កាលពីក្មេងដែលធ្លាប់គិតអត់ ថាធំឡើងចង់ធ្វើការងារអី? អ្នកណាក៏ធ្លាប់ស្រមៃដែរត្រូវអត់ អូខ្ញុំចង់ធ្វើជាគ្រូពេទ្យ អ្នកណា ខ្លះវិញចង់ធ្វើគ្រូបង្រៀន ដល់អ្នកផ្សេងទៀត ចម្លើយខុសពីហ្នឹងទៀត។ ប៉ុន្តែដល់ពេលធំឡើង រៀងចង់បែកអារម្មណ៏ ចាប់ផ្តើមចេះគិតផ្សេង ពេលខ្លះអត់ដឹងច្បាស់ផងថាចង់ធ្វើអី ឬមួយក៏ខ្លួនពូកែជំនាញហ្នឹងអត់បានជាចង់ធ្វើការងារហ្នឹង។ ថ្ងៃនេះ មានសំណួរសំខាន់ទាំង៥ ចង់អោយអ្នកសួរទៅខ្លួនឯង ដើម្បីដឹងថាតាមពិតចម្លើយនៃការងារនៃក្តីស្រមៃរបស់ យើងគឺជាអ្វី?
១. តើអ្នកមានចរិតបែបណា?
អ្នកគួរតែដឹងយ៉ាងហោចណាស់ ថាខ្លួនឯងជាមនុស្សមានអាកប្បកិរិយាប្រភេទណា តើជាមនុស្សនិយាយច្រើន មានទំនាក់ទំនងល្អ ឬជាមនុស្សអឹមអៀន មិនសូវនិយាយស្តី ដែលជាពាក្យអង់គ្លេស គេហៅថា Introvert និង Extrovert ដូច្នេះ អ្នកអាចមានគំនិតខ្លះថាតើការងារណាដែលហ្នឹងសាកសមជាមួយអ្នកនាពេលអនាគត។ ជាឧទាហរណ៏ បើសិនជាអ្នកពូកែនិយាយស្តី អ្នកអាចក្លាយជាពីធិករ ឬពិធីការនី ហើយមិនត្រឹមតែប៉ុណ្ណោះ ជាអ្នកអានពត៍មានទៀតក៏ថាបាន ដូច្នេះការដឹងចរិតខ្លួនឯងគឺជាចំណុចល្អមួយដែរ។
២. ពេលទំនេរអ្នកចូលចិត្តធ្វើអ្វី?
ពេលខ្លះ អ្វីដែលអ្នកចូលចិត្តធ្វើពេលទំនេរហ្នឹង ក៏អាចជាផ្លូវមួយដែលអាចអោយអ្នកឈានដល់ការសំរេចចិត្ត មុខការងារនាពេលអនាគតផងដែរ។ ជាឧទាហរណ៏ ប្រសិនជាអ្នកជាមនុស្សចូលចិត្តគូររូប អ្នកអាចសូរខ្លូនឯងថា នេះគឺជាអ្វីចង់ធ្វើជាការងារច្បាស់លាស់ពេលថ្ងៃក្រោយ ឬគ្រាន់តែជាការកំសាន្តណាពេលដែលអ្នកទំនេរ ដែលគេហៅថា Career or Hobby? អ្នកគួរសួរខ្លួនឯងអោយច្បាស់ដើម្បីបានចម្លើយនេះ។
៣. តើអ្នកចូលចិត្តធ្វើការនៅក្នុងបរិស្ថានបែបណា?
កន្លែងធ្វើការគឺជាចំណុចមួយដែរសំខាន់ដូចគ្នា ពីព្រោះបើសិនជាអំឡុងពេលដែលអ្នកធ្វើការ ហើយអ្នកចូលចិត្តបរិស្ថានធ្វើ ការគឺធ្វើអោយអ្នកមានអារម្មណ៏ល្អ ហើយការងាររបស់អ្នកក៏មានលទ្ធផលល្អផងដែរ។ ការងារខ្លះអាចអោយអ្នកមានអារម្មណ៏ធូរស្រាល ហើយបើសិនជាការងារជាប្រភេទ Writer វិញ ឬជាអ្នកនិពន្ធ ពេលខ្លះអ្នកមិនចាំបាច់ត្រូវមានការិយាល័យសមស្របផង ចឹងគួរសួរខ្លួនឯងថាចូលចិត្តកន្លែងប្រភេទណា?
៤. តើគោលបំណងអ្នកចង់ទទួលបានអ្វី?
ដូចជាការងារដែលអ្នកនឹងជ្រើសរើសហ្នឹងដូចគា្ន ថាតើអ្នកមានគោលបំណងក្នុងជីវិតថាចង់ទទួលបានអ្វីក្រោយពីធ្វើការ ងារនោះរួច។ តើអ្នកចង់ជួយជីវិតមនុស្ស បានជាអ្នកសំរេចចិត្តធ្វើជាគ្រូពេទ្យ? តើអ្នកចង់ក្លាយជាអ្នកសារពត៍មាន ដើម្បីផ្សាយដំណឹងផ្សេងៗ អោយប្រជាពលរដ្ឋ? ឬក៏អ្នកចង់ក្លាយជាអ្នកសរសេរចំរៀង ចង់ទទួលបានកេរ្ត៏ឈ្មោះជាអ្នកចំរៀង? ទាំងនេះសុទ្ធតែជាអ្វីដែលអ្នកគួរសួរខ្លួនឯង។
៥. អ្វីសំខាន់ដែលធ្វើអោយអ្នកសប្បាយចិត្ត?
ចំណុចចុងក្រោយប្រហែលជារៀងពិបាកយល់បន្តិច ដោយសារពេលខ្លះមនុស្សយើងអត់ដឹងច្បាស់ផងថាតើយើងធ្វើអ្វី បានសប្បាយចិត្ត។ ចឹងប្រហែលជាត្រូវរង់ចាំពេលយូរបន្តិច ទម្រាំបានចម្លើយនេះ តែប្រសិនជាអ្នកទទួលបានចម្លើយដឹងថា អ្វីដែលធ្វើអោយអ្នកសប្បាយចិត្តហើយ ខ្ញុំជឿថា អ្នកនឹងមានភាពងាយស្រួលក្នុងការស្វែងរកការងារក្នុងក្តីស្រមៃ។ ជូនពរ អោយសំណាងល្អណា!
Leave a comment