ណែលសាន់ មែនដេឡា (Nelson Mendela) អតីតមេដឹកនាំការតស៊ូដើម្បីភាពស្មើគ្នារបស់ជនជាតិស្បែកខ្មៅនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយតមកបានក្លាយជាប្រធានាធិបតីរបស់ប្រទេសនោះ។ គាត់មានអាយុគ្រប់ ៩០ ឆ្នាំនៅថ្ងៃទី ៨ កក្តដា ១៩៩៨។ គាត់ជាអ្នកតស៊ូហើយនឹងជារដ្ឋបុរសដ៏សំខាន់ម្នាក់របស់ពិភពលោក ដែលធ្លាប់ត្រូវរដ្ឋាភិបាលស្បែកសរបស់ប្រទេសអាហ្វ្រិកខាងត្បូងចាប់ដាក់ពន្ធនាគារដល់ទៅ ២៧ ឆ្នាំតែក៏តស៊ូរហូតអាចផ្តួលរំលំការប្រកាន់ពណ៌សម្បុរ (apartheid) បានសម្រេចហើយបានទទួលរង្វាន់ណូបែលសាខាសន្តិភាពរួមជាមួយនឹងលោកហ្រេ្វឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក ជាប្រធានាធិបតីចុងក្រោយបង្អស់ដែលប្រើនយោបាយប្រកាន់ពណ៌សម្បុរក្នុងឆ្នាំ គ.ស. ១៩៩៣ ហើយបានឈ្នះឆ្នោតជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងនៅឆ្នាំ គ.ស. ១៩៩៤។
ក្នុងឳកាសដែលលោក ណែលសាន់ មែនដេឡា មានជន្មាយុគ្រប់ ៩០ ឆ្នាំ លោកបានបង្ហើបអាថ៌ កំបាំងកលយុទ្ធរបស់អ្នកដឹកនាំដ៏គួរឲ្យចាប់អារម្មណ៍ ៨ ប្រការគឺ
១. សេចក្តីក្លាហានមិនមែនការប្រាសចាកសេចក្តីខ្លាចនោះទេ តែជាការអូសទាញចិត្តអ្នកដទៃឲ្យ ឈានកន្លងសេចក្តីខ្លាចនេះទៅបាន។ នៅ គ.ស. ១៩៩៤ ក្នុងកំឡុងពេលឃោសនារកសម្លេងឆ្នោតជាប្រធានាធិបតី លោកណែលសាន់ មែនដេឡាកំពុងជិះយន្តហោះធនតូចដើម្បីទៅប្រាស្រ័យរកសម្លេងនៅក្រុង Natal។ តែខណៈពេលដែល ២០ នាទីទៀតយន្តហោះនឹងចុះចតនៅ ឯ ព្រលានយន្តហោះ ក៏ស្រាប់តែម៉ាស៊ីនយន្តហោះមួយគ្រឿងត្រូវបានខូចជាហេតុ ធ្វើឲ្យអ្នកដំណើរទាំងអស់ស្ថិតក្នុងសភាពតក់ស្លុតភ័យខ្លាច តែពេលពួកគេមើលទៅកាន់ លោកមែនដេឡា ក៏ធ្វើឲ្យចិត្តរបស់ពួកគេរឹងមាំឡើង ព្រោះ ឃើញគាត់កំពុងអង្គុយអានកាសែតតទៅទៀតយ៉ាងស្ងប់ស្ងាត់។ ទន្ទឹមនឹងគ្នានោះ នៅឯព្រលានយន្តហោះក៏បានត្រៀមសម្រាប់ការចុះចតបន្ទាន់រួចហើយដែរ ហើយនៅទីបំផុតអ្នកបើកយន្តហោះ ក៏អាចបញ្ជាយន្តហោះឲ្យចុះចតបានយ៉ាងសុវត្ថិភាព។
