ធនធានមនុស្ស ជាមនុស្សពេញបរិបូណ៌ដោយចំណេះដឹង និង ការបណ្ដុះបណ្ដាល ជាប្រភពថាមពលសម្រាប់កសាងជាតិ។
អភិវឌ្ឍន៍ ជាការប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះ ប្រទេសមួយរីកចម្រើនទៅបាន អាស្រ័យដោយមានការអប់រំ ព្រោះការអប់រំ ជាការកសាងធនធានមនុស្ស ដែលទាមទារគំនិតអប់រំ៤យ៉ាងគឺ៖
- ការបណ្ដុះបណ្ដាលបញ្ញាស្មារតី៖ ទាក់ទងនឹងការត្រិះរិះពិចារណារកហេតុផល គួបផ្សំនឹងសីលធម៌សង្គម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល (ចំណេះដឹងទូលំទូលាយ បច្ចេកទេសវិទ្យសាស្ត្រទំនើប ចំណេះធ្វើ បទពិសោធន៍សិក្សាស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លាសវៃ)។
- ការបណ្ដុះបណ្ដាលផ្លូវចិត្ត និង គំនិត៖ ឆន្ទៈមុះមុត អង់អាចក្លាហាន ចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្ម មានស្មារតីសាមគ្គីជាតិ អហិង្សា ចេះយោគយល់ ស្រឡាញ់ការពារអត្តសញ្ញាណជាតិ។
- ការបណ្ដុះបណ្ដាលទេពកោសល្យ និង ស្នាដៃ៖ ចេះធ្វើសកម្មភាពមានប្រយោជន៍ ក្នុងការកសាងសង្គមជាតិ ដោយមិនប្រកាន់វណ្ណៈ ឋានៈ ពណ៌សម្បុរ នយោបាយ ជំនឿសាសនា…។
- ការបណ្ដុះបណ្ដាលកាយសម្បទារ សុខភាព និង អនាម័យ៖ ចេះថែទាំសុខភាពឲ្យល្អមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយប្រកាន់ទស្សនៈ ហូនស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ៕