ប្រធានទី១៖ ពាក្យចាស់បុរាណមួយឃ្លាពោលថា ” កុំទុំមុនស្រគាល ” តើពាក្យមួយឃ្លានេះមានអត្ថន័យដូចម្តេច? ចូរពន្យល់។
សេចក្តីអធិប្បាយ
ជាទូទៅនៅលើសកលលោក មនុស្សសត្វ និងរុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះ រមែងតែងតែមានការរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់អោយទីទៃៗពីគ្នាដោយឡែកៗពីគ្នាទៅតាមសភាពលក្ខណៈរបស់ខ្លួន មិនថាមនុស្ស សត្វ ឬរុក្ខជាតិនោះឡើយ ។ហើយការរីកលូតលាស់ដុះដាលនេះ ទាល់តែត្រូវប្រព្រឹត្តិទៅតាមលក្ខណៈ ទៅតាមតំណាក់កាលរបស់វាទើបល្អប្រសើរ។ ការរីកលូតលាស់ទៅតាមពេលវេលា ទៅតាមកាលកំណត់ចែងទៅតាមធម្មជាតិ អ្វីក៏ដោយវាប្រាកដជាល្អ ។ ហេតុនេះហើយ ទើបមានពាក្យមួយឃ្លាពោលថា “កុំទុំមុនស្រគាល”។ តើពាក្យខាងលើនេះមានអត្ថន័យបែបណា?
ដើម្បីជាស្ពានឆ្លងទៅដល់ការបកស្រាយពន្យល់នូវទស្សនៈប្រធានខាងឲ្យកាន់តែមានភាពច្បាស់លាស់ ក្បោះក្បាយនិងស៊ីជម្រៅទ្វេមួយកម្រិតទៀត និងដើម្បីជួយសម្រួលដល់ការដោះស្រាយបញ្ហាខាងលើឲ្កាន់តែមានភាពល្អិតល្អន់ថែមទៀត យើងគប្បីគួរសិក្សាស្វែងយល់នូវអត្ថន័យនៃពាក្យ “ទុំ និងស្រគាល” ជាមុនសិន។ ទុំ គឺសំដៅលើផ្លែរុក្ខជាតិដែលវិវឌ្ឍន៍ ពីខ្ចីចាស់ និងស្រគាល ទើបក្លាយជាទុំអាចយកមកប្រើប្រាស់ ឬអាចបន្តពូជក្នុងការដាំដុះបានតទៅមុខទៀត។ ឯស្រគាល សំដៅលើផ្លែរុក្ខជាតិទាំងឡាយ លើសពីភាពចាស់តែមិនទាន់ទុំ ដើម្បីដល់ការទុំផ្លែឈើទាំងឡាយត្រូវឆ្លងកាត់ ភាពស្រគាល ឬហៅ ថា ទុំស្ទើរៗជាមុនសិន។ ដូចនេះពាក្យថា ទុំមុនស្រគាលនេះ មានន័យថា គ្រប់ផ្លែឈើត្រូវតែលូតលាស់ ពីក្ដីបទៅផ្លែធំ ហើយចាស់បន្ទាប់មកវាទុំមិនទាន់ល្អ ដែលហៅថា ស្រគាល រួចក្លាយទៅជាទំលុះសាច់ល្អ វាមិនអាចទុំមុនស្រគាលបានទេ។
ជាការពិតណាស់ធម្មជាតិនៃរុក្ខជាតិគឺតែងតែវិវឌ្ឍន៍ទៅមុខជានិច្ចពោលគឺពីក្លិប ខ្លីទៅ ស្រគាល ហើយទើបវាទុំ ។ តែបើទុំមុនស្រគាលមានតែផ្លែឈើនោះ មានលក្ខណៈខុសប្រក្រតី ខុសរដូវកាល អាចនិយាយថា វាបាក់មែក ឬសត្វផ្សេងៗទិច ឬខាំយូរទៅ ធ្វើឲ្យវាទន់ជ្រាយ ទៅជាទុំដោយមិនពេញលក្ខណៈរបស់វាក៏ថាបាន ព្រោះវាមិនមានសភាពលក្ខណៈល្អដូចដំណើររបស់វាពីធម្មជាតិឡើយ ។ ខ្លះទៀតវាទុំដោយសារការប្រើសារជាតិផ្សេងៗ បាញ់បញ្ចូលក៏ថាបានទោះបីជា ផ្លែឈើដែលយើងឃើញថា ទុំបែបនេះក៏ពិតមែនប៉ុន្តែ វាហាក់បីដូចជាពុំមាន ឬក៏មិនមានរស់ជាតិឆ្ងាញ់នោះឡើយ ហើយក៏មិនសូវមានប្រយោជន៍ ដល់ប្រជាជនឬប្រជាកសិករ ក្នុងការប្រមូលផលយកទៅលក់នោះឡើយ ទោះបីយកផលនោះយកទៅដាំដុះ វិញទៀតក៏មិនកើតទៀត។ បើយើងធៀបមកក្នុងសង្គម មនុស្សវិញ ទុំមុនស្រគាលនេះគឺផ្តោតចំពោះត្រង់ទៅលើកូនស្រីឬបុត្រធីតាទាំងឡាយដែលហ៊ានប្រព្រឹត្តិនូវរាល់អំពើទាំងឡាយដែលខុសឆ្គង ដែលហ៊ានល្មើស និងប្រាសចាកខុសពីប្រពៃណី ទំនៀមទំលាប់ពូជសាសន៍របស់ខ្លួន ដែលរួមមាន ការលបលួចមានស្នេហា មានសង្សា មានសាហាយ ដែលកំបាំងមុខ ពីមេបាឬចាស់ព្រឹទ្ធាចារ្យ ឬដោយការមានស្នេហាមុនការរៀបពិធីអាពាហ៍ពិពាហ៍ ដែលហៅថាពិធីមង្គលការ។ អ្វីដែលពិសេសទៅទៀតនោះ ក្នុងពាក្យខាងលើ គឺសង្កត់ធ្ងន់ទៅលើស្រីក្រមុំ ដែលមានក្មេងវ័យ ត្រូវតែចេះថែរក្សាខ្លួន ចេះគ្រប់គ្រងខ្លួនឯងចេះមើលថែខ្លួនឯង កុំបណ្តោយខ្លួនប្រាណឲ្យទៅបុរសណាម្នាក់ដែល យើងមិនស្គាល់មុខ ឬស្គាល់មុខក៏ដោយ គប្បីកុំជាដាច់ខាត។ មុនពេលខាងប្រុស ចូលស្តីដណ្តឹង មុនពេលរៀបអាពាហ៍ពិពាហ៍ សុំកុំបណ្តោយតាមទង្វើរបស់ខាងប្រុសឲ្យសោះត្រូវចេះការពាកិត្តិយសខ្លួនឯងឲ្យបានប្រសិនបើបណ្តោយខ្លួន ហើយរហូតដល់មានផ្ទៃពោះ នោះវាពិតជារឿងដែលមិនល្អ ជារឿងមួយដែលប៉ះពាល់ដល់កិត្តិយសយ៉ាងខ្លាំង ជាពិសេសត្រូវបានបណ្តារញាតិរបស់ខ្លួនគេស្អប់ ខ្ពើម ជិនឆ្អន់ កេរ្តិ៍ឈ្មោះស្អុយអាសោច បញ្ច្រាស់ខ្យល់អាប់មុខ អាប់មាត់គ្រួសារ និងកិត្តិយសខ្លួនផ្ទាល់ ហើយត្រូវគេចាត់ទុកថា ជាកូនអកតញ្ញូថែមទៀតផង ។ ក្នុងសង្គមគ្រួសារខ្លះ ពេលដែលជួបប្រទះ និងកូនស្រីបែបនេះ គឺធ្វើឲ្យម៉ែឪបងប្អូនសាច់ញាតិអ្នកនៅជុំវិញខ្លួនគាត់មានសេចក្តីអស់សង្ឃឹមជាខ្លាំង ព្រោះតែត្រូវ បានបាត់បង់នៅកិត្តិយសទាំងអស់ ជួនកាលកាត់កាលកូនចោលមិនរាប់រកក៏មាន ជួនកាលទៀតក៏រកវិធីបំបែកបំបាក់ ថែមទៀតផង ។ ព្រោះរឿងនេះវាមិនមែនជារឿងដែលតូចតាចឡើយបើកាលណាជ្រុលជ្រោះមុនពេលរៀបការទៅហើយ ។
ជាក់ស្ដែងបើយើងនិយាយក្នុងអក្សរសិល្ប៍ខ្មែរវិញ រឿងភូមិតិរច្ឆាន ក៏បានឆ្លុះបញ្ចាំង ឆ្លុះបង្ហាញឲ្យឃើញពីទឹកចិត្តរបស់តួអង្គ សុវណ្ណ មកលើ នាងតន់
ដែលមិនបានប្រព្រឹត្តិអ្វីឲ្យខុសពីប្រពៃណីខ្មែរឡើយ។ ពេលដែលតន់ត្រូវគេបណ្ដេញចុះពីផ្ទះ នាងអស់ជំរកក៏ត្រឡប់មកផ្ទះសុវណ្ណវិញ។ ឯសុវណ្ណបានទទួល
