ការធ្វើចិត្តឱ្យរវល់ត្រឹមតែ២០នាទី ក្នុងគំនិតវិជ្ជមានក្រោយពេលក្រោកពីដំណេក ជួយខួរក្បាលអ្នកធ្វើការបានល្អពេញមួយថ្ងៃ។ទៅជាអ្នកក្រោកពីដំណេកនៅម៉ោង៥ ឬម៉ោង៣ព្រឹក ក៏ពេលវេលា២០នាទីដំបូងរបស់អ្នកអាចធ្វើឱ្យអ្នកជោគជ័យបានដែរប្រសិនបើអ្នកយកពេល២០នាទីនោះទៅអនុវត្តទម្លាប់ទាំង៦នេះ៖
១/ កុំចុចបិទសំឡេងនាឡិការោទិ៍
កុំចុចបិទនាឡិការោទិ៍ របស់អ្នកព្រោះវាកំពុងតែប្រាប់ខួរក្បាលរបស់អ្នកថា គ្មានបញ្ហាអ្វីទេ ក្នុងការ តម្អែតម្អង់បន្តិចទៀតនៅលើគ្រែ។
២/ រៀបចំកន្លែងគេង
បន្ទប់គេងរបស់អ្នកនឹងមើលទៅមានសណ្តាប់ធ្នាប់ ហើយស្អាតជានិច្ច។ ពេលឃើញបន្ទប់គេងស្អាតទាំងព្រឹកបែបនេះ វាធ្វើឱ្យចិត្តរបស់អ្នកចង់ធ្វើការផ្សេងទៀតភ្លាម។ វាជាជោគជ័យតូចតាចទេ ប៉ុន្តែអ្នកអាចបង្កើតជោគជ័យធំផ្សេងទៀតលើមូលដ្ឋានវិជ្ជមាននេះបាន។
៣/ បិទភ្នែកស្រមៃដល់ជីវិតដែលអ្នកចង់បាន
ចំណុចមួយនេះប្រហែលជារឿងល្អបំផុតដែលអ្នកអាចធ្វើបាន គឺការនឹកស្រមៃដល់ជីវិតរបស់អ្នក។តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត នៅពេលអ្នកបានសម្រេចគោលដៅក្នុងការបង្កើតពាណិជ្ជកម្មរបស់អ្នក? តើទំនាក់ទំនងរបស់អ្នកនឹងទៅជាយ៉ាងណា? ការផ្តោតចិត្តគិតដល់របៀបដែលអ្នកចង់បានក្នុងពេលអនាគត ហើយនឹករករបៀបដែលអ្នកអាចធ្វើឱ្យវាក្លាយទៅជាការពិតបាន នឹងធ្វើឱ្យខួរក្បាលរបស់អ្នករុញច្រានទៅរកសកម្មភាពនាំទៅរកការពិតជាក់ជាមិនខាន។
៤/ មើលវីដេអូលើកទឹកចិត្ត
នៅពេលអ្នកក្រោកពីដំណេក កុំបណ្តោយឱ្យបញ្ហាតានតឹងប្រចាំថ្ងៃរាំងស្ទះដល់ដំណើរជីវិតរបស់អ្នក។ ប្រសិនបើអ្នកមានកម្លាំងចិត្តរឹងមាំ អ្នកនឹងដឹងថាអ្នកត្រូវទៅឱ្យដល់គោលដៅ ទោះជាមានឧបសគ្គអ្វីក៏ដោយ។ ស្នាដៃធំមិនងាយនឹងសម្រេចបានទេ។ ក្រោយពីចំណាយពេលនឹកគិតស្រមៃដល់ជីវិតដែលអ្នកចង់បានហើយ អ្នកគួរតែកំណត់ពេលខ្លះដើម្បីមើលវីដេអូលើកទឹកចិត្តដែលអាចជួយផ្សារភ្ជាប់បំណងរបស់អ្នកទៅនឹងជំហ៊ានដែលត្រូវដើរ។
៥/ រំលឹកការតាំងចិត្តរបស់អ្នក
ការប្រាថ្នាសាមញ្ញៗដូចជាការតាំងចិត្តថាខ្ញុំនឹងធ្វើឱ្យថ្ងៃនេះក្លាយជាថ្ងៃដែលល្អបំផុតក្នុងជីវិតរស់អ្នកខ្ញុំ អាចមានឥទ្ធិពលយ៉ាងធំលើជីវិតរបស់អ្នក។យ៉ាងហោចណាស់អ្នកដឹងថាវិធីសាស្រ្តមួយនេះមានប្រសិទ្ធភាពចំពោះលោកSteve Jobs។ដំបូងអ្នកត្រូវប្រមូលការតាំងចិត្តរបស់អ្នកដែលស្របគ្នានឹងជំនឿចិត្តនិងការឱ្យតម្លៃ របស់អ្នក។បន្ទាប់មកអ្នកត្រូវរំលឹកការតាំងចិត្តទាំងនោះដោយថាឱ្យឮៗរាល់ពេលព្រឹក។
៦/ រក្សាសៀវភៅកំណត់ត្រាផ្លូវចិត្ត
ការរក្សាសៀវភៅកំណត់ត្រាផ្លូវចិត្តជាវិធីមួយ ដើម្បីធ្វើឱ្យចិត្តរបស់អ្នក ផ្តោតលើគោលដៅដែលបានកំណត់។ អ្នកអាចប្រើប្រាស់សៀវភៅ កំណត់ត្រានោះដើម្បី សរសេរពាក្យពេចន៍នៃការតាំងចិត្តរបស់អ្នករាល់ថ្ងៃ ពង្រីកការគិតវិជ្ជមាន និងរៀបចំផែនការណ៍ប្រចាំថ្ងៃតាមរយៈការសរសេរលើទំព័រសម្រាប់ពេលព្រឹក។ ក្នុងពេលសរសេរលើសៀវភៅកំណត់ត្រាផ្លូវចិត្តនេះ អ្នកត្រូវជម្រះចិត្តឱ្យស្រឡះពីគំនិតរំខានទាំងអស់។
មតិយោបល់