ហ្គាប៉ាត ម៉ុង ជាអ្នកគណិតសាស្ត្រ ជាបិតាបង្កើតចេញនូវមុខវិជ្ជា រេខាគណិតពិពណ៌នា ។លោកជាកូនក្នុង ត្រកូលអ្នកក្រ ។ ដោយគ្មានមធ្យោបាយសម្រាប់ឲ្យកូនបន្តការសិក្សានៅសាលាឲ្យបានខ្ពស់ ថែមទៀត ឪពុករបស់លោកបានរិះ រកមធ្យោបាយផ្ញើកូន លោកឲ្យរៀននៅវិទ្យាស្ថានបច្ចេកទេសយោធា ។ ដោយមានស្នាដៃល្អក្នុងពេលសិក្សា ទើបពេលប្រឡងចេញពីសាលា លោកត្រូវបានវិទ្យាស្ថានឃាត់ទុកឲ្យលោកធ្វើជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថាននេះ ។
បណ្ដាវណ្ណកម្មរបស់ ហ្គាប៉ាត ម៉ុងដែលត្រូវបានប្រកាសក្នុងចន្លោះឆ្នាំ1770‑1780 បានបើកចេញនូវដំណាក់កាលថ្មីនៃការរីកចម្រើនរបស់រេខាគណិតពិពណ៌នា និងរេខាគណិតវិភាគ ។លោកជាអ្នកបណ្ដុះបណ្ដាលនូវអ្នកបច្ចេកទេសដ៏ល្បីល្បាញជាច្រើនរូប ក្នុងចំណោមនោះមានសាឌីកាកណូ ផងដែរ ។
ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យ
កាលអាយុ 14ឆ្នាំ ហ្គាប៉ាត ម៉ុង បានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចេកទេស ។ កុមាររូបនេះបានធ្វើដោយខ្លួនឯងនូវម៉ាស៊ីនបូមទឹកមួយគ្រឿងសម្រាប់ ពន្លត់អគ្គីភ័យដែលអាចបាញ់ទឹកឡើងដល់កម្ពស់ 10 ម៉ែត្រ ។ ថ្ងៃមួយ ហ្គាប៉ាត ម៉ុង រួមនឹងមិត្តភក្តិមួយចំនួនកំពុងប្រឡែងលេងជាមួយម៉ាស៊ីនបូមទឹក គាប់ជួនពេលនោះ មានវិស្វករម្នាក់ដើរកាត់ ។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនឹងរចនាសម្ព័ន្ធដ៏ល្អរបស់ម៉ាស៊ីន បូមទឹកនេះ ហើយគាត់កាន់តែស្រឡាំងកាំងថែមទៀតពេលឃើញអ្នកច្នៃប្រឌិតវា គឺជា កុមារម្នាក់ ។ប្អូនឯងរៀនមកពីណា គោលការណ៍របស់ម៉ាស៊ីនបូមទឹកនេះ ?។ កុមារអេះអុញ រៀន មកពីណាឬ ? ទេ ? ខ្ញុំគ្រាន់តែពិចារណាដោយខ្លួនឯង� ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យវាគ្រាន់តែងាយស្រួល ហើយសមស្របបំផុតប៉ុណ្ណោះ។បន្ទាប់មក វិស្វករនេះ ក៏យល់ភ្លាមនូវទេពកោសល្យដ៏ប្រពៃនេះ គាត់ខំដើរទៅដល់ផ្ទះ ហ្គាប៉ាត ម៉ុង ដោយស្នើឲ្យឪពុកម្ដាយរបស់ ហ្គាប៉ាត ម៉ុង ត្រូវតែបញ្ជូនកុមារបូមទឹកនេះឲ្យចូលរៀននៅវិទ្យាស្ថានបច្ចេកទេស ។
បណ្ដាកល្យាណមិត្ត
ក្នុងឆ្នាំដែលនៅសិក្សានេះដែរ ហ្គាប៉ាត ម៉ុង បានគូរផែនទីទីក្រុងយ៉ាងត្រឹមត្រូវឥតខ្ចោះ ។ សូម្បីតែអ្នកឯកទេសក៏ត្រូវតែកោតសរសើរពេលដែលបានមើលផ្ទាំងគំនូរ ផែនទីដ៏ស្មុគ្រស្មាញនេះ ។ពូកែមែន ! ទាល់តែមានអ្នកជួយឯង ទើបឯងធ្វើបាននូវកិច្ចការដ៏ល្អិតល្អន់នេះមែនទេ ? ។ កុមារញញឹម បាទមែនហើយ ! មានមិត្តពីរនាក់ទៀតដែលនៅតែជួយខ្ញុំជាដរាបនោះគឺ ហត្ថាទាំងគូ និងទឹកចិត្តអំណត់ព្យាយាម ។