នាងជាប្រពន្ធ ដោយរៀបចំសែនព្រេន បន្តិចបន្តួចតាមប្រពៃណីខ្មែរជាមុន។ ដោយមានបំរាមទុំមុនស្រគាលនេះហើយទើបសុវណ្ណមិនធ្វើអ្វីអោយខុសឆ្គង។
ចំណែកឯរឿងទុំទាវ វិញដែលនិពន្ធដោយ ព្រះភិក្ខុសោម ហើយត្រូវបានក្រសួងអប់រំយុវជនិងកីឡាបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ។
រឿងនេះបានបង្ហាញឲ្យ ឃើញថា ទុំបានប្រព្រឹត្តិអំពើខុសឆ្គង ព្រោះខ្លួនជាសង្ឃ ហ៊ានមានចិត្តស្នេហា ង៉ុបអុលទៅលើនាងទាវ និងបានលួចសឹកតែម្នាក់ឯងនៅក្បែរដំបូកដោយគ្មាននរណាដឹងទៀតផង ព្រោះតែដើម្បីចង់មកជួបនាងទាវ។ ចំណែកឯនាងទាវវិញខ្លួនជា ស្ត្រីក្រមុំ ដែលកំពុងតែឋិតក្នុងពិធីចូលម្លប់ បែរជាហ៊ានបំពារបំពានទៅលើប្រពៃណីទំនៀមទម្លាប់ មកធ្វើនូវសេចក្តីស្នេហាជាមួយទុំ ទោះជាអ្នកទាំងពីរស្រលាញ់ គ្នាប៉ុណ្ណាក៏ដោយ សេចក្តីស្នេហានេះត្រូវបានរំខានដោយយាយផាន់ដដែលព្រោះវាជារឿងខុស និងច្បាប់ស្រីជារឿងដែលខុសនិងប្រពៃណីផងនិងមួយទៀតគឺ ការមិនពេញចិត្តរបស់ម្តាយនាងគឺ យាយផាន់ផង។ ប៉ុន្តែទោះបីជាព្រះរាជាទ្រង់បានប្រទានពិធីមង្គលការដល់ទុំ និងទាវពិតមែនបានការស្របច្បាប់ហើយក្តីក៏យាយផាន់ នៅតែបំបែកបំបាក់ស្នេហានេះទាល់តែខាងបាន។ ចុងក្រោយស្នេហាទុំមុនស្រគាល មួយគូនេះត្រូវទទួលរងសេចក្តីវិនាស អន្តរាយព្រាត់ប្រាស់គ្នាទាំងអស់។
សរុបសេចក្តីមកការ ទុំមុនស្រគាល និងការធ្វើខុសឆ្គងប្រពៃណីរបស់កូនប្រុសស្រី វាមានលក្ខណៈមិនល្អ មិនសមរម្យដូចគ្នា អាចធ្វើឲ្យបាត់បង់នូកិត្តិយស ខ្លួនឯងផង និងគ្រួសារទាំងមូលផង ។
ឆ្លងតាមការបកស្រាយបញ្ជាក់ខាងលើ បានបង្ហាញថា ពាក្យចាស់បុរាណពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងល្អត្រឹមត្រូវ សម្រាប់អប់រំទូន្មានកូនប្រុសស្រីខ្មែរកូនចៅជំនាន់ក្រោយ កុំឲ្យធ្វើអ្វីផ្តេសផ្តាសឆ្គាំឆ្គង ប្រាសចាកពីច្បាប់ទម្លាប់ប្រពៃណីទំនៀមទម្លាប់ឡើយ។ ដូច្នេះក្នុងនាមខ្ញុំជាយុវជន យុវនារីជំនាន់ក្រោយ ប្តេជ្ញាចិត្តថា ខិតខំសិក្សារៀនសូត្រ សិក្សាស្វែងយល់នូវច្បាប់ផ្សេងៗ ច្បាប់បុរាណ ជាច្រើនទៀត និងជៀសវាងការមានស្នេហាក្នុងវ័យសិក្សា និងការបណ្តោយខ្លួន ឲ្យជ្រុលជ្រួស ហួសខុសពីប្រពៃណីទំនៀមទម្លាប់ឡើយ ៕
២៩ កក្កដា ២០១៩ ឯកសារដោយ៖ ម៉ៅ ម៉ារ៉ាឌី (ឬស្សីពៅ)
មតិយោបល់