទះចរាចរណ៍ឬក៏ការងារពិបាកជាដើម។ នៅពេលមានរឿងបែបនេះកើតឡើង តើអ្នកធ្វើយ៉ាងណា? ក្នុងអត្ថបទនេះ យើងនឹងលើកយកវិធីចំនួន៥ ដើម្បីជាជំនួយដល់អ្នក៖
១. និយាយជាមួយមិត្តរួមការងារ
ព្យាយាមនិយាយលេងជាមួយអ្នកដ៏ទៃអោយបានច្រើន ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ពីព្រោះថាអ្នកត្រូវការរំសាយភាពតានតឹង ដោយមានមនុស្សម្នាក់ស្ដាប់រឿងរ៉ាវរបស់អ្នក។ នៅពេលខ្លះ មិត្តរបស់អ្នកអាចនឹងមានជាយោបល់ផ្តល់អោយអ្នកថែមទៀត។ ត្រូវចាំថា កុំព្យាយាមលាក់កង្វល់ក្នុងខ្លួន វាអាចប៉ះពាល់ដល់សុខភាព និងការងាររបស់អ្នក។
២. មើលអ្វីដែលកំប្លែង
វាមិនពិបាកទេ អ្នកអាចមើលរឿងកំប្លែង ឬកម្មវិធីកំសាន្តនានានៅលើអុីនធឺណែតបាន។ នៅពេលមានអារម្មណ៍មិនល្អ ការមើលអ្វីដែលនាំអោយអ្នកសប្បាយ ឬអស់សំណើច វាអាចជាវិធីព្យាបាលមួយដ៏ល្អបំផុត។ ការសើច អាចជួយបន្ធូរអារម្មណ៍របស់អ្នកអោយប្រសើរបាន តែមិនត្រូវមើលច្រើនពេកក្នុងម៉ោងធ្វើការនោះទេ ត្រឹមតែ ៥-១០នាទី គឺគ្រប់គ្រាន់ហើយ។
៣. ដើរលំហែរអារម្មណ៍
ត្រង់ចំនុចនេះ មិនមែនមានន័យថាអ្នកគួរតែដាក់ច្បាប់ការងារ ហើយដើរលេងនោះទេ។ អ្នកគួរតែចំនាយពេលសម្រាកនៅកន្លែងការងារ ហើយដើរចេញទៅស្រូបខ្យល់អាកាសនៅខាងក្រៅការិយាល័យ ឬក៏ទៅទិញភេសជ្ជៈនៅខាងក្រៅក៏បាន។ ការធ្វើបែបនេះ គឺអាចផ្ដល់អោយអ្នកនូវបរិយាកាសថ្មី ចំពោះអារម្មណ៍របស់អ្នក។
៤. សរសេរវាទុក
ការសរសេរ ក៏អាចជួយអ្នកបានដែរ។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ឬក៏ស្រេ្តសពីរឿងអ្វីមួយ ហើយអ្នកមិនចង់ ឬមិនអាចនិយាយប្រាប់អ្នកដ៏ទៃបាន អ្នកអាចសរសេរវាទុកក្នុងសៀវភៅកំនត់ហេតុបាន ព្រោះការធ្វើបែបនេះ វាដូចជាការដែលយើងបានដកបន្លាក្នុងចិត្ត មកចោលក្នុងការសរសេរអញ្ចឹង។ វិធីមួយទៀត អ្នកអាចផុសជារូបភាព ឬសរសេរ status នៅលើបណ្ដាញសង្គមបាន។
៥. ធ្វើសមាធិ
ចំនុចចុងក្រោយ ការធ្វើសមាធិសង្រួមចិត្ត អាចជួយអោយអ្នកមានអារម្មណ៍ស្ងប់។ ដូចនេះ អ្នកគួរតែរកកន្លែងណាមួយដែលស្ងាត់ (នៅក្នុងការិយាល័យ ឬបន្ទប់សម្រាកសម្រាប់បុគ្គលិក) ស្ដាប់ចំរៀងបែបធម្មជាតិ ហើយធ្វើការតាំងសមាធិ ៥-១០នាទី នោះអ្នកនឹងមានអារម្មណ៍ល្អប្រសើរវិញហើយ៕
Leave a comment