ភាពល្អប្រណីតនៃការបង្កើតថ្មី
មានម្ដងនោះ ពេលនៅរៀនក្នុងសាលាបច្ចេកទេសយោធា គេបានដាក់លំហាត់មួយយ៉ាងពិបាកឲ្យ ហ្គាប៉ាត ម៉ុង ដោះស្រាយ ។ ប៉ុន្តែជាការស្មានមិនដល់ យុវសិស្សរូបនេះ រកឃើញចម្លើយក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ។
បណ្ដាលោកគ្រូមិនពេញចិត្តនឹងលទ្ធផលនោះឡើយ ម៉ុង បើសិនជាប្អូនចង់ឲ្យជំហានបោះទៅមុខកាន់តែរឹងមាំថែមទៀត ប្អូនត្រូវតែហាត់ចិត្តអំណត់ធ្វើលំហាត់ កុំប្រថុយប្រថានផ្សងព្រេងសំណាងដូចនេះទៀតណា៎ ! ។ ហ្គាប៉ាត ម៉ុង សំដែងការងឿងឆ្ងល់ ជម្រាប់ប្រសាសន៍លោកគ្រូ គឺប្អូនបានខិតខំធ្វើលំហាត់ដោយខ្លួនឯង ប្អូនឥតមានផ្សងសំណាងអ្វីផងទេបាទ ។អូ៎ យើងខ្ញុំមិនអាចជឿថាប្អូនឯងធ្វើលំហាត់នេះបានរួចរាល់ក្នុងរយៈ ពេលតែកន្លះម៉ោងនេះទេ ព្រោះថាគ្រាន់តែរឿងរៀបឯកតាលេចក៏ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ 2ដងនៃរយៈកាលធ្វើនោះដែរហើយ ។ យុវសិស្សយើងបង្ខំចិត្តត្រូវតែធ្វើការអធិប្បាយឡើងវិញនូវរបៀបធ្វើ របស់ខ្លួន ។ ការពិត នេះជាវិធីថ្មីតែម្ដង ៖ វិធីរេខាគណិតពិពណ៌នាសម្រាប់ស្រាយបំភ្លឺបណ្ដាវិធីលំដាប់គណិតដ៏ ស្មុគស្មាញ ។បណ្ដាគ្រូបង្រៀនត្រូវជជែកដេញដោលគ្នាយ៉ាងយូរ ពីវិធីថ្មីដែល ហ្គាប៉ាត ម៉ុង ទើបនឹងនឹកចេញ ហើយនៅទីបំផុតត្រូវទទួលស្គាល់ថា វិធីថ្មីនោះពិតជាត្រឹមត្រូវ ។ នោះជាមូលដ្ឋានដំបូងបង្អស់នៃមុខវិជ្ជារេខាគណិតពិពណ៌នា ។
ការសម្ងាត់របស់ប្រទេសជាតិ
នៅពេលដែលមុខវិជ្ជារេខាគណិតសាស្ត្រពិពណ៌នាដែល ហ្គាប៉ាត ម៉ុង បានបង្កើតឡើងទើបនឹងបានការទទួលស្គាល់ រដ្ឋាភិបាលបារាំងក៏បានចាត់ទុកនោះជា ការសម្ងាត់មួយរបស់ប្រទេសជាតិ ។ ពីព្រោះថា ផ្អែកតាមរេខាគណិតពិពណ៌នាគេអាចគិតគូររកឃើញបន្ទាត់បាញ់បានយ៉ាងចំគោលដៅ ។ ជាការពិត ប្រការនេះផ្ទុយពីគោលបំណងរបស់អ្នកប្រាជ្ញ ។ ក្នុងរយៈពេលរាប់សិបឆ្នាំ តាំងពីពេលបានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមក ហ្គាប៉ាត ម៉ុង តែងតែតស៊ូជានិច្ចចំពោះការផ្សព្វផ្សាយវិទ្យសាស្ត្រថ្មីនេះ ។ ពីព្រោះថា រេខាគណិតពិពណ៌នាពុំត្រឹមតែមានប្រយោជន៍ចំពោះយោធាប៉ុណ្ណោះទេ គឺនៅថែមទាំងមានឥទ្ធិពលយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រដទៃ ទៀត ។
នៅទីបំផុត រដ្ឋាភិបាលបារាំងបានយល់ព្រមស្របតាម ហើយ 30ឆ្នាំ ក្រោយមក វណ្ណកម្មដំបូងបង្អស់ស្ដីពីរេខាគណិតពិពណ៌នាថ្មីត្រូវបានបោះពុម្ព ផ្សាយ ៕
មតិយោបល់