(បទព្រហ្មគិត)
(១) | ពាក្យចាស់ពាក្យពីព្រេង | ទោសខ្លួនឯងមើលមិនយល់ |
ទោសគេតូចសោតសល់ | រមិលយល់ប៉ុនទាំងភ្នំ។ | |
(២) | ចូលព្រៃសត្វសាហាវ | រកអំពាវគ្នាមកជុំ |
បានស្ករនិងទឹកឃ្មុំ | ពួនសំងំឆីម្នាក់ឯង។ | |
(៣) | បានហើយចង់បានទៀត | ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង |
មើលយល់តែម្នាក់ឯង | មិនយល់គេឯទៀតផង។ | |
(៤) | និងស៊ីចង់ពិសា | ខ្ជិលទំពាឱ្យហ្មត់ហ្មង |
យល់នាមថាជាមង | យល់ឯជងថាជាកួយ។ | |
(៥) | យល់តាថាជីដូន | យល់់ឯកូនថាជាក្មួយ |
យល់ពីរថាជាមួយ | យល់ឯព្រួយថាជាសុខ។ | |
(៦) | យល់ទោសថាជាគុណ | យល់ឯបុណ្យថានរក |
យល់ល្អថាអាក្រក់ | យល់លាមកថាជាផ្កា។ | |
(៧) | ស្លៀកស្បង់មិនកោរសក់ | ឆ្លុះកញ្ចក់ធ្មេចនេត្រា |
យល់សេះថាជាលា | យល់គជាថាកណ្ដុរ។ | |
(៨) | នេះពាក្យលោកពីព្រេង | អ្នកណាឈ្វេងប្រាជ្ញាយល់ |
ឃើញថ្លុកកុំថាថ្នល់ | ក្រែងកំហល់កំហុសមាន។ | |
(៩) | អ្នកប្រាជ្ញកាន់ពាក្យទៀង | កុំលម្អៀងពាក្យបុរាណ |
កុំដើរផ្លូវបំពាន | ពាក្យអ្នកចាស់លោកដៀលថា។ | |
(១០) | ពាក្យនេះពីព្រេងព្រឹទ្ធ | គួរឱ្យគិតពិចារណា |
កុំអួតអង្គអាត្មា | ថាចំណេះចំណាំមាន។ | |
(១១) | ដេកយប់កុំដេកយូរ | ខ្លាចក្ដីទូរជនដល់ប្រាណ |
បើស៊ីកុំតាមឃ្លាន | គិតប្រមាណគ្រប់គ្នីគ្នា។ | |
(១២) | លើកដាក់តាមកម្លាំង | កុំពើចខ្លាំងឈឺដល់ស្មា |
ប្រើគេប្រើឱ្យត្រា | កុំស៊ាំស៊នរនចៅរ៉ៅ។ | |
(១៣) | ទោះគិតកុំរួសរាន់ | គិតឱ្យគ្រាន់ទើបដើរទៅ |
កុំឱ្យមានអាស្រូវ | កើតដំនៀលដល់អាត្មា។ | |
(១៤) | កុំយកឆ្អិនជាឆៅ | កិច្ចក្នុងក្រៅមានតម្រា |
កុំអាងឯងប្រាជ្ញា | ចោលច្បាប់ក្បួនលោកព្រេងនាយ។ | |
(១៥) | ស្រដីឱ្យស្រួលស្រេច | គិតសេចគ្រេចកុំគិតងាយ |
រំពឹងឱ្យវែងឆ្ងាយ | យល់លង្វែកពាក្យលោកថា។ | |
(១៦) | ពាក្យព្រេងលោកស្រដី | ថាកុំបីចិញ្ចឹមខ្លា |
ពាក្យព្រេងលោកឧបមា | គិតត្រង់ណាធ្វើឱ្យបាន។ | |
(១៧) | កាន់កពស់ឱ្យខ្ជាប់ | ក្រែងក្រឡាប់ខាំឯប្រាណ |
អូសទូកកុំឱ្យល្អាន | ទឹកថ្លាសោតកុំឱ្យល្អក់។ | |
(១៨) | ស្លឹកឈើឥតកម្រើក | បើកក្រើកត្បិតខ្យល់បក់ |
ទឹកថ្លាល្គឹកបើល្អក់ | ត្បិតរលកខ្លាំងសោះសា។ | |
(១៩) | យល់តូចកុំខិតខំ | គួរសន្សំយកជាគ្នា |
បានច្រើនកុំខំពារ | សន្សឹមក្សិណតិចៗទៅ។ | |
(២០) | អ្នកមានរក្សាខ្សត់ | ដូចសំពត់ព័ទ្ធពីក្រៅ |
អ្នកប្រាជ្ញរក្សាខ្លៅ | ដូចសំពៅនូវសំប៉ាន។ | |
(២១) | អ្នកខ្ពស់រក្សាទាប | ដោយសភាពធម៌បុរាណ |
អ្នកឆ្អែតរក្សាឃ្លាន | នាអ្នករុងរក្សាឆ្មារ។ | |
(២២) | រក្សាទៅមុខរឹង | ឥតកំដឹងអស់អម្បាល |
ចំណេរចីរកាន់កាល | ដូចរបងស្រាស់បន្លា។ | |
(២៣) | កុំឆ្អែតពេកតែឯង | មិនគិតក្រែងអស់គ្នីគ្នា |
គេឃ្លាន ឃ្លានផ្ទៃផ្សា | ឱ្យឆីរ៉ាបានឆ្អែតផង។ | |
(២៤) | កុំមានចិត្តលលើ | ពឹងក្រពើឱ្យចម្លង |
កុំកាច់អុសរបង | វាំងចំណារឯអាត្មា។ | |
(២៥) | មានទូកហើយមានថ្នោល | មានបង្គោលមានយុថ្កា |
ទាំងពួរទាំងច្រវា | ក្រជឹងចាប់ដោយនូវគ្រប់។ | |
(២៦) | ប្រយត្នក្រែងព្យុះខ្យល់ | បក់បោកដល់នឹងទល់ទប់ |
ប្រយត្នប្រយោជន៍គ្រប់ | ទើបហៅជាក់មានគំនិត។ | |
(២៧) | ពាក្យព្រេងគិតគួរចាំ | ជាបណ្ដាំប្រដៅចិត្ត |
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ | មុខគួរគិត គិតឱ្យគ្រាន់។ | |
(២៨) | ពាក្យនេះជាសណ្ដាប់ | ទុកជាច្បាប់ទៀតជាក់ស្បាន់ |
ពាក្យនេះជាកំណាន់ | កំណត់នៅឥតឃ្លាតឃ្លា។ | |
(២៩) | សូរេចនូវនិទាន | ពាក្យទូន្មានដោយប្រការ |
អម្បាលនេះឯងណា | ចាំទុកកាយគ្រប់គ្រាន់ហោង៕ | |
(សម្រួលអក្ខរាវិរុទ្ធដោយអន្លើ) | ||
អត្ថបទដកស្រង់ពីច្បាប់ផ្សេងៗ | ||
ពុទ្ធសាសនបណ្ឌិត្យ ១៩៧៤ |
មតិយោបល់