• Please Introductions yourself for the first time Read our policy Read how to user our forum

គេនិយាយថា « សម្បត្តិវប្បធម៌ខ្មែរ ពុំគ្រាន់តែជាបេតិកណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកណ្ឌរបស់ពិភពលោក ទាំងមូលទៀតផង » ។ ចូរពន្យល់អោយបានក្បោះក្បាយ ។

ប្រធានៈគេនិយាយថា « សម្បត្តិវប្បធម៌ខ្មែរ ពុំគ្រាន់តែជាបេតិកណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកណ្ឌរបស់ពិភពលោក ទាំងមូលទៀតផង » ។ ចូរពន្យល់អោយបានក្បោះក្បាយ ។​


សេចក្តីអធិប្បាយ

ជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទីលើសកលលោកត្រង់ខ្មែរមានសម្បត្តិវប្បធម៌ច្រើនសំបូរបែបពាសពេញផ្ទៃប្រទេស វាជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននៃជនជាតិខ្មែរ និងមនុស្សជាតិទាំងសកល ។ ក្នុងន័យខាងលើនេះមានទស្សនៈមួយលើកឡើងថា « សម្បត្តិវប្បធម៌ខ្មែរ ពុំគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកភណ្ឌ របស់ពិភពលោកទាំងមូលទៀតផង » ។

តើទស្សនៈខាងលើនេះមានអត្ថន័យដូចម្តេច ?

ដើម្បីធ្វើការបកស្រាយនូវទស្សនៈ របស់ប្រធានខាងលើ យើងគប្បីស្វែងយល់ន័យរបស់ពាក្យសម្បត្តិកវប្បធម៌ខ្មែរនិងបេតិកភណ្ឌជាមុនសិន ។ សម្បត្តិវប្បធម៌ខ្មែរគឺ សំដៅទៅលើ សម្បត្តិ ដែលកើតឡើងដោយបុព្វបុរសខ្មែរ ។ឯ បេតិកភណ្ឌគឹជាសម្បត្តិបន្សល់ពីដូនតា មានតំលៃវិសេសវិសាលតំណាងអោយប្រទេសជាតិនីមួយៗ ។តាមន័យខាងលើទស្សនៈរបស់ប្រធានចង់បញ្ជាក់មពីសម្បត្តិដ៏ប្រសើរនានា ដែលជាស្នាដៃដ៏ពិសិដ្ឋដែលជូនដូនតា ខ្មែរបានបន្សល់ទុកមកបានបង្កើតផ្តល់គុណតម្លៃដល់ខ្មែរដែលជាម្ចាស់ស្រុកផងហើយក៏ជាសម្បត្តិនៃមនុស្សជាតិទូទាំងពិភពលោកផងដែរ ។