ពេលចុះចតបានហើយ លោកមែនដេឡាទើបសារភាពថា គាត់ខ្លាចខ្លាំងណាស់ក្នុងខណៈពេលដែលកើតឧបត្តិហេតុនៅលើយន្តហោះនោះ។ លោកមែនដេឡាទទួលស្គាល់ ថាគាត់បានឆ្លង កាត់ សេចក្តីភ័យខ្លាចមកជាច្រើន មិនថាក្នុងកំឡុងពេលដែលធ្វើការតស៊ូក្រោមដីជាមួយនឹងរដ្ឋាភិបាលដែលបែងចែកពណ៌សម្បុរ រឺក្នុងកំឡុងពេលតស៊ូរឿងក្តី Rivonia ដែលធ្វើឲ្យគាត់ត្រូវជាប់គុកនៅកោះ Robben។ គាត់សារភាពថា គាត់មិនអាចកុហក់ខ្លួនឯងបានថាមិនខ្លាច ហើយអាចយកឈ្នះឧបសគ្គផ្សេងៗ បានទាំងអស់ តែភាពជាមេដឹកនាំវាចាំបាច់ដែលត្រូវរក្សាកិរិយាការសម្តែងចេញមកថាមិនខ្លាចអ្វីទើបអាចនាំអ្នកដទៃបាន។ គាត់ដឹងយ៉ាងច្បាស់ថា ខ្លួនគាត់ជាគំរូរបស់អ្នកដទៃ ហើយរឿងនេះវាក៏ជាកម្លាំងចិត្តសំខាន់ដែលធ្វើឲ្យគាត់អាចយកឈ្នះសេចក្តីខ្លាចបាន។
២. ការនាំត្រូវនាំពីខាងមុខ ហើយត្រូវមិនបោះបង់គ្រឹះដែលគាំទ្រទុកចោលនៅខាងក្រោយនោះទេ។ អស់កាលជាយូរតាំងពីពេលដែលគាត់បានចាប់ផ្តើមតស៊ូមក គឺគាត់ប្រើភាពរឹងទទឹងរហូត ដោយរើសយកវិធីតស៊ូជាមួយនឹងរដ្ឋាភិបាលដែលប្រកាន់ពណ៌សម្បុរដោយការប្រើអាវុធ។ តែក៏នឹកមិនដល់ថា នៅ គ.ស. ១៩៨៥ ក្នុងខណៈពេលដែលគាត់កំពុងជាប់គុកនៅឯកោះ Robben ក៏ស្រាប់តែគាត់ប្រកាស់ថា នឹងចាប់ផ្តើមបែរមកប្រើការចរចាជំនួសវិញ ធ្វើឲ្យពួកកូនចៅព្រមទាំងក្រុមអ្នកគាំទ្រគិតថាគាត់អស់កម្លាំងចិត្តស៊ូតទៅទៀតហើយ តែនៅទីបំផុតគាត់ក៏ព្យាយាមចង្អុលបង្ហាញឲ្យពួកអ្នកគាំ ទ្រទាំងអស់បានយល់ ហើយធ្វើឲ្យពួកគេគ្រប់គ្នាជឿជាក់ថាដល់ពេលហើយដែលត្រូវផ្លាស់ប្តូរយុទ្ធវិធីមកប្រើការចរចាវិញ។
សម្រាប់គាត់ហើយនោះ គោលបំណងធំរឺគោលការសំខាន់ក្នុងការតស៊ូគ្មានការផ្លាស់ប្តូរឡើយ នោះក៏គឺ ការផ្តួលរំលំរបបប្រកាន់ពណ៌សម្បុរ និង ធ្វើឲ្យជនស្បែកខ្មៅមានសិទ្ធិមានសម្លេងស្មើគ្នា ជាមួយនឹងមនុស្សស្បែកស ចំណែកការចរចា រឺ ការតស៊ូដោយអាវុធចាត់ទុកថាគ្រាន់តែជាកលយុទ្ធប៉ុណ្ណោះ មិនមែនជាគោលការឡើយ។ លោក Cyril Ramaphosa អតីតលេខាធិការបក្ស African National Congress រឺ ANC ដែលបានក្លាយជាបក្សរដ្ឋាភិបាលរឿយមកក្រោយពេលផ្តួលរំលំរបបប្រកាន់ពណ៌សម្បុរបានហើយនោះបានពោលថា លោកមែនដេឡាជាមនុស្សដែលជឿ លើប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រនៅខាងគាត់។ គាត់គិតបានឆ្ងាយជាងអ្នកដទៃ ដោយមើលទៅខាងមុខរាប់សិបឆ្នាំមិនមែនមើលត្រឹមតែមួយអាទិត្យពីររឺមួយខែប៉ុណ្ណោះទេ ហើយគាត់ជឿជាក់ផងដែរថាតទៅក្នុងអនាគត មនុស្សម្នាទូរទៅនឹងគិតដល់រឿងដែលគាត់បានធ្វើទុកដូចម្តេចខ្លះ។ គាត់ជា មនុស្សមានទស្សនវិស័យវែងឆ្ងាយជានិច្ចហើយដឹងថាលទ្ធផលនឹងក្លាយទៅជាយ៉ាងណាតទៅ។ គាត់ចូលចិត្តនិយាយជាប្រចាំថា “គ្រប់យ៉ាងនឹងល្អប្រសើរឡើងខ្លួនឯងក្នុងរយៈពេលវែង”។
៣. នាំពីខាងក្រោយ ហើយធ្វើឲ្យអ្នកដទៃជឿថាពួកគេនៅខាងមុខ រឺនិយាយមួយបែបទៀត ក៏គឺការធ្វើអ្វីម្យ៉ាងនោះ គួរប្រើវិធីបញ្ចុះបញ្ចូលអូសទាញចិត្តឲ្យមនុស្សធ្វើ ទន្ទឹមនឹងគ្នានោះដែរក៏គួរធ្វើឲ្យបុគ្គលនោះ គិតថាវាជាគំនិតរបស់គេផ្ទាល់ផងដែរ។ កាលនៅវ័យក្មេង លោកមែនដេឡាបានទទួលឥទ្ធិពលជាច្រើនពី Jongintaba ក្សត្រមេកុលសម្ព័ន្ធដែលបានចិញ្ចឹមគាត់តាំងពីតូចមក។ ក្នុងពេលប្រឹក្សារាជការ Jongintaba តែងឲ្យអ្នកដែលចូលរួមប្រជុំអង្គុយជាវង់មូល ហើយគាត់ឲ្យអ្នកទាំងអស់នោះនិយាយជជែកគ្នាឲ្យអស់រឿងរ៉ាវជាមុនសិន រួចហើយទើបគាត់ចាប់ផ្តើមនិយាយ។ លោកមែនដេឡាយល់ឃើញថាវិធីនេះនឹងជួយឲ្យអាចរកឆន្ទាមតិបានងាយ ហើយមិនគួរចូលរួមជជែកឆាប់ហួសពេក។ តមកលោកមែនដេឡាខ្លួនឯង ក៏ជ្រើសរើសយកវិធីនេះមកប្រើ ផងដែរគឺ គាត់បណ្តោយឲ្យលោក Ramaphosa រឹលោក Thabo Mbeki ដែលជា ប្រធានាធិបតី បច្ចុប្បន្នរបស់អាហ្រ្វិកខាងត្បូងហើយនឹងមេដឹកនាំផ្សេងៗ ទៀតជជែកគ្នា រហូត បែកផ្សែង ពេលពួកគេជជែករួចរាល់ហើយ បន្ទាប់មកលោកមែនដេឡា ទើបចាប់ផ្តើម និយាយ យឺតៗ សរុបមតិរបស់ទីប្រជុំដែលបាននិយាយគ្នាថ្មីៗ ក្តៅៗ នោះ រួចហើយទើបចាប់ផ្តើមបញ្ចេញ មតិការយល់ឃើញរបស់ខ្លួនដោយហេតុដោយផល និងប្រព្រឹត្តទៅក្នុងមធ្យោបាយ ដែលមិនបានបង្គាប់ឲ្យអ្នកដទៃទទួលយកមតិរបស់ខ្លួនឡើយ ហើយដែលភាគច្រើន គឺគាត់តែងអាចបញ្ចុះ បញ្ចូល ឲ្យអ្នកដទៃយល់ស្របនឹងមតិរបស់ខ្លួនបានសម្រេច។
៤.ស្គាល់សត្រូវរបស់ខ្លួនហើយនឹងគួរដឹងផងដែរថាគេចូលចិត្តកីឡាអ្វី។ តាំងពីអាយុ ៤០ ជាងលោកមែនដេឡាបានរៀនភាសា Afrikaans ដែលជាភាសារបស់មនុស្សស្បែកសនៅអាហ្វ្រិកខាងត្បូង ព្រោះគាត់ត្រូវការចង់ដឹងថា មនុស្សស្បែកសទាំងនេះមានគំនិតនិងការគិតបែបណាខ្លះ។ គាត់ដឹងថាថ្ងៃណាមួយ គាត់នឹងត្រូវតស៊ូរឺចរចាជាមួយមនុស្សពួកនេះ ដែលធ្វើឲ្យគាត់យល់ដឹងនូវចំនុចអន់ និង ចំនុចខ្លាំងរួមទាំងប្រវត្តិសាស្រ្តការប្រព្រឹត្តទៅព្រមទាំងការស្រលាញ់កីឡា Rugby របស់ពួកមនុស្សស្បែកសនៅ អាហ្វ្រិខាងត្បូងយ៉ាងជាក់ច្បាស់ ដែលជាហេតុធ្វើឲ្យគាត់អាចត្រៀមផែនការចរចាបានសម្រេច។
រឿងសំខាន់ម្យ៉ាងទៀត ដែលគាត់សិក្សាបានក៏គឺ តាមការពិតហើយនោះរដ្ឋាភិបាលអង់គ្លេស ហើយនឹងអ្នកដែលចំណូលថ្មីជនជាតិអង់គ្លេសក៏ហាក់មានអារម្មណ៍មើលងាយ មនុស្សស្បែកសដែលជាម្ចាស់តំបន់ផងដែរ ព្រោះហេតុដូច្នេះហើយមនុស្សស្បែកសនៅអាហ្វ្រិខាងត្បូងទើបមានអារម្មណ៍អាក់អន់ស្រពន់ចិត្តមិនខុសពីមនុស្សស្បែកខ្មៅឡើយ។
៥. រក្សាភាពជិតស្និទ្ធជាមួយមនុស្សជាមិត្តទុក ទន្ទឹមជាមួយគ្នានេះក៏គួរជិតស្និទ្ធជាមួយគូប្រណាំង ប្រជែងឲ្យបានច្រើនជាងផងដែរ។ លោកមែនដេឡាជាមនុស្សមានមន្តស្នេហ៍ហើយជាច្រើនលើកច្រើនគ្រាដែលគាត់តែងប្រើមន្តស្នេហ៍ដូចពោលមកនេះជាមួយគូប្រជែង រឺ សត្រូវរបស់គាត់បានផលយ៉ាងល្អទៀតផង។ គាត់តែងឆ្លៀតឳកាសទូរស័ព្ទទៅជូនពរថ្ងៃខួបកំណើតរឺទៅចូលរួមបុណ្យសពក្រុមគ្រួសារដែលគ្មានបំណងល្អជាមួយនឹងគាត់ជានិច្ច។ ពេលគាត់ចេញពីគុកហើយ គាត់ក៏នៅចងមិត្តជាមួយពួកអ្នកយាមក្នុងគុក