ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យ​ភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា “ពាក្យភូតច្រើនចាញ់អាត្មា”។ តើពាក្យភូតពិតជា​​ចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរ​សិល្ប៍មកបញ្ជាក់។

   សេចក្តីអធិប្បាយ៖  អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទង​គ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យ​លើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មា​សម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរស​ខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុ​ភាសិតមួយឃ្លាថា “ពាក្យភូតច្រើនចាញ់អាត្មា”។
   តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ?
   មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយ​ចំនួនជាមុនសិន។
“ភូត” មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ“អាត្មា” គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា “ពាក្យភូតកុ​ហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ”។
ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជា​ពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា។ ការដែលទម្លាប់និយាយ​កុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា “ពាក្យភូតច្រើនចាញ់អាត្មា” មានន័យថា​ការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់​ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវ​អ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង។ ជួនកាលពាក្យមុសានោះ​បណ្តាលឲ្យអន្តរាយដល់ខ្លួនឯង និងគ្រួសាររបស់ខ្លួនទៀត។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវ​ទង្វើ​ដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ។ ពាក្យមុសានេះ បើ​តាមទ្រឹស្តីពុទ្ធសាសនានឹងធ្វើឲ្យអ្នកនិយាយមានបាបកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅ​តាមកម្រិតទោសនៅឋាននរកនោះ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃ​ពាក្យ​មុសានោះមកលងអន្ទោលជាប់ប្រាណជាប្រចាំ។ ឧទាហរណ៍អ្នកលក់ដូរ អាជីវករ ឬពាណិជ្ជករ​ដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់​អ្នកទិញថាល្អ សុទ្ធ លុះ​ពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនឹងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនឹង​ឈប់ទិញ​ទំនិញអ្នកនោះរហូត។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាស់ពុទ្ធបរិស័ទឲ្យគេ​ជឿ​ជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើន លុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យ​ពុទ្ធសាសនាគឺត្រូវទទួល​អាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម។ ចំណែកអ្នកនយោបាយវិញក៏​ដូចគ្នាដែរ អ្នកនយោបាយណាដែល​ដើរតែ​បោក​ប្រាស់រាស្ត្រ ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យ​រាស្រ្តបោះឆ្នោតឲ្យ។ ក្រោយពេលជាប់ឆ្នោត ហើយក៏ក្បត់ពាក្យសន្យា ប្រើឫកក្រអើតក្រទមដាក់​ប្រជារាស្ត្រវិញ។ អ្នកនយោបាយនោះនឹងត្រូវរាស្ត្រស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូត បើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយក​ជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ។ ទីបំផុតក៏ត្រូវបាបកម្មបែកពោះស្លាប់យ៉ាង​ទាន់ហន់។ ចំណែកក្នុងរឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមក​ពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏​តាម​ផ្ចាញ់លោកសេដ្ឋីគ្រប់ពេល។ រីឯក្នុងរឿងរាមកេរិ៍វិញ ដោយសារព្រះរាមចង់ឲ្យនាងសីតាត្រឡប់មរកខ្លួនវិញ ព្រះរាមបានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ឆោត​​​​នាងសីតា។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួន  នៅទល់មុខកោដិដែលព្រះរាមពួននៅ​ក្នុងនោះ ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ព្រះរាមខ្លាំង​ឡើង និងត្មះតិះដៀលព្រះរាមជាច្រើន។ ជារួមមកយើងឃើញថាការពោលពាក្យកុហកភូតភរនេះ​មិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់​លោក​ថាមែន។
   
តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា?  មិនប្រាកដទាំងស្រុងនោះទេ។ ពាក្យចាស់​មួយឃ្លាលោកពោលថា “ផ្លូវវៀចកុំបោះបង់” មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែឬ។ ពាក្យកុហកនាំឲ្យយើងមានការរីក​ចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុង​សង្គម និងអាចរក្សាអាយុជីវិតបានទៀតផង។ ជាក់ស្តែង​នៅសម័យប៉ុលពត អ្នកណាមួយដែល​ហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញវ័ន្ត ប្រាកដជាត្រូវពួកឃាតករអាវខ្មៅ​យកទៅសម្លាប់ចោលភ្លាម។ ដូច្នេះពួកគេត្រូវតែអនុវត្តទ្រឹស្តី “លាក់ការណ៍ខ្ពស់រស់បានយូរ” ថាជា​កសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវិតបានដល់សព្វថ្ងៃ។​ ចំពោះ​អ្នក​លក់ដូរវិញ បើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញទំនិញខ្លួន។​ ចំពោះអ្នកនយោ​បាយ បើមិនចេះនិយាយកុហកគេខ្លះធ្វើម៉េចគេនឹងឆាប់ជឿហើយបោះឆ្នោតឲ្យ។ មិនតែប៉ុណ្ណោះ ពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សមានរបៀបរបបសីល​ធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាចាស់ៗតែងកុហក​ក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អ​ក្នុងពេលទទួលទានអាហារ។​ ល។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្ស​ស្លុត ភិតភ័យក៏មានដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយនោះមានគ្រោះ​អាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាយភិតភ័យខ្លាំង ហើយនឹកឃើញតែសម្តីហោរ​ក្លាយទៅជាឈឺក៏មាន។ បើយើង​ក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើង​ឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំង ពូកែអាច​បណ្តេញព្រាយបិសាចបាន អ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំលនំចំណីមាសប្រាក់ទៅ​ឲ្យតាថេនគ្រប់ៗគ្នា។ ចំណែកចៅសនឃើញតាថន និងបក្សពួកលួចផឹកស្រា ស៊ីសាច់​ក៏យក​ដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗ តែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំង​ចាប់​ចៅសនយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង។​ ចៅសនទ្រាំនឹងរំពាត់លែង​បានក៏និយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញ នាងមទ្រីបានយល់សុបិនចម្លែក ហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹង​ច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អ​ទៅ​វិញ។ រីឯតាជូជកក្នុងពេលមានអសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដ​ជា​នឹងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់​ខ្លួនវិញទេ ថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង។
    ​ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផល​ល្អផង ផលអាក្រក់ផងទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយ​ទេ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យ​មិនពិតណាដែលនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចងចាំថា “អណ្តាតជាអាទិ៍កន្លង បាន​សុខទុក្ខផងក៏ដោយសារអណ្តាត”។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់