ជាការពិតណាស់ថាសម្បត្តិវប្បធម៌ខ្មែរ ជាបេតិកភណ្ឌនៃជាតិខ្មែរពិតប្រាកដព្រោះថាខ្មែរជាប្រទេសមានសម្បត្តិដ៏ច្រើនស្អេកស្កះជាស្នាដៃដ៏ពិសិដ្ឋនៃបុព្វបុរសរបស់ខ្លួនមានប្រាង្គប្រាសាទរាប់ពាន់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រក៏មានសិល្បៈតន្រ្តីកច្រើនប្រភេទដូចជាពិណពាទ្យ ភ្លេងការ ភ្លេងខ្លងខែក ឆៃយុំា សិល្បៈសៀក របាំល្ខោន ។ល។ ក្នុងនោះដែរខ្មែរមានសំណង់បូជនីដ្ឋានជាច្រើនកន្លែងស្រប ទៅតាមក្បូនខ្នាតត្រឹមត្រូវនិងបម្រើដល់ប្រពៃណីទំនៀមទម្លាប់ការរស់នៅរបស់ខ្លួន ។ សម្បត្តិទាំងអស់នោះស្ថិតលើទឹកដីខ្មែរពោរពេញច្បាប់ ខ្មែរជាអ្នកាន់កាប់ការគ្រប់គ្រងថែរក្សាក្នុងខេត្ត ស្រុក ភូមិ ខ្មែរ ហើយខ្មែរចេះចាំសំដែងផ្សព្វផ្សាយនិងមានស្ថិរភាពនៅលើទឹកដីខ្មែរតាំងពីបុរាណកាលមក ។ ខ្មែរជាអ្នកកសាងបង្កើតដោយគំនិតច្នៃប្រឌិត តស៊ូព្យាយាម ស្រាវជ្រាវ ចំណាយធនធាន កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីទំម្រាំតែកើតរូបរាងល្អប្រណីត ពិរោះ រណ្តំមានទឹកដម ស្របទៅតាមជំនឿ និងចំណងចំណូលចិត្តខ្មែរដែលពេញនិយម ។ សម្បត្តិវប្បធម៌ខ្មែរតែវាជាបេតិកភណ្ឌពិភពលោកគឺអាស្រ័យដោយសម្បត្តិ ទាំងអស់នេះអាចអោយបរទេសមកទស្សនា ស្តាប់កំសាន្ត តាមចិត្តប្រាថ្នា ដោយចំណាយ ធនធានស្របទៅតាមទីកន្លែងដែលខ្លួនចង់ឃើញចង់ឮ ។ ម្យ៉ាងវិញទៀតសកលលោក អាចយកស្នាដៃទាំងនេះ មកសិក្សាស្រាវជ្រាវរៀនសូត្របន្តដោយសេរីដើម្បីបង្កើនសមត្ថភាពផ្សេងៗពីជាតិសាសន៍ខ្មែរដែលជាកោសិកាមួយនៃពិភពលោករួចបន្តផ្សព្វផ្សាយអោយជាតិសាសន៍ដទៃបានស្គាល់ខ្មែរកាន់តែច្បាស់ឡើង ។ សម្បត្តិបេតិកមភណ្ឌខ្មែរបានលើកតំលៃមនុស្សខ្មែរនិងរួមចំណែកលើកតម្លៃមនុស្សជាតិទាំងមូលស្ថាបនា ប្រវត្តិសាស្រ្តមនុស្សជាតិ កាន់តែខ្ពង់ខ្ពស់សក្តិសម ជាមនុស្សប្រកបដោយបញ្ញាញាណគំនិតស្មារតី និងច្នៃប្រឌិត ។ លើសពីនេះទៀត ដោយសារតែសម្បត្តិបេតិកភណ្ឌខ្មែរនេះទើងធ្វើអោយគេស្គាល់សង្គមសាស្រ្តវប្បធម៌ខ្មែរការវិវត្តន៍នៃសង្គមខ្មែរស្គាល់ពូជពង្ស កំណើតភាសាអក្សរ និងទេពកោសល្យខ្មែរជាសក្ខីភាព នៃសម្បត្តិវប្បធម៌ខ្មែរនេះហើយ ទើបអង្គការបេតិកភណ្ឌពិភពលោកយូណេស្កូបានដាក់បញ្ចូលប្រាសាទអង្គវត្តរបស់ខ្មែរជាសម្បត្តិពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ របាំព្រះរាជទ្រព្យ នៅថ្ងៃទៅ០៧ វិច្ឆិកា ២០០៣ ល្ខោនស្បែកធំនៅ ថ្ងៃទី ២២ វិច្ឆិកា ២០០៥ និងចុងក្រោយគឺប្រាសាទព្រះវិហារនៅថ្ងៃទី ០៧ កក្កដា ២០០៨ កន្លងទៅនេះ ។ ដោយសារច្បាស់ពីតួនាទៅសម្បត្តិវប្បធម៌ជាផ្នែកមួយ នៃបេតិកភណ្ឌពិភពលោកបានជាតាំងពីដើមរៀងមក បច្ចុប្បន្នអង្គការយូណេស្កូបានចាត់ វិធានការអំពាវនាវដល់ប្រទេសនានាលើសកលលោកអោយជួយសង្គ្រោះប្រាសាទបុរាណខ្មែរទាំងអស់នៅតំបន់អង្គរ និងពីសេសប្រាសាទអង្គវត្តដែលទទួលរង់គ្រោះពីគ្រោះធម្មជាតិ និងកត្តាផ្សេងៗទៀត ។

សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរជាបេតិកភណ្ឌខ្មែរផងនិងជាបេតិកភណ្ឌពិភពលោកផង។ខ្មែរជាអ្នកដែលបានកសាងពិតប្រាកដមែន តែខ្មែរជាផ្នែកមួយនៃពិភពលោក ដូចនេះបេតិកភណ្ធខ្មែរក៏ចាត់ទុកជាបេតិកភណ្ឌពិភពលោកដែរ ៕

ឆ្លងតាមការបកស្រាយខាងលើយើងអាចវាយតម្លៃបានថា សម្បត្តិវប្បធម៌ខ្មែរជាសម្បត្តិដ៏មានតម្លៃខ្ពង់ខ្ពស់បំផុតដែលបានលើកស្ទួយជាតិខ្មែរអោយមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ។ ដូចនេះយើងកូនចៅខ្មែរជំនាន់ក្រោយ ត្រូវបន្តសហការការពារ សម្បត្តិដ៏មានតម្លៃទាំងនេះអោយស្ថិតគង់វង្សជាអមតៈសំរាប់មនុស្សជាតិទាំងអស់គ្នា ។
 
Top