ហើយថែមទាំងតែងតាំងអ្នកដែលមានចំណែកក្នុងការបញ្ជូនគាត់ចូលគុកនោះ ឲ្យមកធ្វើជារដ្ឋមន្ត្រីក្នុងជួររាជការឈុតដំបូងរបស់គាត់ទៀតផង។ លោកមែនដេឡាជឿថាការធ្វើល្អជាមួយគូប្រជែងនឹងជួយឲ្យគាត់អាចគ្រប់គ្រងបុគ្គលទាំងអស់នេះបានដោយងាយជាងការធ្វើផ្ទុយពីនេះ។ ពិតប្រាកដណាស់គាត់ចូលចិត្តមនុស្សដែលស្មោះត្រង់ តែគាត់ក៏យល់យ៉ាងជាក់ច្បាស់ផងដែរថា ធម្មជាតិរបស់មនុស្សរមែងធ្វើនូវរឿងដែលជាប្រយោជន៍ ចំពោះខ្លួនឯងជាសំខាន់ តែវាក៏ជារឿងដែលល្អជាងនោះទៅទៀតបើគាត់ធ្វើល្អជាមួយបុគ្គលទាំងអស់នេះទុក។
៦. អាកប្បកិរិយានិងការតែងខ្លួនជារឿងសំខាន់ ហើយគប្បីចងចាំថាត្រូវញញឹមជានិច្ច។ លោកមែនដេឡា គឺជាមនុស្សដែលយកចិត្តទុកដាក់លើការតែងខ្លួន ហើយនឹងការរក្សាបុគ្គលិក លក្ខណៈរបស់គាត់ខ្លាំងណាស់។ តាមពិតគាត់មានប្រៀបស្រេចទៅហើយ ព្រោះគាត់ មានរូបរាង្គ ខ្ពស់ស្រឡះ មុខមាត់ល្អ ហើយនឹងមានបុគ្គលិកលក្ខណៈរបស់កូនមេដឹកនាំកុលសម្ព័ន្ធស្រាប់។ ក្នុងពេលដែលលោក Walter Sisulu អតីតមេដឹកនាំម្នាក់របស់ ANC បានជួបលោកមែនដេឡាលើកដំបូងក្នុងខណៈដែលគាត់កំពុងសិក្សានៅសាលាច្បាប់នៅឡើយនោះ គាត់ក៏ដឹងភ្លាមថាខ្លួនគាត់បានជួបមនុស្សដែលនឹងមកដឹកនាំមហាជនរបស់ ANC ដើម្បីតស៊ូជាមួយរដ្ឋាភិបាលប្រកាន់ពណ៌សម្បុរនោះ ហើយ។
លោកមែនដេឡាតែងដឹងច្បាស់នូវសារៈសំខាន់ក្នុងការប្រាកដខ្លួនចំពោះមុខមហាជន។ អ្នកខ្លះបានពោលថាគាត់ជាមនុស្សស្បែកខ្មៅដំបូងៗ គេដែលទៅកាត់ឈុតស៊ូត (suit) បែបវាស់ខ្លួន ក្រៅពីនោះគាត់ជ្រាបទៀតថាគាត់មានស្នេហ៍ក្នុងការញញឹម។ រូបឃោសនាក្នុងការរកសម្លេងជា ប្រធានាធិបតីគឺជារូបដែលតែងមានស្នាមញញឹមរបស់គាត់ជានិច្ច ព្រោះគាត់ជ្រាបថាសម្រាប់ជនជាតិស្បែកស ស្នាមញញឹមរបស់គេសម្តែងឲ្យឃើញភាពមានចិត្តទូលាយដែលមិនបានគិតដល់ការចងពៀរវេរា ហើយមានការយល់ចិត្តយល់ថ្លើមមនុស្សស្បែកសទៀតផង ចំណែកសម្រាប់ជនស្បែកខ្មៅខ្លួនឯងវិញ ស្នាមញញឹមរបស់គាត់បញ្ជាក់ប្រាប់នូវភាពជាអ្នកតស៊ូដែលនឹងទទួលជោគជ័យនៅទីបំផុត។
