ប្រាកដជាធ្លាប់ជួបហើយមែនអត់? ពេលខ្លះអត់ចូលចិត្តចរិតម្នាក់ហ្នឹងខ្លាំង ហើយចៃដន្យអីស្រាប់តែម្នាក់ហ្នឹងត្រូវមកធ្វើការ រកសុីជាមួយក្រុមហ៊ុនដែលយើងធ្វើការ? ឬមួយក៏ពេលខ្លះទៀត យើងអត់ដែលស្គាល់ភ្ញៀវហ្នឹងទេ ប៉ុន្តែពេលបានធ្វើការ ជាមួយម្តង គឺឈឺក្បាលម៉ង និយាយពីថាកូរអត់ចេះហត់ ហើយដល់ពេលចឹង គួរធ្វើម៉េចទៅ ដើម្បីទប់អារម្មណ៏ហើយធ្វើ ការអោយបានល្អ កុំអោយមេស្តីអោយ។ ចឹងថ្ងៃហ្នឹង ចាំចែករំលែកចំនុចខ្លះៗ ថាគួរធ្វើយ៉ាងណាដើម្បីទប់ទល់ជាមួួយ ឧបសគ្គបែបហ្នឹងបាន។
១. ត្រូវចងចាំថាអ្នកនៅកន្លែងធ្វើការ
អ្នកណាក៏ពេលខ្លះ ធុញ អន់ចិត្តដែរ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានមុនគេដើម្បីបន្លប់ចិត្តខ្លួនឯង គឺត្រូវរំលឹកខ្លួនឯងថា នៅកន្លែងធ្វើការ ហើយជាកន្លែងមួយដែលអ្នកមិនអាចធ្វើអោយអាប់អោនកិត្តិយសនោះឡើយ។ បើសិនជាអ្នកនៅធ្វើការ អ្នកត្រូវមានកាតព្វកិច្ចធ្វើកិច្ចការរបស់អ្នក បើទោះជាភ្ញៀវដែលអ្នកត្រូវធ្វើការជាមួយ ជាមនុស្សដែលអ្នកមិនចូលចិត្តក៏ដោយ។ ព្យយាមយករឿងផ្ទាល់ខ្លួនដាក់ផ្សេង ពីការងារ។ ត្រូវចងចាំថា អ្នកត្រូវផ្តោតសំខាន់ទៅលើគុណភាពនៃការងារ ហើយនិងធ្វើយ៉ាងណាដើម្បីផ្តល់អត្ថប្រយោជន៏ដល់ក្រុមហ៊ុនដែល អ្នកកំពុងធ្វើការអោយ។
២. ប្តូររបៀបធ្វើការ
អ្វីទាំងអស់គឺសុទ្ធតែមានរបៀបក្នុងការដោះស្រាយ ហើយគឺវាចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់ដូចគ្នា។ ជាឧទាហរណ៏ បើសិនជាអ្នក និងភ្ញៀវម្នាក់នោះ មិនចុះសម្រុងដោយសារការរៀបចំម៉ោងណាត់ជួប អ្នកទាំងពីរអាចចាប់ផ្តើមចរចារជាមុនសិន ហើយ រកដំណោះស្រាយ និងពេលវេលាដែលសមស្របសំរាប់ទាំងពីរអ្នក។ អាចព្យាយាមយល់ពីគាត់អោយបានច្រើនជាងមុន ហើយដឹងពីចំនង់ចំណូលចិត្ត រួចចាប់ផ្លាស់ប្តូររបៀបធ្វើការទៅតាមហ្នឹងទៀត ចឹង កុំទាល់អាល់ខឹង ហើយសម្រេចចិត្តថា មិនចង់ធ្វើការជាមួយគេភ្លាម គួរពិចារណាទៅលើចំណុចទាំងនេះសិន។
៣. សរសេរអោយច្បាស់
ជាទូទៅ បើសិនជាអ្នកចង់ធ្វើការអោយម៉ត់ចត់ ឬ ដោយ Professional អ្នកគួរមានការសរសេរ ឬកត់ចំណាំទុករាល់ទិន្នន័យការងាររវាងអ្នក និងភ្ញៀវរបស់អ្នក ឬអាចហៅបានថាជា Client។ វាជាវិធីមួយក្នុងការទប់ស្កាត់ មិនអោយអ្នកមានបញ្ហានៅថ្ងៃក្រោយ ក្នុងលក្ខខណ្ឌថា គាត់ចង់បន្ថែមការងារអោយអ្នកលើសពីអ្វីដែលបានសរសេរក្នុង កុងត្រា ឬសន្យាជាមួយគ្នា។ ដូចនេះ បើសិនជាអ្នកមានការកត់ទុក នូវករណីទាំងនេះ ទោះបីជាភ្ញៀវម្នាក់នោះគាត់ចង់កូរ ឬរករឿងដល់កំរិតណាក៏មិនអ្វីដែរ។
៤. តាំងចិត្ត ធ្វើការបន្ត
អ្នកត្រូវចងចាំថា ក្នុងជីវិតពេលដែលធ្វើការ គឺតែងតែមានការជួបប្រទះ នូវបទពិសោធន៏ និងការលំបាកផ្សេងៗ ចឹងយក ពេលវេលាទាំងនោះចាត់ទុកថាជាមេរៀនក្នុងជីវិតការងាររបស់អ្នក។ ហើយបើសិនជាអ្នកគិតថា អ្នកត្រូវការពឹងអ្នកណាម្នាក់ ដើម្បីជួយ ក៏អាចហៅបានដែរ ហើយបើសិនជាម្នាក់នោះព្រមជួយទៀតនោះ អ្នកក៏អាចបង្កើតភាពកាន់តែស្និទ្ធស្នាលជាមួយម្នាក់នោះផងដែរ។
ប្រឹងឡើង លឺនៅ បើអត់ធ្វើការ អត់មានលុយញ្ញាុំរបស់ប្រេនប្រេនទេ!
មតិយោបល់