៧. គ្មានអ្វីខ្មៅរឺសសុទ្ធសាធនោះទេ។ លោកមែនដេឡាធ្លាប់ត្រូវបានគេសួរថា ការដែលគាត់ប្តូរកលយុទ្ធពីការ តស៊ូដោយអាវុធមកជាការចរចាវិញនោះ ព្រោះគាត់ឃើញថាគ្មានផ្លូវអាចផ្តួលរំលំរដ្ឋាភិបាលដោយអាវុធបាន រឺព្រោះគាត់ឃើញថាប្រជាមតិពិភពលោកនឹងជួយឲ្យគាត់យកឈ្នះបាន? ចម្លើយរបស់គាត់គឺ “ពីព្រោះទាំងពីរយ៉ាងបានទេ?” គាត់ជឿថាគ្រប់រឿងរ៉ាវមិនមែនដូចដែលយើងមើលឃើញជានិច្ចនោះទេ បញ្ហាធំនីមួយៗ តែងមានមូលហេតុដ៏ច្របូលច្របល់ ដូចជា បញ្ហានយោបាយប្រកាន់ពណ៌សម្បុរនេះ វាគឺជាបញ្ហាប្រវត្តិសាស្រ្ត សង្គម ហើយនឹងចិត្តវិទ្យាទៅព្រមៗ គ្នាដូច្នេះ ក្នុងគំនិតរបស់គាត់ទើបមានតែសំនួរថា នៅទីបំផុតហើយនោះលទ្ធផលនឹងទៅជាបែបណា ហើយនឹងធ្វើដូចម្តេចឲ្យបានលទ្ធផលនោះមកដោយមធ្យោបាយដែលសក្តិសមល្អបំផុត។
៨. ការព្រមចុះចាញ់ ហើយនឹងការលាងដៃពីអំណាច ក៏ជាលក្ខណៈរបស់អ្នកដឹកនាំល្អផងដែរ។ នៅ គ.ស. ១៩៩៣ លោកមែនដេឡា បានព្យាយាមបង្កើតនយោបាយថ្មីមួយ ដើម្បីកាត់បន្ថយអាយុអ្នកដែលមានសិទ្ធិបោះឆ្នោត ឲ្យនៅសល់ត្រឹម ១៤ ឆ្នាំ (នៅឥណ្ឌូនេស៊ី គុយបា អ៊ីរ៉ាន កូរ៉េ ខាងជើងនិង និការាកួ [Nicaragua] អ្នកមានសិទ្ធបោះឆ្នោតអាចមានអាយុតិចជាង ១៨ ឆ្នាំបាន)។ ពេលនោះគាត់បាន ព្យាយាម រកសម្លេងឆ្នោតជាមួយបក្សហើយនឹងប្រជាជនទូរទៅយ៉ាងដុតដៃដុតជើង តែក៏មិនបានទទួលជោគជ័យ បើទោះបីដូច្នោះក្តី គាត់ក៏ព្រមទទួលយកភាពបរាជ័យនោះដោយសុទ្ធិចិត្ត។
ក្នុងឳកាសមួយទៀតនោះគឺ នៅពេលដែលគាត់បានឈ្នះឆ្នោតជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងនៅ គ.ស. ១៩៩៤ ហើយនោះ គាត់បានជាទីពេញនិយមរបស់ប្រជាជនយ៉ាងខ្លាំង ហើយគេបានស្នើឲ្យគាត់ធ្វើជាប្រធានាធិបតីរហូតអស់មួយជីវិត តែគាត់ក៏បានបដិសេធ ព្រោះគាត់ត្រូវការធ្វើជាគំរូជាបែបយ៉ាងដ៏ល្អសម្រាប់អ្នកដឹកនាំប្រទេសអាហ្វ្រិខាងត្បូងផ្សេងៗ ទៀត។
មតិយោបល់